ការវាយប្រហារដ៏ខ្លាំងក្លារបស់រុស្ស៊ី មកលើទឹកដីអ៊ុយក្រែន មិនបានរារាំងគូស្នេហ៍ទ័ពអ៊ុយក្រែនមួយគូ ពីការរៀបអាពាហ៍ពិពាហ៍របស់ពួកគេបានឡើយ ដែលត្រូវបានអមអបអរសាទរ ពីបណ្តាមិត្តភក្តិជាកងកម្លាំងការពារដែនដីរបស់ពួកគេយ៉ាងច្រើន ស្ថិតនៅឯប៉ុស្តិ៍ត្រួតពិនិត្យមួយ ដែលត្រូវបានបង្កើតឡើងនៅច្រកចូលក្រុងគៀវ។
ស្ថិតក្នុងស្លៀកពាក់សំលៀកឈុតទាហាន និងស្បៃមុខ ជាមួយបាច់ផ្កា Lesia Ivashchenko និង Valerii Fylymonov បានរៀបមង្គលការ កាលពីថ្ងៃថ្ងៃអាទិត្យ ដោយបានជ្រើសយកមូលដ្ឋានទ័ពជិតទីក្រុង Kyiv សម្រាប់ប្រារព្ធពិធី។ ហើយពិធីរៀបអាពាហ៍ពិពាហ៍ដ៏មិនធម្មតានេះ គេក៏បានកត់សម្គាល់ឃើញមានភ្ញៀវចូលរួមសុទ្ធតែឯកសណ្ឋានទាហាន ប្រដាប់ដោយគ្រាប់បែកដៃ និងសព្វាវុធពេញដៃ រួមទាំងអ្នកសារព័ត៌មាន ស្ថាប័នល្បីៗរបស់ពិភពលោកមួយចំនួនៗ ក៏សុទ្ធតែស្ថិតក្នុងអាវការពារគ្រាប់កាំភ្លើង ស្ថិតក្រោមបរិយាកាសតន្ត្រីប្រពៃណី និងនំបុ័ងអាំង ជាមួយស្រាសំប៉ាញ យ៉ាងរីករាយ។
ទាហានជាដៃគូរបស់គាត់ម្នាក់ ក៨បានចូលរួមចំណែក ក្នុងការភ្ជាប់ទំនាក់ទំនង ដោយការលេងឧបករណ៍ ដើម្បីធ្វើឲ្យថ្ងៃនេះមិនអាចបំភ្លេចបាន បើទោះបីជាពួកគេបានធ្វើសង្រ្គាមអស់រយៈពេលជាង ១០ ថ្ងៃក៏ដោយ។ ហើយក្នុងនោះ អភិបាលក្រុងគៀវ លោក Vitali Klitschko អតីតជើងឯកប្រដាល់ទម្ងន់ធ្ងន់ ក៏បានមកស្វាគមន៍គូស្នេហ៍ជាទាហាន ដែលទើបរៀបអាពាហ៍ពិពាហ៍មួយគូនេះផងដែរ។ ហើយអ្វីៗដែលបានធ្វើឡើងនេះ គឺជាគោលបំណងតែមួយគត់ ក្នុងការប្រារព្ធសេចក្តីស្រឡាញ់ សូម្បីតែនៅក្នុងពេលនៃសង្រ្គាម។
សូមបញ្ជាក់ថា Lesya និង Valeriy មកពីកងវរសេនាតូចទី112 នៃកងពលតូចទ័ពពិសេស Kyiv បានរួមរស់ជាមួយគ្នាអស់រយៈពេល ២០ ឆ្នាំ មកហើយ និងមានកូនស្រីអាយុ ១៨ ឆ្នាំ ម្នាក់ផងដែរ ប៉ុន្តែពួកគេនៅតែមិនមានពេលរៀបការ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









