រុស្ស៊ីបាននិយាយថា ការចរចាជាមួយក្រុង គៀវ (Kyiv) ដើម្បីដោះស្រាយជម្លោះអ៊ុយក្រែនកំពុងដំណើរការទៅមុខ ហើយបានគូសបញ្ជាក់ថា កងទ័ពរបស់ទីក្រុងម៉ូស្គូមិនបានធ្វើការផ្តួលរំលំរដ្ឋាភិបាលអ៊ុយក្រែននោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី ម៉ារៀ ហ្សាការ៉ូវ៉ា (Maria Zakharova) បានថ្លែងក្នុង សន្និសីទសារព័ត៌មាន ដោយសំដៅលើកិច្ចចរចាចំនួនបីជុំជាមួយទីក្រុង Kyiv ថា “វឌ្ឍនភាពមួយចំនួនត្រូវបានបង្កើតឡើង” ។
មន្ត្រីអ៊ុយក្រែន និងរុស្ស៊ីបាននឹងកំពុងជួបប្រជុំគ្នានៅព្រំដែនបេឡារុស្ស-ប៉ូឡូញ ដើម្បីពិភាក្សាគ្នាដើម្បីបញ្ចប់ការប្រយុទ្ធគ្នា។ លោកស្រី ហ្សាការ៉ូវ៉ា បាននិយាយថា ការចរចាមួយទៀតនឹងត្រូវផ្តោតលើច្រករបៀងមនុស្សធម៌ ដើម្បីជម្លៀសជនស៊ីវិល។
លោកស្រីក៏បាននិយាយដែរថា ទីក្រុងមូស្គូមិនមានចេតនាកាន់កាប់អ៊ុយក្រែន ឬផ្តួលរំលំរដ្ឋាភិបាលហអ៊ុយក្រែនទេ។ លោកស្រីហ្សាការ៉ូវ៉ា បានបន្តទៀតថា គោលបំណងរបស់កងទ័ពគឺ “មិនមែនដើម្បីកាន់កាប់អ៊ុយក្រែន ឬការបំផ្លិចបំផ្លាញរដ្ឋរបស់អ៊ុយក្រែនទេ ឬការផ្តួលរំលំរដ្ឋាភិបាលនោះទេ។ វាមិនមែនសំដៅប្រឆាំងនឹងប្រជាជនស៊ីវិលនោះទេ។
ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកបានបញ្ជូនកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងគោលបំណងដើម្បីប្រឆាំងពួកណាស៊ី (de-Nazify) នៅក្នុងប្រទេសនោះ។ គូសបញ្ជាក់ថា ចាប់តាំងពីទាហានរុស្ស៊ីបានចូលទៅកាន់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ពួកគេបានរុលចូលប្រទេស និងបានបាញ់ផ្លោងទីក្រុងសំខាន់ៗរបស់អ៊ុយក្រែន ដោយបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួន។ ហើយទីក្រុងមូស្គូនិយាយថា ខ្លួនមិនកំណត់គោលដៅលើតំបន់ជនស៊ីវិលទេ បើទោះបីជាមានភស្តុតាងរីករាលដាលក៏ដោយ។
លោកស្រីហ្សាការ៉ូវ៉ា ក្នុងអំឡុងពេលធ្វើបទសម្ភាសន៍នេះ បានចោទប្រកាន់អាជ្ញាធរក្រុងគៀវពីបទរារាំងកិច្ចខិតខំប្រឹងប្រែងដើម្បីជម្លៀសជនស៊ីវិល។ រុស្ស៊ី និងអ៊ុយក្រែនបានព្រមព្រៀងលើបទឈប់បាញ់រយៈពេលមួយថ្ងៃកាលពីថ្ងៃពុធជុំវិញច្រករបៀងដើម្បីជម្លៀសជាបន្តបន្ទាប់ ដើម្បីអនុញ្ញាតឱ្យជនស៊ីវិលគេចចេញពីការប្រយុទ្ធគ្នា។
ទីក្រុងមូស្គូបាននិយាយនៅសប្តាហ៍នេះថា ខ្លួននឹងរៀបចំច្រករបៀងជម្លៀស ប៉ុន្តែទីក្រុង Kyiv បាននិយាយថា ផ្លូវដែលបានស្នើឡើងគឺមិនអាចទទួលយកបានទេ ពីព្រោះខ្លះនាំទៅដល់ប្រទេសរុស្ស៊ី។
លោកស្រី ហ្សាការ៉ូវ៉ា បានអះអាងថា ប្រជាជនអ៊ុយក្រែនប្រហែលពីរលាននាក់ចង់ជម្លៀសទៅកាន់ប្រទេសរុស្ស៊ី។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR បានប៉ាន់ប្រមាណថា ចំនួនជនភៀសខ្លួនអ៊ុយក្រែនសរុបមានចំនួនរហូតដល់ ២,២ លាននាក់៕ ប្រភព៖ AFP