កាលពីពេលថ្មីៗនេះ បុរសម្នាក់មកពីខេត្ត South Kivu នៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលជាប្រទេសមួយនៅអាហ្វ្រិកកណ្តាល បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងតែម្តង នៅពេលដែលបានឃើញគាត់រៀបការជាមួយកូនក្រមុំរហូតដល់ទៅ ៣ នាក់ ក្នុងពេលតែមួយ។ អ្វីដែលពិសេសនោះ គឺកូនក្រមុំ៣នាក់ជាបងប្អូនបង្កើតគ្នាទៀតផង។
បុរស “សំណាង” នេះមានឈ្មោះ Luwizo បានសម្រេចចិត្តរៀបការជាមួយកូនក្រមុំ៣នាក់នាក់ដែលមានឈ្មោះ Natasha, Natalie និង Nadege ។ ដំបូងឡើយ លោក Luwizo បានស្គាល់ Natalie តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។ ក្រោយពីបង្ហាញអារម្មណ៍ចំពោះគ្នាបានមួយរយៈ Luwizo ក៏បានមកផ្ទះជួប Natalie។
បន្ទាប់ពីជួបមុខគ្នា Luwizo និង Natalie អ្នកទាំងពីរមានអារម្មណ៍ចំពោះគ្នាទៅវិញទៅមកកាន់តែខ្លាំង។ ប៉ុន្តែ អ្វីដែលមិននឹកស្មានដល់នោះ គឺនៅថ្ងៃបន្ទាប់ បងប្អូនស្រីពីរនាក់របស់ Natalie គឺ Natasha និង Nadege បានប្តូរវេនគ្នាជួបលោក Luwizo ហើយពួកគេទាំងអស់គ្នាពិតជាស្រលាញ់លោក Luwizo ខ្លាំងណាស់។ ដោយសារតែកូនក្រមុំទាំង៣នាក់នាក់នេះ មានរូបរាងមុខមាត់ស្ទើរតែដូចគ្នា លោក Luwizo មិនអាចបែងចែកពួកគេបានទេ ដោយគិតថា គាត់នៅតែមានស្នេហាជាមួយមនុស្សម្នាក់ដដែល។
ប៉ុន្មានខែក្រោយមក លោក Luwizo បានទៅផ្ទះ “សុបិន” របស់គាត់ ដើម្បីសុំរៀបការជាមួយ Natalie ។ នៅពេលនេះ លោក Luwizo បានដឹងថា លោកកំពុងណាត់ជួបមនុស្សស្រី៣នាក់ដូចគ្នា។ គាត់បាននិយាយថា “ខ្ញុំបានសួរថា Natalie ជានរណា ហើយពួកគេបានបង្ហាញថា មនុស្សដំបូងដែលខ្ញុំបានជួបគឺ Nadege លើកទី២គឺជា Natasha និងលើកទី៣ ជា Natalie ដែលខ្ញុំបានជួបតាមអ៊ីនធឺណិត”។
នៅទីបំផុត បងប្អូនស្រីទាំងបីបានសម្រេចចិត្តស្នើទៅលោក Luwizo រៀបការ។ ដំបូងឡើយ គាត់ភ្ញាក់ផ្អើល ប៉ុន្តែបានយល់ព្រមភ្លាមៗ។
លោក Luwizo បានប្តូរពាក្យសច្ចាប្រណិធានជាមួយកូនក្រមុំ៣នាក់ក្នុងពិធីដែលចូលរួមដោយសាច់ញាតិ និងមិត្តភ័ក្តិមួយចំនួន។ តែទោះជាយ៉ាងណាក៏ដោយ ឪពុកម្តាយរបស់លោក Luwizo មិនបានចូលរួមក្នុងពិធីមង្គលការនោះទេ ដោយសារតែពួកគេជំទាស់នឹងការសម្រេចចិត្តរបស់កូនប្រុសគាត់ ក្នុងការរៀបការជាមួយប្រពន្ធបីនាក់ក្នុងពេលតែមួយបែបនេះ។
លោក Luwizo បានចែករំលែកថា៖ «វាមិនមែនជាការសម្រេចចិត្តងាយស្រួលទេ ព្រោះរហូតមកដល់ពេលនេះ ឪពុកម្តាយខ្ញុំមិនយល់ថាខ្ញុំកំពុងធ្វើអ្វីទេ។ អ្នកត្រូវតែបាត់បង់អ្វីមួយដើម្បីទទួលបានអ្វីផ្សេងទៀត។ មនុស្សម្នាក់ៗមានរសជាតិ និងវិធីធ្វើរៀងៗខ្លួន។ ខ្ញុំសប្បាយចិត្តដែលបានរៀបការជាមួយកូនក្រមុំទាំងបីនាក់ ដោយមិនគិតពីអ្វីដែលអ្នកផ្សេងគិតនោះទេ។ ឪពុកម្តាយរបស់ខ្ញុំមើលងាយការសម្រេចចិត្តរបស់ខ្ញុំ។ នោះហើយជាមូលហេតុដែលពួកគេមិនចូលរួមពិធីមង្គលការរបស់ខ្ញុំ។ ប៉ុន្តែអ្វីដែលខ្ញុំអាចនិយាយបានគឺសេចក្ដីស្រឡាញ់គ្មានព្រំដែន»។
ទន្ទឹមនឹងនោះ កូនក្រមុំម្នាក់ក្នុងចំណោមបីនាក់បាននិយាយថា ពួកគេបានចែករំលែកអ្វីៗទាំងអស់ជាមួយគ្នាតាំងពីពួកគេនៅក្មេង ដូច្នេះការចែករំលែកស្វាមី គឺមិនពិបាកពេកសម្រាប់ពួកគេទេ។
បងប្អូនស្រីម្នាក់ក្នុងចំនោមបងប្អូនទាំងបីនាក់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា៖ «នៅពេលដែលយើងប្រាប់គាត់ថា គាត់ត្រូវតែរៀបការជាមួយយើងទាំងអស់គ្នា គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ប៉ុន្តែដោយសារគាត់ស្រឡាញ់ពួកយើងទាំងអស់។ ពួកយើងក៏ស្រលាញ់គាត់ដូចគ្នា ដូច្នេះគ្មានអ្វីអាចបញ្ឈប់ផែនការនេះបានឡើយ។ ទោះបីជាអ្នកដទៃគិតថាវាមិនអាចទៅរួចទេសម្រាប់ស្ត្រី៣នាក់ ដើម្បីចែករំលែកប្តី ប៉ុន្តែយើងបានចែករំលែកអ្វីគ្រប់យ៉ាងតាំងពីយើងនៅក្មេង»។
គួរបញ្ជាក់ឲ្យដឹងផងដែរថា នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ពហុពន្ធភាពត្រូវបានហាមឃាត់ដោយច្បាប់។ តែទោះជាយ៉ាងណាក៏ដោយ ករណីនេះនៅតែជាការអនុវត្តយ៉ាងទូលំទូលាយ និងពេញនិយមនៅក្នុងសង្គម ដោយស្ទើរតែគ្មានការពិន័យនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





