កាលពីថ្ងៃម្សិលមិញ ទី១០ ខែមីនា ឆ្នាំ២០២២ គ្រូមហាជ័យ បារមីស្តេចនាគ បានធ្វើឲ្យមហាជនផ្ទុះការភ្ញាក់ផ្អើលឡើងកក្រើកបណ្តាញសង្គមតែម្តង ក្រោយពីបានឃើញគ្រូរូបនេះ បាននាំ «បរិវារ» ក្នុងនោះក៏មានគ្រូមហាជុំ ចូលរួម ដើម្បីធ្វើបុណ្យរំលឹកដល់គុណព្រះម៉ែនាគ ហើយក៏បញ្ចេញថា ព្រះម៉ែនាគ ព្រះម៉ែកាលី ចូលសន្ធិតបន្តបន្ទាប់គ្នាបញ្ចេញក្បាច់រាំប្លែកៗ ផ្អើលពេញទូក ស្ថិតនៅកណ្តាលទន្លេបួនមុខ។
ពិតណាស់ ថ្ងៃម្សិលមិញនេះ គឺជាថ្ងៃមួយ ដែលគ្រូមហាជ័យ ត្រូវរងការរិះគន់ធ្ងន់ៗបំផុត ពីសំណាក់មហាជន។ ក្នុងនោះ គេក៏បានឃើញអ្នកលេងហ្វេសប៊ុកល្បីៗ ចេញមកចំអកផ្លែផ្កាយ៉ាងចាក់ដោត និងអ្នកខ្លះទៀត ព្រោះតែស្អប់ខ្លាំងពេក ដល់ថ្នាក់ចង់ទាញព្រនង់រកសំពងក្បាលគ្រូទៀតផង ដើម្បីឲ្យបាត់ឆ្កូត។ ហើយទន្ទឹមនឹងនោះផងដែរ អ្នកលេងបណ្តាញសង្គម ក៏បានចាក់បណ្តោយថា មាន«ជ័យ»ហើយ មាន«ជុំ»ទៀត អុីចឹងគួរតែត្រូវសំពងទាំងពីរបណ្តោយទៅ…។
ដោយឡែក អង្គព្រះស្នងលោកតាសេនាប្រមុខ នាគខ្មៅ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Pee Peng King ដែលក៏មានការហួសចិត្តផងដែរ បានប្រកាសអញ្ជើញលោកគ្រូមហាជន មកសាកល្បងវិជ្ជាការជាមួយខ្លួន ដោយបានបញ្ជាក់ឲ្យដឹងថា៖ «ក្នុងនាមខ្ញុំជាអង្គព្រះស្នងលោកតាសេនាប្រមុខ នាគខ្មៅ ដោយការគោរពខ្ញុំសូមគោរពអញ្ចេីញលោកគ្រូមហាជ័យ សាកល្បងវិជ្ចាការ ដោយល្បីលោកគ្រូពូជពង្សនាគ ចឹងខ្ញុំដាក់ អង្គព្រះស្នងយាងមកសម្ដែងរឹទ្ធិដូចជា លេងទឹកក្ដៅ កាត់អណ្ដាត ចាក់បំពងក ចាក់មាត់ ដេីរលេីភ្លេីង ដោយការគោរពសូមលោកគ្រូដេីម្បីបញ្ចាក់ពីភាពបរិសុទ្ធនៃ បារមី តេីលោកគ្រូហ៊ានទេ ដោយក្ដីគោរពពីខ្ញុំ សូមអញ្ចេីញដោយសេរី ថ្ងៃណាក៏បាន ដេីម្បីបញ្ចាក់ពីភាពបរិសុទ្ធនៃជំនឿកុំអោយបងប្អូនមានការសង្ស័យ។ ពីរខ្ញុំ ស្នងរូបលោកតាសេនាប្រមុខ នាគខ្មៅ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


























