កំពង់ចាម៖ ជនសង្ស័យ៧នាក់ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន រួមជាមួយនឹងថ្នាំញៀន២២កញ្ចប់ ត្រូវកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ប្រើវិធានញុះញង់ ឃាត់ខ្លួននៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨នេះ នៅចំណុចភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់។
លោកឧត្តមសេនីយ៍ទោ ឯម កុសលស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានទាំង៧នាក់ រួមមាន ឈ្មោះ ហ៊ួរ ហ៊ុយទី ហៅទ្រី អាយុ១៨ឆ្នាំ នៅភូមិត្រពាំងឈូក ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ឈ្មោះ ស្រឿង សេងអាង អាយុ២៧ឆ្នាំ នៅភូមិហុងប្រម៉ា ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ឈ្មោះ លីម គីមលាង អាយុ១៩ឆ្នាំ ឈ្មោះ សុះ សុខគ្រី អាយុ២៣ឆ្នាំ ឈ្មោះ ស្លេះ អារីហ្សី អាយុ២៨ឆ្នាំ ឈ្មោះ ម៉ាន សាឡឹម អាយុ២៧ឆ្នាំ និងឈ្មោះ ញ៉ រដ្ឋា អាយុ២៩ឆ្នាំ នៅភូមិអូរបេង ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់។កម្លាំងនគរបាលជំនាញដកហូបាន ម្សៅក្រាមពណ៌សចំនួន២២កញ្ចប់ (ធំ៣កញ្ចប់ និងតូច១៩កញ្ចប់) ម៉ូតូ៣គ្រឿង ទូរស័ព្ទដៃ៥គ្រឿង ឧបករណ៍សេពថ្នាំញៀននិងសម្ភារៈវេចខ្ចប់មួយចំនួន។ ជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់បន្ដតាមនីតិវិធី៕ ដោយ ៖ បញ្ញាស័ក្តិ