ក្នុងរឿងស្នេហា ឬជីវិតប្តីប្រពន្ធ ការបែកគ្នា គឺគ្មានអ្នកណាចង់ឲ្យកើតមាននោះទេ។ ប៉ុន្តែ ប្រសិនបើជាបានកើតឡើងឈឺចាប់ពេកហើយ ជឿថា ច្បាស់ណាស់ សូម្បីតែអនុស្សាវរីយ៍រូបថតទាំងប៉ុន្មាន ក៏ត្រូវពុះកាត់ជាពីរ ឬ អាចដុតចោល ព្រោះតែមិនចង់ឃើញមុខមនុស្សម្នាក់ហ្នឹងទៀតឡើយ។
ជាក់ស្តែង កាលពីពេលថ្មីៗនេះ អ្នកនិយមលេងអុីធឺណេតពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង នៅពេលដែលបានឃើញឃ្លីបខ្លីមួយ ដែលបង្ហាញនារីវ័យក្មេងម្នាក់ បានបោះរូបថតអាពាហ៍ពិពាហ៍របស់នាង ចូលទៅក្នុងទឹកទន្លេ បន្ទាប់ពីបែកបាក់គ្នាជាមួយប្តី។
តាមរយៈវីដេអូបង្ហោះនៅលើគណនី TikTok ផ្ទាល់របស់នារីវ័យក្មេងរូបនេះ ដែលត្រូវបានដឹងថា បានពឹងមិត្តភក្តិរបស់នាង ឲ្យជួយថត គឺនាងបានបើករថយន្តទំនើប មកឈប់នៅលើស្ពានមួយកន្លែង មុនពេលបោះរូបថតអាពាហ៍ពិពាហ៍របស់នាងចូលទន្លេប្រាយៗតែម្តង។
យោងតាមរូបភាពដែលបានកត់ត្រា នារីរូបនេះដែលមើលទៅនៅក្មេងណាស់ បានឈប់រថយន្តនៅលើស្ពាន រួចបន្ទាប់មក បានបើកគូទរថយន្ត ទាញរូបថតតូចៗជាច្រើនសន្លឹក ដែលនៅតែជាប់នឹងស៊ុម បោះគ្រវែងចូលក្នុងទន្លេទាំងអស់ និងព្រមទាំងថង់ប្លាស្ទិកច្រករូបថតក៏មិនទុកដែរ។ មិនត្រឹមតែប៉ុណ្ណឹង នារីពោរពេញដោយកំហឹងរូបនេះ ក៏បានយករូបថតមួយសន្លឹកផ្ទាំងធំបោះចូលទឹកទន្លេទៀតផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



