ជឿជាក់ថា ប្រិយមិត្ត និងមហាជន បានស្គាល់ច្បាស់រួចមកហើយ ពីគ្រូមហាជ័យ បារមីនាគរាជ ដែលធ្វើឲ្យផ្ទុះកក្រើក ភ្ញាក់ផ្អើលពេញបណ្តាញសង្គម ក្រោយគ្រូរូបនេះបានចេញមកអួតអាងថា មានបារមីខ្លាំងពូកែ ភ្លៀងធ្លាក់មកយ៉ាងត្រជាក់ត្រជុំ លាយឡំផ្គររន្ទះ ចំពេលរដូវកក់ខែ គឺខ្លួនជាអ្នកហៅសុំទឹកភ្លៀងប៉ុណ្ណោះ។
ក្រោយមក គ្រូមហាជ័យ ក៏បានធ្វើឲ្យគ្រប់គ្នា កាន់តែកាន់ភ្ញាក់ផ្អើល ខណៈចេញធ្វើការទស្សន៍ទាយកំណត់ពេលវេលាជំងឺកូវីដ ៥ ឆ្នាំទៀត នឹងរលាយបាត់ហើយ និងថែមទាំងអះអាងថា អាចមើលឃើញទេវតា ឃើញនាគយ៉ាងច្បាស់នៅផ្ទៃទន្លេខាងអរីយក្ស័ត្រទៀតផង។
ដោយឡែក កាលពីពេលកន្លងទៅថ្មីៗនេះ គ្រូមហាជ័យ បានធ្វើឲ្យមហាជនជាច្រើន សម្តែងការហួសចិត្តជាខ្លាំង គ្រាបានទៅកាន់ប្រាសាទអង្គវត្ត ដើម្បីបួងសួងដល់ព្រះម៉ែនាគ ហើយអះអាងថា ត្រូវបានបារមីនាគរាជឃុំគ្រងតំបន់អង្គរចូលសន្ធិតទៀតផង។ បន្ទាប់មក គ្រូរូបនេះ ក៏បានបង្ហាញវីដេអូអះអាងថា ស្រមោលនាគរាជ លេចឡើងនៅក្នុងផ្ទះរបស់ខ្លួនទៀត ដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គម ហួសចិត្តពេកក៏បានដាក់ឲ្យបែបនេះថា ចេះតែស្រមៃហើយ, អាហ្នឹង គេហៅថា មហាបារមីអំពូលភ្លើងលោកគ្រូ,…។
តែយ៉ាងណាមិញ អ្វីដែលគួរឲ្យអស់សំណើចខ្លាំងនោះ គឺក្រោយពីបានឃើញគ្រូមហាជ័យ ហាក់មានបារមីខ្លាំង ដល់ថ្នាក់នាគចូលសន្ធិតបែបនេះ ក៏បានធ្វើឲ្យមហាជនជាច្រើនសួរត្រង់ៗថា បើលោកគ្រូខ្លាំងមែន ហេតុអ្វីបានមិនប្រើបារមីរបស់លោកគ្រូទៅជួយដល់ប្រទេស អ៊ុយក្រែន ដែលកំពុងតែមានសង្គ្រាមជាមួយនិងរុស្សីផងទៅ?។ ថាមែនៗ ក្រោយឃើញមានមនុស្សជាច្រើនសួរនាំហាក់ចង់ចំអក ផ្ចាញ់ផ្ចាល់ពេក នៅពេលនេះ គ្រូមហាជ័យ បានចេញវីដេអូឆ្លើយតបបញ្ចាក់ឲ្យដឹងយ៉ាងដូច្នេះថា៖ លោកគ្រូសូមប្រាប់ថា ប្រទេសអ៊ុយក្រែន មានព្រះរបស់គេ គឺព្រះយាយស៊ូ ដែលហៅថាគ្រឹះសាសនាហ្នឹង អុីចឹង បើគេអត់បានគោរពបារមីខាងយើងទេ អុីចឹង បើមិនបានគោរព បារមីរបស់យើងគ្មានសិទ្ធិទៅជួយអ៊ុយក្រែនបានទេ គឺមានតែព្រះរបស់គេមួយអង្គគត់ ព្រះយាយស៊ូ ដែលអាចជួយពួកគេបាន។ ហេតុនេះ លោកគ្រូមិនអាចជួយបានទេ គឺបានត្រឹមបួងសួងពីចម្ងាយប៉ុណ្ណោះ សូមកូនៗយល់ត្រង់ចំណុចនេះ។
ទន្ទឹមនេះផងដែរ អ្នកលេងបណ្តាញសង្គមជាច្រើន ក្រោយពីបានឮគ្រូមហាជ័យ ចេញមកបកស្រាយបែបនេះ ក៏បាននាំគ្នាចូលទៅខមិន ផ្លែផ្កាដាក់ឲ្យកប់ៗ ធ្វើឲ្យគ្រូឆេះកំហឹងឆ្លើយតបទៅវិញទៅវិញមក ផ្អើលពេញហ្វេសប៊ុកតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





