Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សួនច្បារអង្គុយលេងព្រែកកំពង់បាយ កំពុងទាក់ទាញភ្នែកអ្នកទេសចរណ៍ និងប្រជាពលរដ្ឋក្នុងខេត្តកំពត

កំពត៖ ក្រោយសម្រាកពីការងារ នាពេលល្ងាច ភ្ញៀវទេសចរ និងប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពត តែងតែចូលចិត្តនាំគ្នា មានទាំងគ្រួសារ ឬមិត្តភក្កិ មកអង្គុយលម្លែកាយ និងញាំអាហារបន្តិចបន្តួចនៅតាមសួនច្បារនាមាត់ព្រែកកំពង់បាយជារៀងរាល់ថ្ងៃ ដោយពួកគេចូលចិត្តមកលេងនៅពេលថ្ងៃរាបលិច រហូតដល់ពេលយប់ទើបត្រឡប់ទៅគេហដ្ឋានវិញ ជាពិសេសនៅបរិវេណសួនខាងមុខសាលាខេត្តកំពត ព្រោះថាពួកគេអង្គុយនៅទីនោះ ធ្វើឱ្យមាន​អារម្មណ៍ស្រស់ស្រាយ សប្បាយចិត្ត ភ្លេចអស់ទុកកង្វល់ និងភាពតានតឹងនានា។

ពួកគេបាននិយាយថា សួនច្បារតាមបណ្តោយមាត់ព្រែកកំពង់បាយ ក្រុងកំពត បានក្លាយជាកន្លែងដែលពួកគេចូលចិត្តមកអង្គុយលម្ហែកាយ ស្រូបយកខ្យល់អាកាសនៃទឹកសមុទ្រ ដើរហាត់ប្រាណ ជិះកង់ និង និងញាំអាហារជុំគ្នា ខណៈដែលមានទូកទេសចរណ៍ និងអាហាររដ្ឋាននានានៅក្បែរៗនោះ មានភ្ញៀវចូលចិត្តជិះ កម្សាន្តលេងច្រើននាពេលយប់។

ប្រជាពលរដ្ឋក្នុងខេត្តកំពត​ បានប្រាប់ឱ្យដឹងថា ក្រុងកំពតមានការអភិវឌ្ឍន៍ច្រើន ហើយការរៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាព និងការតុបតែងលម្អភ្លើងពណ៌បានល្អប្រសើរ ពិសេសនៅតាមផ្លូវមានពាក់អំពូលភ្លើងបំភ្លឺផ្លូវព្រោងព្រាត។ ហើយបច្ចុប្បន្ននេះ ភ្ញៀវទេសចរភាគច្រើនទៅញាំអាហារ និងជួបជុំគ្នានៅលើទូកទេសចរណ៍តាមបណ្តោយមាត់ព្រែកកំពង់បាយ និងអាហារដ្ឋាននានា​ ក្នុងពេលរាត្រី។

សូមបញ្ជាក់ថា សួនច្បារមាត់ព្រែកកំពង់បាយ​ លាតសន្ធឹងតាមប្របមាត់ព្រែកពីស្ពានថ្មី រហូតដល់រូបសំណាក់ព្រះបាទអង្គដួង​ ជាពិសេសសួនច្បារនេះស្ថិតនៅចំទីក្រុងកំពត។ រដ្ឋបាលខេត្តកំពត បាននឹងកំពុងរៀបចំតុបតែងលម្អ សោភ័ណ្ឌភាពក្រុង ដើម្បីទទួលភ្ញៀវទេសចរនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះផងដែរ  ដោយក្នុងនោះមានការថែទាំសួនច្បារ និងការដាក់បន្ថែមអំពូលភ្លើងបំភ្លឺផ្លូវ និងផ្ទាំងអំពូលភ្លើងកាត់ទទឹងផ្លូវ ពិសេសផ្លូវតាមសួនច្បារមាត់ព្រែកកំពង់បាយនេះតែម្តង៕

×