Sunday, June 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ងាត់​ធ្លាយ​មិន​ដូចមុន! ជាង​ប៉ះកង់ម៉ូតូកន្លែង​មួយ​នេះ រក​សុី​គំ​និត​ខូច បាច​ពង្រាយ​ដែក​វីស និង​ថែមទាំងល្បីថា…

ពិតជារឿងមួយដ៏ហួសចិត្ត និងគួរឲ្យស្អប់ខ្លាំងណាស់ នៅពេលដែលបានដឹងថាជាងប៉ះកង់មួយកន្លែង ស្ថិតនៅច្រកផ្លូវទល់មុខ Mart Super Duper ក្បែរសាកលវិទ្យាល័យបៀលប្រាយ (មាត់ទន្លេ) បានមានគំនិតដ៏អាក្រក់ ដោយបាចពង្រាយដែកវិស នៅក្បែរតំបន់ខ្លួនប៉ះ ដើម្បីឲ្យមុតម៉ូតូអ្នកដំណើរ ព្រោះតែដើម្បីលុយ។

ជាការពិតណាស់ ដោយសារតែផ្លូវថ្នល់ស្ទើរគ្រប់ទីកន្លែង ជាពិសេសនៅក្នុងទីក្រុង ត្រូវបានចាក់ក្រាលកៅស៊ូ ឬ ក្រាលបេតុង ស្អាតៗភ្លឹង ហេតុនេះ គេកម្រឃើញឡាន-កង់-ម៉ូតូ បណ្តើរចូលជាងប៉ះទៀតនោះទេ ពោលគឺមិនដូចគ្រាផ្លូវពិបាកធ្វើដំណើរ និងមានដែកគោល ឬ របស់មុចស្រួចផ្សេងៗចាក់ទម្លុះកង់ម៉ូតូ រថយន្ត ចូលជាងជាញឹកញយ។

ដោយសារតែផ្លូវស្អាត គ្មានដែកគោលចាក់ទម្លុះកង់ម៉ូតូទៀត ជាហេតុធ្វើឲ្យជាងប៉ះមានគំនិតអាក្រក់មួយចំនួនតូច បានបាចពង្រាយដែកគោល ឬ ដែកវិស ដើម្បីក្នុងគោលបំណងឲ្យមុតធ្លាយម៉ូតូឡានអ្នកដំណើរតែម្តង។

ជាក់ស្តែង ដូចករណីនេះជាដើម ដែលត្រូវបានគណនីហ្វេសប៊ុកមួយឈ្មោះ Pisey Tang បានបញ្ចេញពីចរិកខូចរបស់ជាងប៉ះមួយនេះ និងបង្ហាញភស្តុតាងជាក់ស្តែងឲ្យដឹងថា «សូមបងប្អូនប្រុងប្រយ័ត្នបន្តិចនៅពេលដែលបងប្អូនធ្វើដំណើរតាមច្រកផ្លូវទល់មុខ Mart Super Duper ក្បែរសាលា BBU ជិតនាគបាញ់ទឹក ខ្ញុំបានប្រទះឃើញមានវីសជិតដប់គ្រាប់ នៅពេលដែលខ្ញុំឈប់រើសវីសនោះចេញស្រាប់តែគ្នាវាមើលមកខ្ញុំ រួចនិយាយដៀមដាមដាក់ខ្ញុំទៀតលក្ខណៈចង់វ៉ៃយើងតែម្តង ហើយកន្លែងនឹងខ្ញុំធ្លាប់បែកកង់ស្រាប់តែឆ្គឹះផ្តាច់កវ៉ាល់ពោះវៀនម៉ូតូ ដើម្បីអោយយើងប្តូរពោះវៀន ហើយកាប់យើងតែម្តង មហាសែនខូច»។

ក្រោយពីបានឃើញបែបនេះ បងប្អូនអ្នកលេងបណ្តាញសង្គមជាច្រើន ជាពិសេសអ្នកធ្លាប់ជួបផ្ទាល់ ពិតជាមានការភ្ញាក់ផ្អើល និងបានទម្លាយឲ្យដឹងថា «ល្បីណាស់កន្លែងហ្នឹង សប់ខ្យល់កង់យប់១$ ជាពិសេសឲ្យតែចូលប៉ះ គឺដឹងតែប្រាប់ថាដាច់គល់វ៉ាល់ហ្មឹងម៉ង, កន្លែងហ្នឹងយូរហើយ កំពូលកោរ ៧ឆ្នាំមុនយកពោះវៀនមួយ ៥ពាន់ មកថា ២ម៉ឺន ជិះមួយជុំបែកទៀត, បែកគឺដូរសំបក សំបកដូរពេលថ្ងៃ ១ស្មើ ៥$ យប់ ៧$ ថ្ងៃខ្លះឡើង១០$…, ខ្ញុំបីដងហើយបង Scopy ធូរកង់យកទៅសប់ វាថាបែក ដាច់កន្លែងក្បាល់សប់ ហើយដូរពោះវៀន 7$ ព្រោះផ្ទះខ្ញុំនៅមុខហ្នឹងចេះតែធ្វើទៅ ធូរ៣ដង យកទៅសប់ វាថាបែក អោយដូរពោះវៀនទាំង៣ដង ចាប់ពី៣ដងនឹងមក ទើបដឹងខ្លួនលែងចូលធ្វើទៀតម៉ង,…»។ រីឯស្រីស្អាតម្នាក់ ក៏បានបញ្ចេញឲ្យដឹងទាំងហួសចិត្តខ្លួនឯងថា «5 ឆ្នាំមុនខ្ញុំជិះកូនទាបែកកង់ គាត់អោយខ្ញុំប្តូរពោះវៀនថ្មី ចៃដន្យអីកាលនោះខ្ញុំភ្លើដូរតាមគាត់មែន មានអីជិះបាន3គីឡូដី ម៉ូតូអស់ខ្យល់ទៀត យកអោយជាងថ្មីមើល ពូជាងគាត់សួរថាម៉ូតូកូនទាអូនឯងចម្លែកម៉្លេះមានពោះវៀន ខ្ញុំក៏សួរវិញថាចឹងម៉ូតូហ្នឹងអត់ពោះវៀនទេអីពូ គាត់ថាអត់មានទេ សំខាន់ពោះវៀនម៉ូតូជំនាន់ហ្នឹង 15$ គេថាអស់ប៉ុន្មានអោយគេប៉ុនហ្នឹងហើយ អោយតែម៉ូតូជិះទៅមុខ ពូជាងម៉ូតូថ្មីគាត់ឮហើយសើចចង់រហែកមាត់ ប៉ះអស់តែ5$។

ជាមួយគ្នានេះផងដែរ អ្នករងគ្រោះព្រោះតែជាងប៉ះមួយកន្លែងនេះ ក៏បានស្នើដល់សមត្ថកិច្ចមានវិធានការទៅលើជាងប៉ះកង់រូបនោះផង ដើម្បីកុំឲ្យបន្តរកសុីគំនិតដ៏អាក្រក់បែបនេះទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×