ភ្នំពេញ៖ បើយោងតាមអភិបាលរាជធានីភ្នំពេញ គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ មានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០ កន្លែង និងអគារខ្ពស់ៗចំនួន ១.៦០៣ អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥ អគារ។
ជាមួយគ្នានេះ នៅក្នុងឆ្នាំ ២០២១កន្លងទៅថ្មីៗនេះ រាជធានីភ្នំពេញ ក៏ទទួលបានគម្រោងសាងសង់ថ្មីៗ ពីវិស័យឯកជន ចំនួន ១.០៥០ គម្រោង លើផ្ទៃក្រឡាសំណង់ សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ ពាន់លានដុល្លារអាមេរិកបន្ថែមទៀតផងដែរ។
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានមានឱ្យដឹងថា “ការបណ្តាក់ទុនវិនិយោគក្នុងវិស័យអចលនទ្រព្យ នៅរាជធានីភ្នំពេញនាពេលនេះ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យថ្មីមួយទៀត របស់រាជរដ្ឋាភិបាល ក្នុងការខិតខំទាក់ទាញការវិនិយោគ ទាំងក្នុង និងក្រៅប្រទេស ជាពិសេសគឺការខិតខំបង្កើនជំនឿជឿជាក់ ជូនដល់ពាណិជ្ជករ វិនិយោគិន និងធុរជន ដើម្បី បណ្តាក់ទុនធ្វើអាជីវកម្មនៅកម្ពុជា សំដៅរួមចំណែកជំរុញឱ្យមានកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក និងអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែរីកចម្រើនបន្ថែមទៀត”។
គួរបញ្ជាក់ថា ស្របតាមការកើនឡើង នូវតម្រូវការសកល និងទំនុកចិត្ត របស់វិនិយោគគិនទាំងក្នុងស្រុក និងបរទេស ដែលជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគ ក្នុងវិស័យអចលនទ្រព្យ មានអគារពាណិជ្ជកម្ម សណ្ឋាគារៈ សំណង់បុរី ដីឡូតិ៍ អគារស្នាក់នៅ អាផាតមិន និងអគារខុនដូទំនើបៗនោះ ត្រូវបានប៉ាន់ស្មានថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងបន្តងើបឡើងវិញ នាបណ្ដាឆ្នាំខាងមុខយ៉ាងឆាប់រហ័ស៕