នេះគឺជាខណៈពេលមួយដ៏តក់ស្លុតជាខ្លាំង គ្រាដែលបានឃើញចោរ២នាក់ បានចូលប្លន់បុគ្គលិកធនាគារមួយកន្លែង នៅក្នុងទីក្រុងហាណូយ។ តែទោះយ៉ាងណា ចោរទាំងពីនោះ ដែលត្រូវបានដឹងថា បានប្រើកាំភ្លើងក្លែងក្លាយ និងកាបិត ដើម្បីគំរាមប្លន់ ត្រូវបានប៉ូលីសចាប់ខ្លួន បន្ទាប់ធ្វើសកម្មភាពប្លន់បានប៉ុន្មានម៉ោងប៉ុណ្ណោះ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយករណីនេះបានកើតឡើងនៅវេលាម៉ោង ៨ និង ៤៩ នាទី ព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ប៉ូលីសស្រុក Bac Tu Liem បានសម្របសម្រួលជាមួយនាយកដ្ឋានប៉ូលីសព្រហ្មទណ្ឌនៃប៉ូលីសទីក្រុងហាណូយ ដើម្បីចាប់ខ្លួនចោរ២នាក់នោះ ដែលបានធ្វើសកម្មភាពប្លន់ធនាគារ Vietinbank នៅក្នុងសង្កាត់ Xuan Tao ។ ចោរប្លន់ទាំងពីរមានឈ្មោះ Tran Van Hieu (អាយុ ៣១ ឆ្នាំ នៅ Duc Thang ស្រុក Bac Tu Liem) និង Nguyen Thanh Tung (អាយុ ៤១ ឆ្នាំ នៅសង្កាត់ Thanh Xuan Bac ស្រុក Thanh Xuan ហាណូយ)។
តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញឲ្យឃើញ គឺបន្ទាប់ពីចូលទៅក្នុងបន្ទប់ប្រតិបត្តិការរបស់ធនាគារ Vietinbank ចោរឈ្មោះ Hieu បានប្រើកាំបិត និងកាំភ្លើងគំរាមបុគ្គលិកនៅទីនោះ រួចយកលុយរត់គេចខ្លួនតែម្តង។
នៅប៉ុស្តិ៍ប៉ូលីស ពួកគេបានសារភាពថា ពួកគេមិនមានការងារស្ថិរភាពទេ និងជំពាក់បំណុលគេច្រើន ប៉ុន្តែ មិនអាចរកសងបាន ទើបពួកគេសម្រេចិត្តប្លន់ធនគារ ដើម្បីសងបំណុល។
បន្ទាប់មក Hieu ត្រូវបានគេដឹងថា ជាមេខ្លោងក្នុងការហៅ Tung ឱ្យចូលរួមប្លន់ ព្រោះពីមុនគាត់បានទៅការិយាល័យប្រតិបត្តិការធនាគារ Vietinbank ដែលមានទីតាំងនៅសង្កាត់ Xuan Tao ដើម្បីសុំនីតិវិធីខ្ចីប្រាក់។
លុះព្រឹកឡើងថ្ងៃទី៧ មីនា ឈ្មោះ Hieu និងTung បានទៅការិយាល័យប្រតិបត្តិការធនាគារនេះ ដើម្បីប្លន់យកលុយតែម្តង។ នៅពេលនោះ Hieu ប្រាប់ថាមកដកលុយ ស្រាប់តែដកភ្លើង និងកាំបិតគំរាមបុគ្គលិកធនាគារ ប្លន់យកលុយជាង ៥០០ លានដុង (ស្មើនឹងជាង ២ ម៉ឺនដុល្លារ) រួចឡើងម៉ូតូជិះគេចខ្លួនតែម្តង។
វីដេអូក៏បានបង្ហាញ បន្ទាប់ឡើងជិះម៉ូតូគេចខ្លួន ចោរទាំងពីរ ក៏ត្រូវបានសន្តិសុខម្នាក់ ក្នុងចំណោមសន្តិសុខជាច្រើននាក់ នៅហាងក្បែរនោះ លោតធាក់ម៉ូតូរបស់ពួកគេ ប៉ុន្តែ មិនត្រូវនោះទេ។ តែទោះជាយ៉ាងណា ក្រោយរត់ចេញពីការិយាល័យប្រតិបត្តិការប្រហែល ២០០ ម៉ែត្រ ប្រហែលស្លន់ពេក ពួកគេក៏បានជិះម៉ូតូដួល ជាហេតុធ្វើឲ្យពួកគេបង្ខំចិត្តទម្លាក់លុយជាង ៣០០ លានដុង ពីកាបូបស្ពាយរបស់ពួកគេ នៅតាមផ្លូវជាមួយនឹងកាំភ្លើងក្លែងក្លាយ។ ហើយបន្ទាប់ពីប្រព្រឹត្តបទល្មើសបានប្រមាណ ១៦ ម៉ោង ជនសង្ស័យប្រុសទាំងពីរនាក់នេះ ត្រូវបានប៉ូលិសចាប់ខ្លួនតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង













