ជាការពិតណាស់ ករណីចោរលួចកាច់កញ្ចក់រថយន្តទំនើបៗ ដែលមានតម្លៃថ្លៃៗ នោះយើងគ្រប់គ្នាធ្លាប់បានដឹងរួចមកហើយ គឺតែងតែបានកើតឡើងជាពិសេសនៅក្នុងបុរីតែម្តង។ ប៉ុន្តែ ចំពោះករណីនេះវិញ គឺពិតជាសាហាវខ្លាំងណាស់ ដែលចោរវ័យក្មេងម្នាក់ពិតជាហ៊ានណាស់ បានជិះម៉ូតូធ្វើសកម្មភាពកាច់កញ្ចក់រថយន្តទំនើប១គ្រឿង នៅលើដងផ្លូវទាំងកណ្តាលថ្ងៃ ដោយគ្មានខ្លាចញញើតសោះឡើយ។ ហេតុការណ៍ស្តែងៗនេះ គឺបានកើតឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នេះតែម្តង ស្ថិតនៅម្តុំផ្សារធំថ្មី។
តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាពម្ចាស់ឡានដែលមានគណនីហ្វេសប៊ុកឈ្មោះ Tang Youang បានបង្ហាញឲ្យឃើញចោរវ័យក្មេងម្នាក់ ជិះម៉ូតូពាក់ផ្លាកលេខ ភ្នំពេញ 1IM – 0916 ធ្វើសកម្មភាពកាច់កញ្ចក់រថយន្ត Lexus LX570 ចំហៀងខាងឆ្វេងយ៉ាងលឿនដ៏ជំនាញ រួចជិះម៉ូតូគេចខ្លួន ដោយពុំបង្កការរំខានដល់អ្នកដំណើរណាម្នាក់ចាប់អារម្មណ៍នោះឡើយ។
អ្នកលេងបណ្តាញសង្គម ក្រោយពីបានឃើញហេតុការណ៍នេះ ក៏បានលើកឡើងថា សកម្មភាពពួកចោរកាច់កញ្ចក់ឡានថ្លៃៗ គឺហាក់ដូចជាមានទីផ្សារចាំទទួលទិញរួចស្រាប់។ ដែលជាហេតុធ្វើឲ្យក្រុមចោរកាច់កញ្ចក់ឡាន ជាពិសេសដូចចោរវ័យក្មេងម្នាក់នេះអុីចឹង ដែលទំនងធ្វើការនៅកន្លែងជាងឡាន បានដៃ ដើរលួចឲ្យតែឡានទំនើបណាចតចោលប្រហែសគឺដឹងតែអស់ត្រចៀកឡានហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




