គ្រូមហាជ័យ បារមីស្តេចនាគ ឃើញថា មួយរយៈចុងក្រោយនេះ បានធ្វើឲ្យផ្ទុះកក្រើកពេញបណ្តាញសង្គមតែម្តង បន្ទាប់ពីបានបញ្ចេញវីដេអូអះអាងថា បារមីព្រះម៉ែនាគចូលសន្ធិតនៅឯប្រាសាទអង្គវត្ត ដែលធ្វើឲ្យមហាជនគ្រប់គ្នាសម្តែងការហួសចិត្តយ៉ាងខ្លាំង រហូតមនុស្សជាច្រើនស្អប់ពេក ដល់ថ្នាក់ពន្លះឲ្យកប់ៗថា គ្រូឡប់ ឬ គ្រូបោកជាដើម។
ពិតណាស់ ដោយសារតែមតិមហាជន នាំគ្នាផ្ទុះការរិះគន់មិនសំចៃមាត់សារជាថ្មី ហើយប្រហែលជាបារមីផ្លូវក្នុងធ្វើមិនចេញ គ្រូមហាជ័យ ឬថាលោកឪរូបនេះ ទប់ទល់លេងឈ្នះ ក៏បានចេញការព្រមាននៅលើហ្វេសប៊ុក «លេងតាមផ្លូវលោកខាងក្រៅ» នោះគឺឲ្យមេធាវីរបស់ខ្លួន ចាត់វិធានការតាមនីតិវិធីច្បាប់ ទៅលើអ្នកខមិនណាដែលជេរប្រមាថធ្ងន់ៗ និងចោទថាខ្លួនជាគ្រូបោក។
តែទោះជាយ៉ាងណា គ្រូមហាជ័យ ដែលអ្នកលេងបណ្តាញសង្គមហៅថា គ្រូបារមីនាគខ្ទើយ នៅតែបន្តធ្វើរឿងដ៏ហួសចិត្តនេះ បើទោះជាមនុស្សភាគច្រើនរិះគន់ថាជាគ្រូបំពុលបែបណាក៏ដោយ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១០ ខែមីនា នេះ គ្រូរូបនេះបាននាំកូនចៅទៅធ្វើបុណ្យរំលឹកគុណដល់ស្តេចនាគ នៅលើផ្ទៃទន្លេមុខវាំងដូចការគ្រោងទុក។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺគ្រូមហាជ័យ ទៅរំលឹកដល់ស្តេចនាគលើកនេះ ដោយបាននាំទៅជាមួយ «គ្រូមហាជុំ» ទៀតផង។ ហើយអ្វីដែលគួរឲ្យហួសចិត្ត និងអស់សំណើចយ៉ាងខ្លាំងនោះ គឺបន្ទាប់ពីគ្រូមហាជ័យ ត្រូវព្រះម៉ែនាគចូលសន្ធិតបញ្ចេញក្បាច់រាំយ៉ាងល្វត់ល្វន់ ញញឹមបិទសឹងមិនជិតរួច ស្រាប់គ្រូមហាជុំ តំណាងឲ្យព្រះម៉ែកាលី ក៏ចូលបន្ទាប់ បញ្ចេញកាយវិការដូចក្បាច់ស្រវឹងអុីចឹង។ ក្រៅពីនេះ គេក៏បានឃើញស្រ្តីវ័យក្មេង២នាក់ទៀត ដែលចាត់ទុកជាកូននាគ ក៏បានចូលរូបបញ្ចេញអស់ហើយក្បាច់ទាំងប៉ុន្មាន!!។
ដោយឡែក អ្នកលេងបណ្តាញសង្គមវិញ ក្រោយពីបានឃើញទិដ្ឋភាពបែបនេះ ម្នាក់ៗសើចស្ទើរគាំងតែម្តង។ ក្នុងនោះ អ្នកលេងហ្វេសប៊ុកជាច្រើនបានលើកឡើងចំៗថា «ម្នាក់ស្រីនោះពូកែសម្ដែងមេស? ពូកែធ្វើទឹកមុខ ធ្វើដូចមែនទែន?, មិនមែនស្ដេចនាគចូលទេ តែនេះ k-pop ចូលហើយ, អីយ៉ាស់នាំភីលៀងឆ្វេងស្តាំមកទៀត, បារមីចូលហេីយនៅឆ្លៀតមេីលកាមេរ៉ាទៀត, អត់បើកភ្នែកពេលចូល ព្រោះគាត់ខ្លាចគេចាប់បានថាសម្ដែង,… »។ រីឯអ្នកខ្លះទៀតនិយាយត្រង់ៗថា «ឈប់មើលហើយ បើខ្ញុំនៅមើលទៀត ខ្ញុំគាំងងាប់ឥឡូវហើយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
























