ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាសរុបចំនួន ១,០៩៣,៨១៨ ដុល្លារដល់កម្ពុជា សម្រាប់ការកសាងសមត្ថភាពយុវជន អនាម័យ និងសុខភាពសហគមន៍។
កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ រវាងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយអង្គភាពទទួលជំនួយចំនួន២។
ថ្លែងក្នុងពិធីចុះហត្ថលេខានេះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានឲ្យដឹងថា គម្រោងទី១ គឺគម្រោងកសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិន តាមរយៈការពង្រឹងមជ្ឈមណ្ឌលសិក្សាសហគមន៍ឆ្នាំទី៣ លើថវិកាជំនួយ ៤៤៥,៩៩៤ ដុល្លារ ដែលបានផ្តល់ដល់ អង្គការកុមារឥតព្រំដែន (KnK) ជាអ្នកអនុវត្ត ។ នៅក្នុងគម្រោងនេះដែរ អង្គការ Knkនឹងបន្តគាំទ្រដល់យុវជន ជាពិសេសអ្នកដែលទទួលរងការ លំបាកដោយសារការងារមិនស្ថិតស្ថេរ ខ្វះជំនាញជីវិត និងបោះបង់ចោលការសិក្សា។ សម្រាប់ឆ្នាំទី៣ នៃគម្រោងនេះ មជ្ឈមណ្ឌលសិក្សាសហគមន៍ថ្មីចំនួន២ នឹងត្រូវបានសាងសង់ ហើយមជ្ឈមណ្ឌល សិក្សាសហគមន៍ចំនួន៤ ដែលរួមទាំងមជ្ឈមណ្ឌលសិក្សាសហគមន៍ថ្មីចំនួន២ដែលទើបសាងសង់នេះ នឹងត្រូវបានបំពាក់ជាមួយនឹងសម្ភារសិក្សា។
ឯកអគ្គរាជទូតបានបន្ដថា សម្រាប់គម្រោងទី២ គឺគម្រោងការរួមបញ្ចូលគ្នាដូចជា បញ្ហាសុខភាព អាហារូបត្ថម្ភ ទឹកស្អាត និងបញ្ហាអនាម័យក្នុងខេត្តព្រះវិហារឆ្នាំទី៣ លើថវិកាចំនួន ៦៤៧,៨២៤ ដុល្លារ ដែលបានផ្តល់ឲ្យ អង្គការ World Vision Japan (WVJ)។ ក្នុងគម្រោងនេះអង្គការ WVJ នឹងបន្តផ្តល់វគ្គបណ្តុះបណ្តាល និងលើកកម្ពស់ការយល់ដឹងអំពី សុខភាព អាហារូបត្ថម្ភ និង WASH (ទឹកស្អាត និងអនាម័យ) ដល់មន្ត្រីសុខាភិបាល និងមន្ត្រីអភិវឌ្ឍន៍ជនបទ ព្រមទាំងសហគមន៍ក្នុងខេត្តព្រះវិហារផង។
កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២មក ដោយបានគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកាជាង ៤៨លានដុល្លារដល់គម្រោង ចំនួន១៤៥ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យ កសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕