ភ្នំពេញ៖ ធនាគារអេស៊ីលីដា បានត្រៀមដាក់ឲ្យប្រើប្រាស់នូវឧបករណ៍ទូទាត់ថ្មីទំនើបបំផុតមួយ PayBand ដែលឧបករណ៍នេះ អាចធ្វើការទូទាត់បានយ៉ាងងាយ ដោយគ្រាន់តែដាក់ដៃក្បែរម៉ាស៊ីន POS នោះជាការស្រេច។
ធនាគារអេស៊ីលីដា ដែលជាធនាគាររបស់ខ្មែរឈានមុខគេនៅកម្ពុជា បាននិងកំពុងបន្ដអភិវឌ្ឍបណ្ដាញបច្ចេកវិទ្យាឌីជីថលឥតឈប់ឈរ សម្រាប់បំពេញសេចក្ដីត្រូវការរបស់អតិថិជននាយុគសម័យថ្មីនេះ។
យោងតាមធនាគារអេស៊ីលីដា Payband ជាឧបករណ៍ទូទាត់សាមញ្ញ រហ័ស និងសុវត្ថិភាព ដូចការប្រើប្រាស់ប័ណ្ណឥណពន្ធ អេធីអឹម Contactless ដែលអ្នកប្រើប្រាស់អាចពាក់នៅលើ កដៃ ហើយធ្វើការទូទាត់សាច់ប្រាក់ ជាមួយម៉ាស៊ីនឆូតកាត និងម៉ាស៊ីនផ្សេងៗទៀត ហើយវានឹងត្រូវដាក់ឲ្យប្រើប្រាស់ ក្នុងពេលឆាប់ៗខាងមុខនេះ។
ឧបករណ៍ទូទាត់ដ៏ទំនើប PayBand នេះ បានផ្ដល់អត្ថប្រយោជន៍ជាច្រើនយ៉ាង និងស័ក្ដិស័មបំផុត សម្រាប់អ្នកប្រើប្រាស់សម័យថ្មី ក៏ដូចជាស្របទៅតាមសម័យកាលលូតលាស់ នៃវិស័យបច្ចេកវិទ្យា។ តាមរយៈ PayBand យើងអាចដកប្រាក់ ជាមួយម៉ាស៊ីនអេធីអឹមអេស៊ីលីដា ដែលបំពាក់ប្រព័ន្ធ Contactless បានយ៉ាងងាយស្រួល។ មិនតែប៉ុណ្ណោះ ងាយស្រួលទូទាត់ចំណាយផ្សេងៗ តាមម៉ាស៊ីនឆូតកាត អេស៊ីលីដា ដែលបានបំពាក់ប្រព័ន្ធ Contactless។ អ្វីដែលពិសេសនោះ ការប្រើប្រាស់ PayBand ដើម្បីទូទាត់ គឺផ្ដល់នូវសុវត្ថិភាពខ្ពស់ជំនួសឲ្យការប្រើសាច់ប្រាក់សុទ្ធ។
គួរបញ្ជាក់ថា លោកអ្នកអាចស្នើសុំប្រើប្រាស់ PayBand នេះ នៅតាមសាខារបស់ធនាគារ អេស៊ីលីដា ទូទាំងប្រទេស ដោយគ្រាន់តែមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន ឬឯកសារអត្តសញ្ញាណផ្សេងៗដែលមានសុពលភាព៕