Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងកិច្ចការនារី ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន​Visa បង្ហាញពីសមិទ្ធផលគម្រោងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តីនិងស្ត្រីជាសហគ្រិន

ក្រសួងកិច្ចការនារី ធនាគារជាតិ នៃ កម្ពុជា និងក្រុមហ៊ុន Visa បានប្រកាសបញ្ចប់គម្រោងស្តីពី«ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី និងស្រ្តីជាសហគ្រិន» រយៈពេលមួយឆ្នាំរបស់ខ្លួន ដោយបានចូលរួមចំណែកដល់ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី សហគ្រិនស្រ្តី និងនិស្សិត ជិត១០.០០០នាក់ នៅទូទាំងប្រទេសកម្ពុជា។

គម្រោងនេះបានចាប់ផ្តើមដោយការរៀបចំជាវគ្គបណ្តុះបណ្តាលនៅខេត្តគោលដៅ រួមមាន​ខេត្តសៀមរាប ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ដល់សិក្ខាកាមមកពីក្រសួងកិច្ចការនារី មន្ទីរពាក់ព័ន្ធ និងមជ្ឍមណ្ឌលអភិវឌ្ឍន៍ស្រ្តី អំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុឌីជីថល និងជំនាញផ្នែកហិរញ្ញវត្ថុសំខាន់ៗ។ តាមរយៈវេទិកាពិភាក្សាចំនួន ០៤ គម្រោងនេះបានចែករំលែកនូវចំណេះដឹង និងមធ្យោបាយហិរញ្ញវត្ថុ​ ដែលជាតម្រូវការចាំបាច់សម្រាប់ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ បានត្រឹមត្រូវ ជំរុញសហគ្រិនភាពនិងបន្តការរីកចម្រើន។

លោក ថេ ឈុនហាក់ អគ្គនាយកសមភាពយេនឌ័រ និងអភិវឌ្ឍសេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា៖«ស្រ្តីកម្ពុជា ជាកំណប់ទ្រព្យនៃធនធានមនុស្សដែលមានទេពកោសល្យ ជំនាញគំនិតច្នៃប្រឌិតខ្ពស់។ យើងសង្ឃឹមថា តាមរយៈគម្រោងនេះ ពួកគាត់អាចប្រើប្រាស់ចំណេះដឹងដែលទទួលបាន ដើម្បីអភិវឌ្ឍខ្លួនចាកចេញពីជីវភាពក្នុងកម្រិតមីក្រូសេដ្ឋកិច្ចនិងក្រៅផ្លូវការ។ យើងក៏សង្ឃឹមផងដែរថា ពួកគាត់អាចចែករំលែកនូវចំណេះដឹងនឹងភាពជោគជ័យថ្មីៗរបស់ពួកគាត់ទៅដល់ស្រ្តីផ្សេងទៀត តាមរយៈការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ និងបរិយាប​ន្នហិរញ្ញវត្ថុ ដើម្បីជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងមូល។»

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិ នៃ
កម្ពុជា មានប្រសាសន៍ថា ធនាគារជាតិនៃកម្ពុជា បានកំណត់យកចំណេះដឹងផ្នែកហិរញ្ញវត្ថុជាសសរស្តម្ភដ៏សំខាន់ ក្នុងការលើកកម្ពស់សេដ្ឋកិច្ចឌីជីថល ជំរុញលទ្ធភាពស្នើគ្នាក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងភាពជាសហគ្រិន។ យើងមានសេចក្តីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Visa ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ ដោយឡែក លោកស្រី​ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុន Visa ពិតជាមានសេចក្តីសោមនស្សរីករាយដែលបានសហការជាមួយ ធនាគារជាតិ នៃ កម្ពុជា និងក្រសួងកិច្ចការនារី ក្នុងការអនុវត្តគម្រោងដែលគាំទ្រដល់ការរីកចម្រើនផ្នែកហិរញ្ញវត្ថុរបស់ស្រ្តីនៅកម្ពុជា។ ក្រុមហ៊ុន Visa ជឿជាក់ថា សេដ្ឋកិច្ចដែលរួមបញ្ជូលប្រជាជនគ្រប់រូបនៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង៕

×