ព្រះសីហនុ៖ វិស័យឯកជន បានសហការជាមួយអាជ្ញាធរខេត្តព្រះសីហនុ សាងសង់ប៉មសម្រាប់ឆ្មាំសមុទ្រត្រួតពិនិត្យមើលភ្ញៀវមកលេងទឹកតាមតំបន់ឆ្នេរចំនួន ១២ កន្លែង ដើម្បីរក្សាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលមកហែលទឹកលេងនៅតាមតំបន់ឆ្នេរក្រុងព្រះសីហនុ ត្រូវបានរដ្ឋបាលខេត្ត រៀបចំប្រារព្ធពិធីប្រគល់ទទួល ក្រោមការចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងអ្នកឧកញ៉ា ទ្រី ភាព។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ប៉មឆ្មាំសមុទ្រនេះ គឺសម្រាប់ឱ្យបងប្អូនឆ្មាំសមុទ្រទាំងអស់ យាមត្រួតពិនិត្យក្នុងការរក្សាសុវត្ថិភាពទៅដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ មកងូតទឹកលំហែកម្សាន្តនៅតាមតំបន់ឆ្នេរ ហើយបើមានហេតុការណ៍កើតឡើង គឺបងប្អូនអាចជួយសង្គ្រោះបានទាន់ពេលវេលា តាមរយៈការផ្ដល់សញ្ញាផ្លុំកញ្ចែ ប្រកាសតាមមេក្រូ ក៏ដូចជា អាវពោងខ្សែសុវត្ថិភាពផ្សេងៗ។
ឯកឩត្តមបន្តថា កន្លងមក ក៏ដូចជា បច្ចុប្បន្ន អាជ្ញាធរខេត្ត ក្រុង រួមជាមួយនិងមន្ទីរជំនាញ បានរៀបចំដាក់ពោងសុវត្ថិភាព ដើម្បីបែងចែកតំបន់សម្រាប់អ្នកហែលទឹកលេងឱ្យមានសុវត្ថិភាព ពីទូក កាណូត ម៉ូតូទឹក ឬមធ្យោបាយផ្សេងៗ និងជារបាំងសុវត្ថិភាពនៅពេលមានខ្យល់ ឬប្រការណាមួយ ជាសញ្ញាដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមានការប្រុងប្រយ័ត្ន។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ប៉មទាំង១២នេះ គឺអំណោយរបស់ អ្នកឧកញ៉ា ទ្រី ភាព សម្រាប់ជាចំណង ដៃជូនរដ្ឋបាលខេត្តប្រើប្រាស់ ជាសម្បត្តិរួមទាំងអស់គ្នា ដូចនេះសូមឲ្យបងប្អូនឆ្មាំឆ្នេរសមុទ្រទាំងអស់ ត្រូវប្រើប្រាសប៉មឱ្យបានត្រឹមត្រូវ ដោយឆ្មាំត្រូវមានកញ្ចែ មេក្រូ ខ្សែ អាវពោងនិងសម្ភារមួយចំនួនទៀត ដើម្បីផ្តល់ពត៌មាន និងជួយសង្គ្រោះដល់អ្នកទេសចរ មកងូតទឹកសមុទ្យលេង បើក្នុងករណីមានឧប្បត្តិហេតុចៃដន្យណាមួយកើតឡើង គឺយើងមានសម្ភារសង្គ្រោះបានទាន់ពេលវេលា។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ មន្ទីរទេសចរណ៍ មន្ទីរបរិស្ថាន និងបុគ្គលិកសម្អាត ត្រូវរួមគ្នាសម្អាតតាមតំបន់ឆ្នេរសមុទ្ររបស់យើង និងអំពាវនាវជូនចំពោះប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យ បរិស្ថាននៅតាមបណ្តោយឆ្នេរ និងនៅតាមទីសាធារណៈដោយយើងដាក់ធុងសំរាម ដើម្បីឱ្យពួកគាត់យកសំរាម ឬកាកសំណល់ ដែលប្រើប្រាស់រួច យកមកទុកដាក់ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ និងស្នើឱ្យក្រុមហ៊ុនដឹកជញ្ជូនសំរាម ត្រូវបង្កើនការប្រមូលសំរាម ដើម្បីផ្តល់ភាពងាយស្រួលក្នុងការដោះស្រាយការកកស្ទះសំរាមនៅក្នុងក្រុង ពិសេសត្រៀមក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខ ធ្វើយ៉ាងណាឱ្យឆ្នេររបស់យើងមានភាពស្អាត និងចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកំសាន្ត៕