យោងតាមវីដេអូឃ្លីប ដែលបានបង្ហោះនៅលើបណ្ដាញសង្គម បានបង្ហាញបុរសធាត់ម្នាក់ក្នុងក្រុមមានគ្នាប្រហែល ៧ នាក់ បានវាយកញ្ចក់រថយន្តជាមួយកាំបិតវែង រួចស្ទុះចូលទៅក្នុងកាប៊ីនរថយន្ត ដើម្បីវាយប្រហារ «កាប់» ទៅលើអ្នកបើកបរ យ៉ាងសាហាវ។
វីដេអូ ក៏បានបង្ហាញចំណែកទ្វារកាប៊ីនផ្នែកខាងឆ្វេងក៏ត្រូវបានបំបែក ហើយមានបក្សពួក២នាក់ទៀតបានឡើងមកក្នុងកាប៊ីនរថយន្តដើម្បីព្រួតវាយអ្នកបើកបរ។
វេលាកើតហេតុជាម៉ោងចរាចរណ៍ដ៏មាមាញឹកធ្វើឱ្យរថយន្តជាច្រើនគ្រឿងធ្វើដំណើរឆ្លងកាត់តំបន់នោះ មានការលំបាកយ៉ាងខ្លាំង។ សាក្សីជាច្រើនបានធ្វើដំណើរឆ្លងកាត់ប៉ុន្តែ មិនហ៊ានធ្វើអន្តរាគមន៍នោះទេ ព្រោះក្រុមនេះមានចរិតឆេវឆាវពេក។
ក្រោយពីវាយទៅលើអ្នកបើកឡានធំនោះឡើងទក់សាច់រួច ក្រុមជនបង្កទាំងនោះ បានឡើងម៉ូតូបក្ខពួកជិះចាកចេញពីកន្លែងកើតហេតុ គេចខ្លួនដោយគ្មានរំខានដល់ប៉ូលីសឡើយ។
គេបានដឹងថា ហេតុការណ៍ដ៏សាហាវនេះបានកើតឡើងនៅផ្លូវ Thu Khoa Huan សង្កាត់ Hoa Lan 1 សង្កាត់ Thuan Giao ទីក្រុង Thuan An ខេត្ត Binh Duong ប្រទេសវៀតណាម វេលាម៉ោងប្រហែល ៤ រសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្នាក់ក្នុងចំណោមក្រុមនេះមានជម្លោះជាមួយអ្នកបើកបរ ក្នុងអំឡុងពេលធ្វើចរាចរណ៍។ ប្រភពបន្តថា មានយុវជនម្នាក់បានជិះម៉ូតូក្នុងទិសដៅផ្ទុយគ្នា មកគៀរគន្លងផ្លូវសម្រាប់រថយន្ត។ ពេលអ្នកបើកបរបានសុីផ្លេ ក្មេងស្ទាវម្នាក់នោះបានជេរបញ្ចោរ ហើយបើកម៉ូតូគេចខ្លួនបាត់។
បន្ទាប់មកអ្នកបើកបររថយន្តបានបន្តដំណើរទៅមុខទៀតបានចម្ងាយផ្លូវមិនឆ្ងាយប៉ុន្មាន ស្រាប់តែមានមុខសញ្ញាជាច្រើននាក់បើកមកកាក់ពីមុខរថយន្តហើយភ្លាមៗនោះ បុរស២នាក់បានបែកកញ្ចក់រថយន្តទាំងសងខាងនិងឡើងព្រួតវាយអ្នកបើកបរទាំងកណ្តាលផ្លូវតែម្តង។ ក្នុងនោះ បុរសមាឌធំប្រដាប់ដោយកាំបិតផ្គាក់ ត្រូវបានឃើញទំនងកាប់ចិញ្ច្រាំទៅលើអ្នកបើករក្នុងកាប៊ីន ហើយកាប់វាយឆ្អែតឆ្អន់ ទើបនាំគ្នាចុះមកវិញ ឡើងម៉ូតូបក្ខពួកជិះគេចខ្លួនតែម្តង។
តែទោះយ៉ាងណា ប្រភពពុំបានបញ្ជាក់ឲ្យដឹងថា តើអ្នកបើកឡាននោះ រងរបួសធ្ងន់ធ្ងរ ឬយ៉ាងណានោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






ទស្សនាវីដេអូ => (Video)