Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង

ភ្នំពេញ៖ នៅចុងខែមីនា ឆ្នាំ២០២២ខាងមុខនេះ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៅក្នុងមនី្ទរពេទ្យព្រះអង្គឌួង នឹងត្រូវដាក់ឲ្យដំណើរការពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ផ្នែកត្រចៀក ច្រមុះ បំពង់ក ។

រដ្ឋមន្រី្តក្រសួងសុខាភិបាល ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានចុះពិនិត្យ និងវាយតម្លៃអំពីដំណើរការគម្រោងសាងសង់អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៅក្នុងមនី្ទរពេទ្យព្រះអង្គឌួង ដែលត្រូវដាក់ឲ្យដំណើរការពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ផ្នែកត្រចៀក ច្រមុះ បំពង់ក នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ខាងមុខនេះហើយ។

បើតាមនាយកមន្ទីរពេទ្យព្រះអង្គឌួង លោក លូ លីឃាង បានឲ្យដឹងថា មជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក ថ្មីនេះ បានចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ២០២០ ក្រោមហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋកូរ៉េ ប្រមាណ ៨លានដុល្លារអាមេរិក ព្រមទាំងបំពាក់សម្ភារបរិក្ខារវេជ្ជសាស្រ្តទំនើប ដើម្បីពិនិត្យព្យាបាល និងវះកាត់ ធ្វើយ៉ាងណាបង្កើនគុណភាពសេវាកម្ម ក្នុងមន្ទីរពេទ្យព្រះ អង្គឌួង ឱ្យល្អប្រសើរមួយកម្រិតទៀត។

អគារថ្មីនៅក្នុងមនី្ទរពេទ្យព្រះអង្គឌួង​ ដែលជាជំនួយឥតសំណង់របស់សាធារណរដ្ឋកូរ៉េ ខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ ហៅកាត់ថា កយកា (KOICA)នេះ ជាចំណងមិត្តភាពសាមគ្គីភាពរបស់ភាគីកូរ៉េ និងកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកសុខាភិបាលកម្ពុជា ដែលបំពេញការងារនៅទីនេះ ហើយក៏ជាតម្រូវការមួយសម្រាប់ប្រជាពលរដ្ឋ មកទទួលការថែទាំផ្នែកត្រចៀក ច្រមុះ បំពង់ក(ENT)ផងដែរ។

គួរបញ្ជាក់ថា បើតាមរដ្ឋមន្រី្តក្រសួងសុខាភិបាល​ ជាទូទៅមនី្ទរពេទ្យព្រះអង្គឌួងជាផ្នែកមួយនៃមនី្ទរពេទ្យមជ្ឈឹម ដែលទទួល និងផ្តល់សេវាសុខាភិបាលច្រើន ជូនទៅប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិយោជិក ហើយក៏សូមជូនពរ ដល់បុគ្គលិកនៃមនី្ទរពេទ្យព្រះអង្គឌួង និងភាគីកូរ៉េ ទទួលបានសុខភាពល្អ និងជោគជ័យក្នុងការបំពេញភារកិច្ច ខាងសាងសង់ និងខាងបម្រើសុខភាពប្រជាពលរដ្ឋ សមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានគ្រប់គ្រាន់៕

×