ភាពចម្រូងចម្រាសមួយបានកើតឡើង នៅពេលដែលជំនួយការរថយន្តក្រុង បានគិតថ្លៃសំបុត្រដូចអ្នកដំណើរ ទៅលើមាន់ជល់១ក្បាល ដែលជិះឡានក្រុងជាមួយម្ចាស់នៅប្រទេសឥណ្ឌា
។ ជារឿយៗ មនុស្សត្រូវបានផាកពិន័យចំពោះការជិះឡានក្រុង ឬរថភ្លើងដោយគ្មានសំបុត្រ ប៉ុន្តែនេះពិតជាមិនធ្លាប់កើតមានចំពោះសត្វនោះទេ។
រឿងហេតុដ៏ហួសចិត្តនេះ ដែលបានកើតឡើងនៅលើផ្លូវឡានក្រុងក្នុងទីក្រុង Telangana ប្រទេសឥណ្ឌា បានបង្កភាពចលាចលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នៅពេលដែលអ្នកជំនួយការឡានក្រុង បានប្រមូលថ្លៃសំបុត្រសម្រាប់មាន់មួយក្បាល ដែលអមដំណើរជាមួយម្ចាស់របស់វា។
អ្នកដំណើរឈ្មោះ Mohammad Ali បានកាន់ថង់ក្រណាត់ដែលមានមាន់ជល់១ក្បាលនៅខាងក្នុងនោះ។ នៅពេលដែលឡានក្រុងមកដល់ស្ថានីយ៍ Sultanabad ប្រហែលម៉ោង 11:30 ព្រឹក សត្វមាន់បានចាប់ផ្តើមរើចូលក្នុងថង់ក្រណាត់។ ហើយនៅពេលដែលអ្នកប្រមូលលុយឡានក្រុងម្នាក់ឈ្មោះ G Tirupathi បានឃើញចលនានៅក្រោមក្រណាត់ គាត់ក៏បានចាប់ផ្តើមកត់សម្គាល់ Ali។
Ali បាននិយាយថា «ខ្ញុំគិតថា មាន់នេះវាគ្រាន់តែជាអីវ៉ាន់ដូចជាកាបូបដាក់តាមខ្លួន ប៉ុន្តែ បែរជាអ្នកប្រមូលលុយសុំគិតជាភ្ញៀវម្នាក់ទៀតឲ្យទិញសំបុត្រមាន់តម្លៃ ៣០ រូពី ស្មើនឹងប្រហែលជិតកន្លះដុល្លារ»។
ទាំងអ្នកប្រមូលលុយ និងអ្នកដំណើរ បានឈ្លោះប្រកែកគ្នាអំពីថ្លៃឈ្នួល។ ដំបូងឡើយ អ្នកដំណើរមិនយល់ព្រមបង់ប្រាក់ថ្លៃឈ្នួលសម្រាប់មាន់នោះទេ ព្រោះតែ Ali បានសន្មត់ថា មាន់នៅក្នុងកាបូបនោះ គឺគ្រាន់តែជាឥវ៉ាន់ធម្មតាប៉ុណ្ណោះ។ ប៉ុន្តែ អ្នកប្រមូលលុយបានប្រកែកថា អ្វីៗដែលនៅរស់នៅលើរថយន្តក្រុងគឺត្រូវតែទិញសំបុត្រ។ ភាគីទាំងសងខាងបានឈ្លោះប្រកែកគ្នាខ្លាំងៗ ហើយអ្នកបើករថយន្តក្រុងក៏បានធ្វើការសម្របសម្រួល បន្ទាប់ពីប្រមូលថ្លៃមាន់ពីម្ចាស់។
ហេតុការណ៍ដ៏ចម្លែកនេះ ត្រូវបានគេចែកចាយពេញបណ្ដាញសង្គម ហើយបានរីករាលដាលយ៉ាងឆាប់រហ័ស។ មតិជាច្រើនរបស់អ្នកលេងអុីនធើរណេតឥណ្ឌា មានការខឹងសម្បារចំពោះអាកប្បកិរិយារបស់អ្នកគ្រប់គ្រងសំបុត្រ ដោយពួកគេគិតថា សត្វមាន់គួរតែត្រូវបានគេចាត់ទុកថាគ្រាន់តែជាអីវ៉ាន់សម្រាប់អតិថិជន ហើយជាការពិតណាស់មិនចាំបាច់ទិញសំបុត្រនោះទេ។ ថ្លៃសំបុត្រឡានក្រុងមិនថ្លៃពេកទេ ប៉ុន្តែវាខុសច្បាប់ក្នុងការប្រមូលសំបុត្រឡានក្រុងពីសត្វមាន់បែបនេះ។
ក្រោយរឿងនេះបានផ្ទុះឡើង អាជ្ញាធរដឹកជញ្ជូនរដ្ឋ Telangana បានចេញមកនិយាយអំពីភាពចលាចលនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ តំណាងភ្នាក់ងារគ្រប់គ្រងបាននិយាយថា ទាំងអ្នកដំណើរ ឬអ្នកដឹកសំបុត្រមិនមានអាកប្បកិរិយាត្រឹមត្រូវក្នុងករណីនេះទេ។ តាមក្បួន សត្វមិនត្រូវបានអនុញ្ញាតនៅលើឡានក្រុងទេ។ អតិថិជនគួរតែចុះពីឡានក្រុងភ្លាមៗ ខណៈពេលដែលអ្នកដឹកនាំត្រូវពន្យល់យ៉ាងជាក់លាក់អំពីការរំលោភលើបទប្បញ្ញត្តិស្តីពីការអនុញ្ញាតឱ្យសត្វនៅលើឡានក្រុង និងសុំឱ្យប្រមូលសំបុត្រ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា ការប្រជល់មាន់ត្រូវបានហាមប្រាមនៅទូទាំងប្រទេសឥណ្ឌា ប៉ុន្តែ វានៅតែជារឿងធម្មតា នៅតាមតំបន់ជនបទជាច្រើនក្នុងប្រទេស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





A rooster 🐓is a living being. Ticket is a must to travel in RTC bus.#Telangana pic.twitter.com/XEckxd9bXL
— P Pavan (@PavanJourno) February 8, 2022