Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគ្រាសធុនមីក្រូ តូច និងមធ្យម(MSME)  មានម្ចាស់អាជីវកម្មជាស្ត្រីប្រមាណ ៦១%

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់លើ ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) ដែលមានម្ចាស់អាជីវកម្មជាស្ត្រីប្រមាណ ៦១% ។ រាជរដ្ឋាភិបាល ក៏បានផ្តោតផងដែរ ទៅលើការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ការជំរុញភាពធន់នឹងអាកាសធាតុ កិច្ចការថែទាំគ្រួសារ និងការងារមិនមានប្រាក់កម្រៃ និងអភិបាលកិច្ចល្អ និងភាពជាអ្នកដឹកនាំ ដើម្បីធានាការ ទទួលបានសមភាពយេនឌ័រ។

ក្នុងពិធីអបអរសាទរខួបទី១១១ ទិវាអន្តរជាតិនារី ៨មីនា ២០២២ ក្រោមប្រធានបទ “សមភាពយេនឌ័រ ថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត” និងបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រនៅក្នុងវិស័យពាណិជ្ជកម្មឆ្នាំ២០២១-២០២៥ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម  បានលើកឡើងថា រាជរដ្ឋាភិបាល បានបន្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ចំពោះការដំឡើងតួនាទីស្រ្តីតាមក្រសួង ស្ថាប័ននានា ដើម្បីឱ្យស្រ្តីមានសិទ្ធិចូលរួមពេញលេញ និងស្មើភាពក្នុងការធ្វើសេចក្តីសម្រេចនៅគ្រប់កម្រិត ហើយកិច្ចខិតខំប្រឹងប្រែងទាំងនេះ បាននាំមកនូវការកើនឡើងជាបណ្តើរៗនូវសមាមាត្រស្ត្រីជាអ្នកដឹកនាំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ស្ត្រីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារស្រ្តីភាគច្រើនមានការងារនៅក្នុងវិស័យសេវាកម្ម និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយដើម្បីចូលរួមដោះស្រាយនូវផលប៉ះពាល់ទាំងនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ស្រ្តី និងក្រុមជនងាយរងគ្រោះ ក្នុងការអនុវត្តគោលនយោបាយជាតិគាំពារសង្គម ការដាក់ចេញវិធានការអន្តរាគមន៍ជំនួយសង្គម ការបង្កើនមូលធនថវិកា “សាច់ប្រាក់ពលកម្ម” ដើម្បីជួយកម្មករនិយោជិតបានព្យួរការងារ កម្មវិធីជំនួយសង្គមពិសេស គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនក្រីក្រ និងងាយរងគ្រោះក្នុងអំទ្បុងពេលនៃជំងឺកូវីដ-១៩ ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់បុគ្គលិកក្នុងវិស័យកាត់ដេរ និងទេសចរណ៍ រៀបចំកម្មវិធីហិរញ្ញប្បទានពិសេស ជួយស្តារលទ្ធភាព និងលើកកម្ពស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យម ជាដើម៕

×