លោក នាយករដ្ឋមន្រ្តីម៉ាឡេស៊ី អ៊ីស្មេល សាប្រ៊ី យ៉ាកូប បានឲ្យដឹងថា ម៉ាឡេស៊ី នឹងបើកព្រំដែនរបស់ខ្លួនពេញលេញ ចាប់ពីថ្ងៃទី០១ ខែមេសាឆ្នាំ២០២២នេះតទៅ ស្របពេលប្រទេសនេះឈានទៅរកការបិទបញ្ចប់នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានពន្យល់ថា អ្នកដំណើរបរទេសទាំងអស់ដែលចូលមកកាន់ប្រទេសម៉ាឡេស៊ីគឺតម្រូវឲ្យមានតែឯក សារដែលមានសុពលភាព តែប៉ុណ្ណោះ ដើម្បីចូល និងចេញពីប្រទេសម៉ាឡេស៊ី។ បន្ថែមលើនេះ លោកថា ប្រជាជនម៉ាឡេស៊ីអាចធ្វើដំណើរដោយសេរីទៅកាន់ប្រទេសនានា ជាមួយនឹងការបើកព្រំដែនស្រដៀងគ្នានេះ។
លោកបន្តទៀតថា អ្នកដំណើរបរទេសទាំងអស់ នឹងមិនចាំបាច់ស្នើវីសា តាមរយៈយន្តការ MyTravelPass ដូចមុនទៀតទេ ដោយគ្រាន់តែធ្វើការទាញយកនូវកម្មវិធីតាមដានបំលាស់ទី MySejahtera តែប៉ុណ្ណោះ។ លោកបានបន្ថែមថា ៖«សម្រាប់អ្នកដែលទទួលបានវ៉ាក់សាំងគ្រប់ចំនួន និងមិនចាំបាច់ធ្វើចត្តាឡីស័កនោះទេ ដោយគ្រាន់ធ្វើតេស្ត PCR ពីរថ្ងៃមុនចេញដំណើរ។»
កាលពីខែមុន ក្រុមប្រឹក្សាស្ដារជាតិរបស់ម៉ាឡេស៊ី (NRC) ដឹកនាំដោយលោក Muhyiddin Yassin បានផ្តល់អនុសាសន៍ថាប្រទេសនេះគួរតែបើកព្រំដែនរបស់ខ្លួនឱ្យបានពេញលេញត្រឹមខែមីនា ដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញពីជំងឺរាតត្បាត។
គិតត្រឹមថ្ងៃទី 7 ខែមីនា ប្រទេសម៉ាឡេស៊ីបានរាយការណ៍អំពីករណី COVID-19 ថ្មីចំនួន 26,856 ក្នុងរយៈពេល 24 ម៉ោងមុន ដែលនាំឱ្យករណីកើនឡើងរបស់ប្រទេស ដល់ទៅ 3,649,463 ករណី៕ ប្រភព៖ CNA