ភ្នំពេញ៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញពីលទ្ធផល នៃសិក្ខាសាលា និងកម្មវិធីវេទិកាតុមូល ដើម្បីផ្សព្វផ្សាយ និងបណ្ដុះបណ្ដាល ច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ របស់អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារត្រួតពិនិត្យរួម នៃក្រុមប្រទេសអាស៉ីប៉ាស៉ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្ដរជាតិ។
ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្រុមការងារទី២ ទទួលបន្ទុកអនុវត្តសកម្មភាពនៅក្នុងលទ្ធផលជាក់ស្ដែងទី១១ ទាក់ទងនឹងទណ្ឌកម្មហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ បានរៀបចំសិក្ខាសាលាចំនួន២លើក និងវេទិកាតុលមូល ចំនួន១។
សិក្ខាសាលានេះ ត្រូវបានធ្វើឡើងដើម្បីផ្សព្វផ្សាយ បណ្ដុះបណ្ដាល លើកកម្ពស់ការយល់ដឹង និងចែករំលែកបទពិសោធន៍ ពីការអនុវត្តច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដល់មន្ដ្រី បុគ្គលិក នៃក្រសួងស្ថាប័នត្រួតពិនិត្យនានា ដែលមានតួនាទីត្រួតពិនិត្យបុគ្គលរាយការណ៍ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន សំដៅពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់នេះ និងដើម្បីឆ្លើយតបនឹងអនុសាសន៍របស់ក្រុមប្រទេសអាស៉ីប៉ាស៉ីហ្វិក ស្ដីពីការសម្អាតប្រាក់ (APG) ។
អនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួម នៃ ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា ក្រុមការងារទី២ ទទួលបន្ទុកអនុវត្តសកម្មភាពនៅក្នុងលទ្ធផល ជាក់ស្ដែងទី១១ ទាក់ទងនឹងទណ្ឌកម្មហិរញ្ញវត្ថុលើហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ បានរៀបចំសិក្ខាសាលាចំនួន ២ លើក និងវេទិកាតុមូលចំនួន ១ លើក ដើម្បីបណ្តុះបណ្តាល និងផ្សព្វផ្សាយឱ្យបាន កាន់តែទូលំទូលាយបន្ថែមទៀត ពីច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដល់ក្រសួង-ស្ថាប័នត្រួតពិនិត្យ, បុគ្គលឬអង្គភាពក្រៅពីបុគ្គលរាយការណ៍ និងសាធារណជន។

១-អំពីសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយ ភាយអាវុធមហាប្រល័យ៖ ដើម្បីបន្តផ្សព្វផ្សាយ និងបណ្តុះបណ្តាលពីច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ ការរីកសាយភាយអាវុធមហាប្រល័យ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦២០/ ០១៩ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០, ក្រុមការងារទី២ បានរៀបចំសិក្ខាសាលា ចំនួន ២ លើកបន្ថែមទៀត តាមប្រព័ន្ធអនឡាញ (Zoom) ក្រោមអធិបតីភាព ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួង យុត្តិធម៌, ឯកឧត្តម ងី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង លោកជំទាវ សាយ សំអាត ប្រធាន អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ជាសហប្រធាននៃក្រុមការងារទី២។
សិក្ខាសាលាលើកទី១ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៤:០០ នាទី រសៀល ដោយមានការចូលរួមពីសមាជិកក្រុមការងារទី២ និងមន្ត្រី-បុគ្គលិក សរុបចំនួន ១០០ នាក់ មកពីក្រសួង-ស្ថាប័ន ត្រួតពិនិត្យ ចំនួន ៧ រួមមាន៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំនួន ៣ រូប, ក្រសួងពាណិជ្ជកម្ម ចំនួន ២ រូប, អគ្គស្នងការនគរបាលជាតិ ចំនួន ១ រូប, អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ចំនួន ៤៧ រូប, គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ចំនួន ៣៦ រូប, អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ចំនួន ៣ រូប និង សមាជិកក្រុមការងារទី២ ចំនួន ៨ រូប។ ដោយឡែក, សិក្ខាសាលាលើកទី២ ត្រូវបានធ្វើឡើងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ៩០០ នាទីព្រឹក ដោយមានការចូលរួមពីសមាជិកក្រុមការងារទី២ និងមន្ត្រី-បុគ្គលិក របស់ក្រសួង-ស្ថាប័នត្រួតពិនិត្យ សរុបចំនួន ១៤៦ នាក់ ដែលក្នុងនោះរួមមាន ក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ ចំនួន ៥ រូប, ក្រសួងពាណិជ្ជកម្ម ចំនួន ៣៩ រូប, ធនាគារជាតិនៃកម្ពុជា ចំនួន ៤ រូប, អគ្គស្នងការនគរបាលជាតិ ចំនួន ១ រូប, គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ចំនួន ១១ រូប, និយ័តករបរធនបាលកិច្ច ចំនួន ១៦ រូប, និយ័តករមូលបត្រកម្ពុជា ចំនួន ១៥ រូប, និយ័តករគណនេយ្យ និង សវនកម្ម ចំនួន ៨ រូប, និយ័តករសន្តិសុខសង្គម ចំនួន ៨ រូប, និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំចំនួន ១១ រូប , និយ័តករធានារ៉ាប់រងកម្ពុជា ចំនួន ៥ រូប, អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាចំនួន ៦ រូប និង សមាជិកក្រុម ការងារទី២ ចំនួន ១៧ រូប។
សិក្ខាសាលាទាំង ២ លើកនេះ ត្រូវបានធ្វើឡើង ដើម្បីផ្សព្វផ្សាយ បណ្ដុះបណ្ដាល លើកកម្ពស់ការយល់ដឹង និងចែករំលែកបទពិសោធន៍ ពីការអនុវត្តច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហា ប្រល័យ ដល់មន្ត្រី-បុគ្គលិកនៃក្រសួង-ស្ថាប័នត្រួតពិនិត្យនានា ដែលមានតួនាទីត្រួតពិនិត្យបុគ្គលរាយការណ៍ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន សំដៅពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់នេះ និងដើម្បីឆ្លើយតបនឹងអនុសាសន៍ របស់ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្ដីពីការសម្អាតប្រាក់ (APG)។ នៅក្នុងសិក្ខាសាលាទាំង ២ លើកនេះ, វាគ្មិន ដែលជាគ្រូបង្គោលចំនួន ២ រូប គឺ ឯកឧត្តម ប៉ែន ពេជសាលី អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការ អយ្យការ និងព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ និង ឯកឧត្តមឧត្តមសេនីយ៍ទោ ផាន សុភ័ក្រ ប្រធាន លេខាធិការដ្ឋាននាយកដ្ឋានកណ្តាលសន្តិសុខនៃអគ្គស្នងការនគរបាលជាតិ បានធ្វើបទបង្ហាញដើម្បីពន្យល់ ដល់ក្រសួង-ស្ថាប័នត្រួតពិនិត្យ ឱ្យមានការយល់ដឹងកាន់តែស៊ីជម្រៅបន្ថែមទៀតអំពី៖ (១)-តួនាទីរបស់ក្រសួង ស្ថាប័នត្រួតពិនិត្យ ក្នុងការអនុវត្តសេចក្តីសម្រេចចិត្តនានារបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ, (២)-កាតព្វកិច្ចរបស់បុគ្គលរាយការណ៍ និងបុគ្គលឬអង្គភាពក្រៅពីបុគ្គលរាយការណ៍ស្របតាមច្បាប់ស្តីពីការ ប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងការហាមឃាត់មិនឱ្យប្រើប្រាស់ទ្រព្យសម្បត្តិ, (៣)-នីតិវិធីនៃការស្នើសុំបង្កកទ្រព្យសម្បត្តិ (ការដាក់ឈ្មោះក្នុងបញ្ជីដោយក្រុមប្រឹក្សាសន្តិសុខនៃអង្គការ សហប្រជាជាតិ, ការដាក់ឈ្មោះដោយតុលាការ និងការបង្កកទ្រព្យសម្បត្តិ) និងការរឹបអូសទ្រព្យសម្បត្តិដែល ត្រូវបានបង្កក, (៤)-ទណ្ឌកម្មដែលត្រូវទទួលរងដោយបុគ្គលរាយការណ៍ និងបុគ្គលឬអង្គភាពក្រៅពីបុគ្គល រាយការណ៍ ពាក់ព័ន្ធនឹងបទល្មើសនៃការបំពានសេចក្តីសម្រេចបង្កក, បទល្មើសនៃការប្រគល់ទ្រព្យសម្បត្តិ និង បទល្មើសនៃការបំពានកាតព្វកិច្ចរាយការណ៍ ដូចមានចែងក្នុងទោសប្បញ្ញត្តិនៃច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ និង (៥)-ទម្រង់របាយការណ៍របស់បុគ្គលរាយការណ៍ និងរបស់ បុគ្គលឬអង្គភាពក្រៅពីបុគ្គលរាយការណ៍។ សិក្ខាសាលាទាំង ២ លើកនេះ ក៏បានពន្យល់ពីខ្លឹមសារនៃដីកា សម្រេចបង្កកទ្រព្យសម្បត្តិលេខ ១១ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ និងដីកាសម្រេចបង្កកទ្រព្យសម្បត្តិ លេខ ១២ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចបង្កកទ្រព្យសម្បត្តិ របស់បុគ្គល ឬអង្គភាពដែលមានឈ្មោះក្នុងបញ្ជីផ្អែកតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការ សហប្រជាជាតិដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង និងប្រទេសអ៊ីរ៉ង់ នាពេលកន្លងមកផងដែរ។ ដីកាសម្រេច បង្កកទ្រព្យសម្បត្តិទាំង ២ នេះ ជាប្រភេទ “ដីកាសម្រេចពុំមានរយៈពេលកំណត់” (Standing Order) ដែល មានសុពលភាពអនុវត្តជាអចិន្ត្រៃយ៍ លើកលែងតែត្រូវបានលុបចោលវិញដោយតុលាការ។
ក្រៅពីបទបង្ហាញរបស់វាគ្មិនកិត្តិយសទាំង ២ រូបខាងលើ, តំណាងក្រសួងយុត្តិធម៌, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងពាណិជ្ជកម្ម និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ក៏បានចូលរួមផ្តល់ ជាមតិយោបល់ និងចែករំលែកនូវព័ត៌មាន និងបទពិសោធន៍អំពីការអនុវត្តច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ នាកន្លងមកផងដែរ។
២- អំពីការរៀបចំកម្មវិធីពិភាក្សាតុមូល ដើម្បីផ្សព្វផ្សាយពីច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការ រីកសាយភាយអាវុធមហាប្រល័យ៖ ក្រុមការងារទី២ ដោយមានកិច្ចសហការពីទូរទស្សន៍ជាតិកម្ពុជា (ទទក) បានរៀបចំកម្មវិធីពិភាក្សាតុមូល នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ នាទីព្រឹក ដោយមានវាគ្មិន ចូលរួមចំនួន ៧ រូប ជាតំណាងមកពីក្រសួង-ស្ថាប័នចំនួន ៥ គឺ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌, ឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ប៉ែន ពេជសាលី អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌លោក ង៉ែត សុវណ្ណារិទ្ធ អនុប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា, ឯកឧត្តមឧត្តមសេនីយ៍ទោ ផាន សុភ័ក្រ ប្រធានលេខាធិការដ្ឋាននាយកដ្ឋានកណ្តាលសន្តិសុខនៃអគ្គស្នងការនគរបាលជាតិ និង លោក សេង ម៉េងហុង អនុប្រធាននាយកដ្ឋាននៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
កម្មវិធីពិភាក្សាតុមូលនេះ ត្រូវបានរៀបចំឡើង ដើម្បីធ្វើការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដល់បុគ្គលឬអង្គភាពក្រៅពីបុគ្គល រាយការណ៍ និងសាធារណជន។ កម្មវិធីពិភាក្សាតុមូលនេះ បានលើកយកមកពិភាក្សាអំពីចំណុចសំខាន់ៗ រួមមាន៖ (១)-នីតិវិធីនៃការស្នើសុំបង្កកទ្រព្យសម្បត្តិ (ការដាក់ឈ្មោះក្នុងបញ្ជីដោយក្រុមប្រឹក្សាសន្តិសុខនៃអង្គការ សហប្រជាជាតិ ការដាក់ឈ្មោះដោយតុលាការ និងការបង្កកទ្រព្យសម្បត្តិ), (២)-នីតិវិធីនៃការស្នើសុំដកឈ្មោះ ចេញពីបញ្ជី និងការអនុញ្ញាតឱ្យប្រើប្រាស់ទ្រព្យសម្បត្តិ (ការស្នើសុំទៅក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជា ជាតិ, ការសុំទៅតុលាការដកឈ្មោះចេញពីបញ្ជីនៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនិងលុបចោល ការបង្កកទ្រព្យសម្បត្តិ និងការអនុញ្ញាតឱ្យប្រើប្រាស់ទ្រព្យសម្បត្តិបង្កក), (៣)-ការហាមឃាត់មិនឱ្យប្រើប្រាស់ ទ្រព្យសម្បត្តិបង្កក និងកាតព្វកិច្ចរបស់បុគ្គលក្រៅពីបុគ្គលរាយការណ៍ (ការហាមឃាត់មិនឱ្យប្រើប្រាស់ទ្រព្យសម្បត្តិ, បុគ្គលរាយការណ៍ និងកាតព្វកិច្ចរាយការណ៍របស់បុគ្គលរាយការណ៍, កាតព្វកិច្ចរាយការណ៍របស់បុគ្គលឬអង្គភាព ក្រៅពីបុគ្គលរាយការណ៍, (៤)-ការរឹបអូសទ្រព្យសម្បត្តិបង្កក, (៥)-យន្តការគ្រប់គ្រង (គណៈកម្មាធិការ សម្របសម្រួលថ្នាក់ជាតិ ការតាមដាននិងត្រួតពិនិត្យ ការបង្ហាញព័ត៌មាន និងលិខិតបទដ្ឋានគតិយុត្តសម្រាប់ ការអនុវត្តច្បាប់) និង (៦)-ទោសប្បញ្ញត្តិពាក់ព័ន្ធនឹងរូបវន្តបុគ្គលនិងនីតិបុគ្គល (បទល្មើសនៃការបំពាន សេចក្តីសម្រេចបង្កក, បទល្មើសនៃការប្រគល់ទ្រព្យសម្បត្តិ និងបទល្មើសនៃការបំពានកាតព្វកិច្ចរាយការណ៍ និងការទទួលខុសត្រូវរបស់នីតិបុគ្គល)។ វេទិកាតុមូលនេះ ត្រូវបានធ្វើការចាក់ផ្សាយនៅស្ថានីយ៍ទូរទស្សន៍ជាតិ កម្ពុជា (ទទក) នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។
ក្រសួង-ស្ថាប័នត្រួតពិនិត្យ បុគ្គលរាយការណ៍ បុគ្គលឬអង្គភាពក្រៅពីបុគ្គលរាយការណ៍ និងតួអង្គដែលមានការពាក់ព័ន្ធ ព្រមទាំងសាធារណជន អាចស្វែងរកបាននូវវីដេអូអំពីកម្មវិធីពិភាក្សាតុមូល និងឯកសារនានា នៃសិក្ខាសាលាទាំង ២ លើកខាងលើនេះ នៅក្នុងគេហទំព័រផ្លូវការរបស់ក្រសួងយុត្តិធម៌ និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី




