Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូតវៀតណាម បញ្ជាក់ជាថ្មី នឹងរួមចំណែកធ្វើយ៉ាងណា ឲ្យប្រទេសកម្ពុជានិងវៀតណាម មានទំនាក់ទំនងមានសាមគ្គីភាពគ្នា កាន់តែរឹងមាំ

ភ្នំពេញ ៖ ឯកឧត្តម ង្វៀន ហ៊ុយថាំង (H.E. Mr. NGUYEN HUY TANG) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋ សង្គមនិយមវៀតណាមថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា លោកនឹងធ្វើការងារអស់ពីកម្លាំងកាយចិត្ត ដើម្បីរួមចំណែកធ្វើយ៉ាងណា ឲ្យប្រទេសទាំងពីរកម្ពុជានិងវៀតណាម មានទំនាក់ទំនងមានសាមគ្គីភាពគ្នា កាន់តែរឹងមាំ នៅពេលដែលលោកមកធ្វើជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋសង្គមនិយមវៀតណាមថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជានេះ ហើយឯកឧត្តម ក៏បានសូមឱ្យរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ ផ្លាស់ប្ដូរទស្សនកិច្ចគ្នាឲ្យបានច្រើន ដើម្បីផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ពិសេសគឺការផ្សារភ្ជាប់ បណ្ដុះបណ្ដាលយុវជន នៃប្រទេសទាំងពីរ ឲ្យមានទំនាក់ទំនង មានកិច្ចសហប្រតិបត្តិការការងារជាមួយល្អនិងរឹងមាំ ។

ឯកឧត្តម ង្វៀន ហ៊ុយថាំង បានសម្ដែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍរីកចម្រើនរបស់រាជធានីភ្នំពេញ ក្នុងរយៈពេល៤ទសវត្សរ៍នេះ ពិសេស២ឆ្នាំចុងក្រោយនេះកម្ពុជាអាចគ្រប់គ្រងបាននូវជំងឺកូវីដ-១៩ បានយ៉ាងល្អ រក្សាបាននូវសេដ្ឋកិច្ចជាតិល្អ ប្រជាជនមានជីវភាពល្អប្រសើរ។

ការសំដែងនូវការកោតសរសើរបែបនេះ របស់ឯកឧត្តម ង្វៀន ហ៊ុយថាំង បានធ្វើឡើង ខណៈដែលលោកបានជួបសម្ដែងការគួរសម ជាមួយឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ខែមីនាឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ង្វៀន ហ៊ុយថាំង បានមានប្រសាសន៍ថា រាជធានីភ្នំពេញក្នុងរយៈពេល៤ទសវត្សរ៍នេះ ពិតជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង បើប្រៀបធៀបពី ៤០ឆ្នាំមុនគឺដូចមេឃហើយនឹងដី ។ បន្ថែមពីលើនេះ ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា បានជួបនៅជំងឺរាតត្បាតកូវីដ-១៩ ដូចប្រទេសផ្សេងទៀតនៅលើពិភពលោក ប៉ុន្តែក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា កម្ពុជាអាចគ្រប់គ្រងបាននូវជំងឺកូវីដ-១៩នេះយ៉ាងល្អ ជាមួយនឹងការរក្សាបាននូវសេដ្ឋកិច្ចជាតិនិងជីវភាពប្រជាពលរដ្ឋយ៉ាងល្អប្រសើរ។

ឯកឧត្តម បន្តថា សម្រាប់រាជធានីភ្នំពេញ គឺការរៀបចំក្រុងបានល្អប្រសើរ ហើយទំនាក់ទំនងរវាងទីក្រុងភ្នំពេញនិងទីក្រុង រវាងប្រទេសនិងប្រទេស កម្ពុជា-វៀតណាម ឃើញថា មានសាមគ្គីភាព មានទំនាក់ទំនងកាន់តែល្អប្រសើរ រឹតមាំនិងខ្លាំងក្លា។

ឯកឧត្តម បញ្ជាក់ថា លោកនឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីរួមចំណែក ធ្វើយ៉ាងណាឲ្យប្រទេសទាំងពីរ(កម្ពុជានិងវៀតណាម) មានទំនាក់ទំនងមានសាមគ្គីភាពគ្នា រឹងមាំ នៅពេលដែលលោកមកធ្វើជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋសង្គមនិយមវៀតណាមថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជានេះ ។ ឯកឧត្តម ក៏បានសូមឱ្យរាជធានីភ្នំពេញ និងទីក្រុងហូជីមិញផ្លាស់ប្ដូរទស្សនកិច្ចគ្នាឲ្យបានច្រើន ដើម្បីផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ពិសេសគឺការផ្សារភ្ជាប់ បណ្ដុះបណ្ដាលយុវជន នៃប្រទេសទាំងពីរឲ្យមានទំនាក់ទំនង មានកិច្ចសហប្រតិបត្តិការការងារជាមួយល្អនិងរឹងមាំ ។

ឯកឧត្តម ឃួង ស្រេងបានមានប្រសាសន៍លើកឡើងដែរថា ប្រទេសកម្ពុជាក៏ដូចជារាជធានីភ្នំពេញ បានធូរស្រាលដោយជម្ងឺកូវីដ-១៩ហើយ ហើយយើងក៏បានបើកប្រទេស ឲ្យដំណើរការឡើងវិញហើយដែរ ធ្វើអោយយើងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការធ្វើទំនាក់ទំនងរវាងកម្ពុជានិងវៀតណាម ក្នុងការរឹតចំណងសាមគ្គីភាព ឲ្យកាន់តែមានភាពរឹងមាំថែមទៀត។

ឯកឧត្តម បញ្ជាក់ផងដែរថា នៅពេលដែលប្រទេសយើងទាំង២មាន ទំនាក់ទំនងសហប្រតិបត្តិការណ៍ល្អ ការរស់នៅជាមួយគ្នាដោយភាពស្មោះត្រង់ យោកយល់គ្នា នោះប្រទេសទាំងពីរ នឹងមានសាមគ្គីភាពគ្នា កាន់តែល្អនិងរឹងមាំយូរអង្វែង៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×