ភ្នំពេញ ៖ ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅដល់អធិការខណ្ឌទាំង១២ ចំណុះឲ្យរាជធានីភ្នំពេញថា ចាប់ពីពេលនេះតទៅ សមត្ថកិច្ចគ្រប់បណ្តាអធិការខណ្ឌ និងតាមបណ្តាប៉ុស្តិ៍នានា នៅទូទាំងរាជធានី ហាមដាច់ខាតមិនអនុញ្ញាត ឲ្យអ្នកសារព័ត៌មាន ចូលទៅថតឬឡាយវីដេអូ មានបណ្តាញសង្គម ដល់ក្នុងអធិការខណ្ឌការិយាល័យ ឬប៉ុស្តិ៍នគរបាលទៀតទេ ព្រោះបានបង្កឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ជនល្មើស ដែលតុលាការមិនទាន់កាត់ក្តីសម្រេចផ្តន្ទាទោស។
នេះបើយោងតាមប្រសាសន៍របស់លោកនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានដាក់បទបញ្ជាតាមបណ្តាញសង្គមវ៉ាត់អាប់(whatsapp) ទៅដល់អធិការគ្រប់ខណ្ឌទាំង១២ កាលពីព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨នេះថា “ខ្ញុំបានតាមដានព័ត៌មាន តាមបណ្តាញព័ត៌មានសង្គមហ្វេសប៊ុក ខ្ញុំបានជូនជាយោបល់មួយ ដូចជាករណីជាក់ស្តែង នៅខណ្ឌច្បារអំពៅ ។ ខ្ញុំបានពិនិត្យឃើញថា មានការអនុញ្ញាតឲ្យក្រុមឡាយវីដេអូហ្វេសប៊ុកចូលសួរព័ត៌មាន ហើយនឹងឡាយវីដេអូក្នុងបណ្តាញព័ត៌មានសង្គមជាមួយជនល្មើស ដែលអធិការខណ្ឌបានចាប់ឃាត់ខ្លួនបាន ។ ខ្ញុំគិតថានេះជាប្រការមិនត្រឹមត្រូវទេ គួរលោកអធិការខណ្ឌ គួរពិនិត្យលើការងារជំនាញរបស់យើងឡើងវិញ ហើយជាពិសេសជនសង្ស័យដែលយើងទើបតែនឹងឃាត់ខ្លួនបាននោះ មិនទាន់ក្លាយទៅជាទណ្ឌិតទេ ។ ដូច្នេះកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គេមាន ។ បើសិនជាអនុញ្ញាតឲ្យបណ្តាញព័ត៌មានសង្គម ធ្វើការឡាយវីដេអូ ឬក៏ចូលទៅសម្ភាសន៍ជាមួយជនល្មើសដែលយើងឃាត់ខ្លួនបាន នោះយើងមិនគោរពសេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់គេទេ ។ សូមលោកអធិការខណ្ឌទាំង១២ ពិនិត្យ និងពិចារណា ហើយធ្វើការកែប្រែ បញ្ឈប់ជាបន្ទាន់ នូវករណីនេះ”។
ការដាក់បទបញ្ជារបស់លោកស្នងការនគរបាលរាជធានីភ្នំពេញបែបនេះ បន្ទាប់ពីលោកស្នងការបានតាមដានព័ត៌មានសង្គមហ្វេប៊ុកមួយចំនួនដែលកើតមាននៅអធិការខណ្ឌច្បារអំពៅកាលពីពេលកន្លងទៅ ដែលមានការអនុញ្ញាតឱ្យក្រុមឡាយវីដេអូចូលសួរព័ត៌មាន ហើយនិងឡាយវីដេអូចូលដល់ក្នុងបន្ទប់ជាមួយជនល្មើស ដែលលោកអធិការខណ្ឌចាប់ឃាត់ខ្លួនបាន ដែលបង្កឲ្យមានរញ៉េរញ៉ៃដល់សមត្ថកិច្ចនគរបាល ពិបាកនឹងធ្វើការសួរចម្លើយជនល្មើស៕ ដោយ ៖ បញ្ញាស័ក្តិ