ភ្នំពេញ៖ ទាក់ទងនឹងការជំរុញពាណិជ្ជកម្ម និងវិនិយោគ លោកមរដ្ឋមន្ត្រីពាណិជ្ជកម្ម បានឯកភាពជាមួយលោក Arnaud Darc ប្រតិភូសភាពាណិជ្ជកម្មអឺរ៉ុប ក្នុងការធ្វើវិសោធនកម្ម លើអនុស្សរណៈយោគយល់គ្នា រវាងក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មអឺរ៉ុប ដើម្បីដាក់បញ្ចូលបន្ថែម នូវកិច្ចសហការគ្នាថ្មីៗ ដែលភាគីទាំងពីរបានព្រាងទុក។
នៅទីស្ដីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃសុក្រ ទី៤ ខែឧសភា ឆ្នាំ២០១៨ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឲ្យប្រតិភូសភាពាណិជ្ជកម្មអឺរ៉ុប (Eurocham) ប្រចាំនៅកម្ពុជា ដឹកនាំដោយលោក Arnaud Darc ប្រធានក្រុមប្រឹក្សាភិបាល Eurocham ចូលជួបពិភាក្សាការងារ។
នៅក្នុងឱកាសនោះ លោក Arnaud Darc បានគោរពអញ្ជើញលោករដ្ឋមន្ត្រី ធ្វើជាអធិបតីនៅក្នុងពិព័រណ៍ពាណិជ្ជកម្មអឺរ៉ុប (Euro Fair) លើកទីមួយ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខ។ ពិព័រណ៍នេះ នឹងត្រូវរៀបចំរៀងរាល់ ២ឆ្នាំម្តង ដើម្បីបង្ហាញបរិយាកាសល្អផ្នែកធុរកិច្ច និងផ្តល់ជូនក្រុមហ៊ុននៃបណ្តាប្រទេសអឺរ៉ុប ក្នុងការស្វែងរកឱកាសពង្រីកទីផ្សារ និងចាប់ដៃគូជាមួយធុរជនក្នុងប្រទេសកម្ពុជា។
លើសពីនេះ លោក Arnaud Darc បានបង្ហាញចំណាប់អារម្មណ៍ ចូលរួមលើដំណើរការ រៀបចំច្បាប់ ស្ដីពីពាណិជ្ជកម្មតាមអេឡិចត្រូនិក (E-commerce) របស់កម្ពុជា និងបានស្នើឲ្យមានការពិគ្រោះយោបល់ជាមួយនឹងវិស័យឯកជនផងដែរ ដើម្បីទទួលបានធាតុចូលផ្សេងៗ សម្រាប់ជំនួយដល់ការចងក្រងច្បាប់នេះ។
ទាក់ទងនឹងសំណើទី១លោករដ្ឋមន្ត្រី បានទទួលយក និងបានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មអឺរ៉ុប ដែលបានរួមចំណែកសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ និងបង្កើតឱកាសការងារនៅកម្ពុជា ព្រមទាំងផ្ដល់អត្ថប្រយោជន៍ជាច្រើន ដល់ការអភិវឌ្ឍសង្គមកម្ពុជា។ ចំពោះសំណើទី២លោករដ្ឋមន្ត្រី បានឯកភាព និងបានសន្យាជំរុញការរៀបចំច្បាប់នេះ ឲ្យបានចប់សព្វគ្រប់នៅក្នុងពេលដ៏ខ្លីខាងមុខ។
ទាក់ទងនឹងការជំរុញពាណិជ្ជកម្ម និងវិនិយោគ លោកមរដ្ឋមន្ត្រី បានឯកភាពជាមួយលោក Arnaud Darc ក្នុងការធ្វើវិសោធនកម្មលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មអឺរ៉ុប ដើម្បីដាក់បញ្ចូលបន្ថែមនូវកិច្ចសហការគ្នាថ្មីៗ ដែលភាគីទាំងពីរបានព្រាងទុកមានដូចជា កិច្ចសហការទាក់ទងនឹងការរៀបចំច្បាប់ស្តីពី E-commerce និងការសម្របសម្រួលដំណើរការចុះអនុស្សរណៈយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មទីក្រុងប៉ារីស៕ ដោយ៖បញ្ញាស័ក្តិ