អ្នកនាំពាក្យក្រសួងការបរទេសចិន លោក សៅ លីជៀន (Zhao Lijian) បានថ្លែងកាលពីថ្ងៃ៩ ខែមីនា ថា សកម្មភាពរបស់អង្គការណាតូ ដែលបានដឹកនាំដោយសហរដ្ឋអាមេរិក បានបង្កើនភាពតានតឹងរវាង
រុស្ស៊ី និងអ៊ុយក្រែន នឹងនាំទៅរកចំណុចបំបែក។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក លីជៀន បានជំរុញឱ្យសហរដ្ឋអាមេរិកយកចិត្តទុកដាក់ចំពោះការព្រួយបារម្ភរបស់ប្រទេសចិន និងជៀសវាងការធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ ឬផលប្រយោជន៍របស់ខ្លួន ក្នុងការដោះស្រាយបញ្ហាអ៊ុយក្រែន និងទំនាក់ទំនងជាមួយរុស្ស៊ី។
លោកក៏បានបញ្ជាក់ផងដែរថា ប្រទេសចិនបានប្រឆាំងដាច់ខាតលើការដាក់ទណ្ឌកម្មឯកតោភាគី និងការទប់ស្កាត់ដោយសហរដ្ឋអាមេរិក។ ប្រទេសចិនបានជំរុញឱ្យគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះបញ្ហាអ៊ុយក្រែន និងរុស្ស៊ី មិនគួរធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់ប្រទេសចិនឡើយ។ លោក លីជៀន បាននិយាយថា៖ “ប្រទេសចិននឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិរបស់ក្រុមហ៊ុនចិន និងបុគ្គល” ។
លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក Gina Raimondo បានប្រាប់កាសែត New York Timesថា ក្រុមហ៊ុនចិនដែល មិនគោរពតាមការរឹតបន្តឹងរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងការនាំចេញទៅកាន់ប្រទេសរុស្ស៊ី អាចនឹងត្រូវបានកាត់ផ្តាច់ពីឧបករណ៍ និងកម្មវិធីរបស់អាមេរិកដែលពួកគេត្រូវការ ដើម្បី បង្កើតផលិតផលរបស់ពួកគេ។
លោក Raimondo បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារផងដែរថា សហរដ្ឋអាមេរិកអាច “បិទ” យ៉ាងសំខាន់ទៅលើក្រុមហ៊ុនផលិតបន្ទះឈីប(Semiconductor Manufacturing International Corp (SMIC) ឬក្រុមហ៊ុនចិនណាមួយ ដែលប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដោយបន្តផ្គត់ផ្គង់បន្ទះឈីប និងបច្ចេកវិទ្យាទំនើបផ្សេងទៀតដល់ប្រទេសរុស្ស៊ី។
ទីក្រុងវ៉ាស៊ីនតោនកំពុងគំរាមកំហែង ដោយដាក់បញ្ជូលបន្ថែមក្រុមហ៊ុនទៅក្នុងបញ្ជីខ្មៅនៃការធ្វើពាណិជ្ជកម្ម ប្រសិនបើពួកគេបន្តនាំចេញទៅរុស្សី ដោយបំពាននូវវិធានទប់ស្កាត់ការនាំចេញថ្មីប្រឆាំងនឹងរុស្ស៊ីដែលបានដាក់ចេញដោយអាមេរិក៕ ប្រភព៖ រ៉យទ័រ