មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសលោកនឹងបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ជាច្រើននៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីផ្តល់ព័ត៌មានពេលវេលាជាក់ស្តែងស្តីពីសកម្មភាពយោធារបស់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ នេះបើយោងតាមការរាយការណ៍ពីសារព័ត៌មានរដ្ឋកូរ៉េ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានឱ្យដឹងថា ខណៈពេលលោកគីមកំពុងត្រួតពិនិត្យរដ្ឋបាលអភិវឌ្ឍន៍លំហអាកាសជាតិរបស់កូរ៉េខាងជើង លោកគីមបាននិយាយថា ផ្កាយរណបឈ្លបយកការណ៍យោធាជាច្រើននឹងត្រូវបានដាក់ចូលទៅក្នុងគន្លងរាងប៉ូល។
លោកក៏បានកត់សម្គាល់ថា គោលបំណងនៃការអភិវឌ្ឍន៍ និងប្រតិបត្តិការផ្កាយរណបឈ្លបយកការណ៍យោធា គឺដើម្បីផ្តល់ឱ្យកងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើងទទួលបាននូវព័ត៌មានពេលវេលាជាក់ស្តែងស្តីពីសកម្មភាពយោធាប្រឆាំងនឹងខ្លួន ដោយកងទ័ពឈ្លានពានរបស់ចក្រពត្តិនិយមអាម៉េរិក និងកងកម្លាំងដ៏ច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូង ប្រទេសជប៉ុន។
អ្នកជំនាញបាននិយាយថា កូរ៉េខាងជើងហាក់ដូចជាកំពុងរៀបចំបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ ដែលជាសកម្មភាពមួយដែលអាចបង្ហាញថាមានភាពចម្រូងចម្រាសដូចនឹងការសាកល្បងអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ ដោយសារតែពួកគេប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោងដែលត្រូវបានហាមឃាត់ដូចគ្នា។
កូរ៉េខាងជើងនិយាយថា ខ្លួនបានធ្វើការសាកល្បងប្រព័ន្ធផ្កាយរណបចំនួនពីរនៅថ្ងៃទី 27 ខែកុម្ភៈ និងថ្ងៃទី 5 ខែមីនា។ អាជ្ញាធរនៅក្នុងប្រទេសកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិកបាននិយាយថា ការសាកល្បងនេះពាក់ព័ន្ធនឹងការបាញ់មីស៊ីលផ្លោង។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា លោក គីម ការពារការងារផ្កាយរណបថា មិនត្រឹមតែជាការប្រមូលព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការពារអធិបតេយ្យភាព និងផលប្រយោជន៍ជាតិរបស់កូរ៉េខាងជើង អនុវត្តសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារខ្លួន និងលើកតម្កើងកិត្យានុភាពជាតិ៕ ប្រភព៖រ៉យទ័រ