ភ្នំពេញ៖ បើទោះបីជា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា កំពុងទទួលរងនូវការឆ្លងរាលដាលនៃជំងឹកូវីដ-១៩ ប្រភេទ អូមីក្រុងក៏ដោយ ក៏អ្នកជំនាញ ជឿជាក់ថា វិស័យធានារ៉ាប់រង នឹងបន្តមានកំណើនល្អប្រសើរថែមទៀត នៅឆ្នាំ ២០២២នេះ។
បើទោះបី ពិភពលោក រួមនិងកម្ពុជា បានញាំញីដោយវិបត្តិជំងឺកូវីដ-១៩ តែវាមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ ឧស្សាហកម្មធានារ៉ាប់រងនៅកម្ពុជានោះទេ ពោលគឺវិស័យនេះនៅតែអាចឈរជើងបានយ៉ាងរឹងមាំ ជាមួយ កំណើន ប្រាក់សន្សុំ ឬ បុព្វលាភគួរឲ្យកត់សម្គាល់។
បើតាម ឯកឧត្តម ប៊ូ ច័ន្ទ ភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានឱ្យដឹងថា ឆ្នាំ២០២១ កន្លងទៅ បុព្វលាភ ក្នុងវិស័យធានារ៉ាប់រងនេះ មានទំហំជាង ២៩៣ លានដុល្លារ កើនឡើង ៩,៥% បើធៀប នឹងទំហំបុព្វលាភកាលពីឆ្នាំ២០២០។
កំណើនបុព្វលាភធានារ៉ាប់រង ឆ្នាំ២០២១ មានការចូលរួមចំណែកពីវិស័យធានារ៉ាប់រងទូទៅជិត ១២៣ លាន ដុល្លារ និងវិស័យធានារ៉ាប់រង អាយុជីវិត ប្រមាណ ១៧០ លានដុល្លារ។ នៅឆ្នាំ២០២១ ទោះបីកម្ពុជាទទួលរងនូវការឆ្លងរាតត្បាតធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ តែវិស័យនេះ នៅតែអាចឈរជើងយ៉ាងរឹងមាំ ជាមួយទំហំប្រាក់សន្សំ ឬបុព្វលាភធានារ៉ាប់រងជិត៣០០លានដុល្លារ កើនឡើងជិត១០% បើធៀបនឹងឆ្នាំ២០២០។ កំណើននេះ បានបង្ហាញឲ្យឃើញថា វិស័យធានារ៉ាប់រង កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រសកម្មភាពសង្គម និងជំរុញកំណើនសេដ្ឋកិច្ច។
ឯកឧត្តម ប៊ូ ច័ន្ទ ភីរូ បានគូសបញ្ជាក់ថា វិស័យធានារ៉ាប់រង ដែលជាវិស័យហិរញ្ញវត្ថុ មិនមែនធនាគារ បាននិងកំពុងដើរ យ៉ាងសំខាន់ក្នុងការជួយគាំទ្រវិស័យសង្គមកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ។ ជាក់ស្តែង កាលពី ឆ្នាំ ២០២១ វិស័យនេះ បានចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ១,១% នៃផលិតផលក្នុងស្រុកសរុប របស់កម្ពុជា។
គួរបញ្ជាក់ថា ចំនួនក្រុមហ៊ុនធានារ៉ាប់រង ដែលកំពុងប្រតិបត្តិការនៅកម្ពុជា រួមមាន ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ និង ក្រុមហ៊ុនធានារ៉ាប់រងបន្ត ចំនួន ១៕