ខេត្តព្រះសីហនុ៖ មន្ត្រីសង្គមស៊ីវិលជាតិ-អន្តរជាតិ កំពុងតាម ឃ្លាំមើលដំណើរការតាមផ្លូវច្បាប់ នៃសកម្មភាព របស់ កងកម្លាំងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបានចាប់ខ្លួន ប្រជាពលរដ្ឋ មានទំនាស់ដីធ្លីរាំរ៉ៃ ជាមួយមន្ត្រីមានអំណាច និងឧកញ៉ាមានទ្រព្យ កាលពីល្ងាចថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១៨។
មន្ត្រីសង្គមស៊ីវិល ដែលតាមឃ្លាំមើលសកម្មភាពចាប់ខ្លួននេះ បានអះអាងថា ការចាប់ខ្លួន តំណាងសហគមន៍អូរខ្សាច់ម្នាក់ គឺអ្នកស្រី ឡុច ទូច និងប្រជាពលរដ្ឋក្នុងសហគន៍ចំនួន ៥នាក់ផ្សេងទៀត របស់កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុខាងលើ គឺត្រូវប្រជាពលរដ្ឋ អះអាងថា មិនបានប្រាប់ពីមូលហេតុ និងមិនបានបង្ហាញដីកា ឬលិខិតស្នាមផ្លូវច្បាប់បង្ហាញដល់ពួកគាត់ទេ។
បច្ចុប្បន្ន ប្រជាពលរដ្ឋមានទំនាស់ដីធ្លីទាំង ៦នាក់ ខាងលើ កំពុងត្រូវបានមន្ត្រីកងរាជអាវុធហត្ថសាកសួរ បន្ទាប់ពីបានឃុំខ្លួន ១យប់ នៅក្នុងបន្ទប់ នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីយប់មិញ។
បញ្ហានេះដែរ អ្នកយកព័ត៌មាន គេហទំព័រ WWW.CEN.COM ប្រចាំខេត្តព្រះសីហនុ មិនទាន់អាចទាក់ទង លោក ហេង ប៊ុន ទី មេបញ្ញាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបំភ្លឺជុំវិញការចាប់ខ្លួន ប្រជាពលរដ្ឋទាំង ៦នាក់ ខាងលើបាននៅឡើយទេ នៅព្រឹកថ្ងៃចន្ទ ទី៧ ខែឧសភា ឆ្នាំ២០១៨។
ករណីនេះ មន្ត្រីសង្គមស៊ីវិលជាតិ និងអន្តរជាតិ ថ្លែងថា កំពុងតាមឃ្លាំ និងអង្គេតទៅលើសកម្មភាព នៃការចាប់ខ្លួនប្រជាពលរដ្ឋ មានទំនាស់ដីធ្លីទាំង ៦នាក់ នៅសហគមន៍អូរខ្សាច់ មានទីតាំងនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុខាងលើនេះ ដោយយកចិត្តទុកដាក់៕ ដែន សីមា