ព្រះសីហនុ ៖ ក្នុងឱកាសរួមគ្នាជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញទទួលស្វាគមន៍កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន (JMSDF) ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅឯខេត្តព្រះសីហនុ លោក មីកាមិ ម៉ាសាហ៉ីរ៉ូ អគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ដែលជំនះបាននូវអតីតកាលប្រកបដោយសោកនាដកម្ម ខ្ទេចខ្ទាំដោយសារភ្លើងសង្គ្រាម ស្រាប់តែមកស្ដារ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យលូតលាស់រីកចម្រើនឡើងវិញ និងថែមទាំងបានចូលរួមចំណែកជួយសហគមន៍អន្តរជាតិ និងកិច្ចការពិភពលោកយ៉ាងសកម្ម។

អគ្គរាជទូតជប៉ុន លោក មីកាមិ ម៉ាសាហ៉ីរ៉ូ បានថ្លែងចំពោះកម្ពុជាថា កម្ពុជាបានឆ្លងកាត់សង្គ្រាមផ្ទៃរ៉ាំរ៉ៃរយៈពេលជាច្រើនទសវត្ស ចាប់តាំងពីមានរដ្ឋប្រហារទម្លាក់ សម្តេចនរោត្តម សីហនុ នៅថ្ងៃ១៨មីនា ឆ្នាំ១៩៧០។ ភាពរងគ្រោះធ្ងន់ធ្ងរបំផុត ហើយក្លាយជាប្រវត្តិសាស្រ្តសម្រាប់ពិភពលោក នៅពេលកម្ពុជាបានធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលមនុស្សជិត៣លាននាក់ ត្រូវបានសម្លាប់ ហើយហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញស្ទើរតែខ្ទេចខ្ទាំ។ ក្រៅពីកម្ពុជាជំនះបាននូវអតីតកាលប្រកបដោយសោកនាដកម្ម និងបានចូលរួមចំណែកជួយសហគមន៍អន្តរជាតិយ៉ាងសកម្មនោះ ខ្លួនខ្ញុំផ្ទាល់ ក៏មានមោទនភាពផងដែរដែលប្រទេសជប៉ុន បានដើរតួនាទីមួយសំខាន់ក្នុងការសម្របសម្រួលសម្រេចបាននូវសន្តិភាពនៅកម្ពុជា។
គួរកត់សម្គាល់ថា កម្ពុជាដែលធ្លាប់ទទួលជំនួយកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស កាលពីប្រមាណ៣០ឆ្នាំមុន ក្នុងនោះក៏មានកងកម្លាំងប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុនផងដែរ ពេលនេះបានក្លាយជាប្រទេសបញ្ជូនកងរក្សាសន្តិភាព ទៅបំពេញបេសកកម្មមនុស្សធម៌ នៅក្រៅប្រទេស តាមរយៈអង្គការសហប្រជាជាតិ។ ក្រោយឆ្នាំ២០២៣ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជា។ រយៈពេល៣០ឆ្នាំបន្ទាប់ពីការបញ្ជូនកងរក្សាសន្តិភាពរបស់ប្រទេសជប៉ុនមកកម្ពុជា ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពចាស់ទុំ ធ្វើកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។

ជាមួយគ្នានេះផងដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានរំលឹកឡើងនូវការពលីរបស់មន្ត្រីជប៉ុន ថា កម្ពុជាចងចាំភ្លេចនូវការពលីជីវិតមន្ត្រី២រូបរបស់ជប៉ុន នៅក្នុងបេសកកម្មអង្គការសហប្រជាជាតិ «អាជ្ញាធរអ៊ុនតាក់» នៅកម្ពុជា កាលពី៣០ឆ្នាំមុន។
មន្រ្តី២រូបដែលបានពលីជីវិតនោះ រួមមាន លោក Atsuhiti Nakata មន្ត្រីគ្រប់គ្រងការរៀបចំការបោះឆ្នោតថ្នាក់ស្រុក បានពលីនៅថ្ងៃទី៨ ខែមេសា ឆ្នាំ១៩៩៣ នៅខេត្តកំពង់ធំ និងលោក Haruyuki Takata មន្ត្រីនគរបាល បានពលី នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ១៩៩៣ នៅខេត្តបន្ទាយមានជ័យ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ទោះបី៣០ឆ្នាំបានកន្លងផុតទៅហើយ ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ប៉ុន្តែ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា នៅតែចងចាំ និងដឹងគុណជានិច្ចចំពោះការចូលរួមរបស់កងរក្សាសន្តិភាព នៃកងស្វ័យការពារជប៉ុន ដែលបានមកបំពេញបេសកកម្មសន្តិភាពនៅកម្ពុជា ក្រោយសង្គ្រាមរ៉ាំរ៉ៃ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនាពេលបច្ចុប្បន្ន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN








