(ភ្នំពេញ)៖ ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តីបានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយនិងដាក់ឱ្យអនុវត្ត «គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ទីស្តីការគណៈរដ្ឋមន្រ្តី» (FMM for OCM) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី ក្រុមប្រឹក្សា អាជ្ញាធរ គណៈកម្មាធិការ អង្គភាពចំណុះទីស្ដីការគណៈរដ្ឋមន្រ្តី តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុជាច្រើនរូប។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា “គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ទីស្តីការគណៈរដ្ឋមន្ត្រី” គឺជាសមិទ្ធផលថ្មីស្រឡាងមួយទៀតរបស់ទីស្តីការគណៈរដ្ឋមន្រ្តីដែលពុំធ្លាប់មានពីមុនមក ហើយគោលការណ៍ណែនាំនេះ គឺជាត្រីវិស័យ និងជាឧបករណ៍ប្រតិបត្តិដ៏សំខាន់ ដែលចង្អុលបង្ហាញលម្អិតអំពីវិធាន និងនីតិវិធីក្នុងការគ្រប់គ្រងដំណើរការនៅគ្រប់វដ្ដថវិកាសម្រាប់ទីស្តីការគណៈរដ្ឋមន្ត្រី ចាប់ពីដំណាក់កាលរៀបចំ អនុវត្ត និងតាមដាននិងវាយតម្លៃ ព្រមទាំងរួមបញ្ចូលនូវការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ សវនកម្មផ្ទៃក្នុង និងអធិការកិច្ចហិរញ្ញវត្ថុ ដើម្បីបង្កើនប្រសិទ្ធភាព សក្តិសិទ្ធិភាព តម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ គោលការណ៍ណែនាំនេះ ក៏បានឆ្លុះបញ្ចាំងពីឆន្ទៈដ៏មោះមុតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាស្របតាម “យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១”, “ផែនការយុទ្ធសាស្ត្រទីស្តីការគណៈរដ្ឋមន្ត្រី ឆ្នាំ២០២៤-២០២៨” និង “ផែនទីបង្ហាញផ្លូវស្ដីពីការជំរុញបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី ២០២៤-២០២៨” ផងដែរ។ ឯកឧត្តមបានបន្តថា ក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី ទីស្តីការគណៈរដ្ឋមន្រ្តីបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តនូវកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅគ្រប់ដំណាក់កាល ចាប់តាំងពីដំណាក់កាលទី១ រហូតដល់ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម» ដែលទាមទារឱ្យគ្រប់ក្រសួង ស្ថាប័នត្រូវតែមានយន្តការ និងនីតិវិធីឱ្យកាន់តែច្បាស់លាស់ ដើម្បីធានាថាធនធានសាធារណៈត្រូវបានប្រើប្រាស់ចំគោលដៅ ប្រកបដោយស័ក្តិសិទ្ធិភាព និងបង្កើតបាននូវលទ្ធផលជាក់ស្តែង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជារបៀបវារៈអាទិភាពមួយនៃកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងចំណោមកម្មវិធីកែទម្រង់ផ្សេងៗទៀត តាំងពីនីតិកាលមុនៗ និងបន្តរហូតមកដល់នីតិកាលថ្មីនេះ ដោយផ្អែកលើស្មារតីបុរេសកម្ម ស្របតាមទិសស្លោក “កែទម្រង់គឺរស់ មិនកែទម្រង់គឺស្លាប់” របស់ សម្តេចតេជោ ហ៊ុន សែន។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងភាពប្រាកដនិយមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តដាក់ចេញនិងកំពុងប្រឹងប្រែងជំរុញអនុវត្តយ៉ាងសកម្មនូវ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយបន្តផ្តល់អាទិភាពលើការបន្តកិច្ចការកែទម្រង់លើគ្រប់វិស័យ និងការពង្រឹងអភិបាលកិច្ច និងជាពិសេសការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ មានប្រសាសន៍បន្តថា ការកែទម្រង់ប្រព័ន្ធថវិកា គឺមិនគ្រាន់តែជាការផ្លាស់ប្តូររបៀបរបបនៃការគ្រប់គ្រងថវិកាប៉ុណ្ណោះទេ តែក៏ជាផ្នែកមួយដ៏សំខាន់នៃការកែទម្រង់អភិបាលកិច្ច ឬការគ្រប់គ្រងរដ្ឋ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគណនេយ្យភាពនៃការដឹកនាំ ពិសេស ក្នុងការប្រមែប្រមូល និង
ការប្រើប្រាស់ធនធានសាធារណៈ ក្នុងគោលដៅនៃការទ្រទ្រង់ និងប្រសិទ្ធភាពនៃប្រតិបត្តិការរដ្ឋ ការផ្ដល់សេវាសាធារណៈ សមធម៌និងយុត្តិធម៌សង្គម និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចទាំងមូល។ ឯកឧត្តមក៏បានបន្តទៀតថា កន្លងមក ក្នុងនាមជាអ្នកចូលរួមរៀបចំប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងជាអ្នកអនុវត្តផ្ទាល់ផង ឯកឧត្តមបានឃើញផ្ទាល់នូវស្ថានភាពហិរញ្ញវត្ថុកម្ពុជាមុនវិបត្តិជំងឺកូវីដ-១៩ ដែលមានលក្ខណៈរឹងមាំ និងចីរភាព ទាំងក្នុងផ្នែកចំណូល និងផ្នែកចំណាយ ដោយសាររាជរដ្ឋាភិបាលបានគ្រប់គ្រងបានយ៉ាងល្អ ដូចការវាយតម្លៃរបស់ស្ថាប័នហិរញ្ញវត្ថុពិភពលោកធំៗដូចជា WB IMF ADB ជាដើម ដែលធ្វើឱ្យយើងឈរជើងបានរឹងមាំ និងអាចឆ្លើយតបបានចំពោះបញ្ហាប្រឈមនិងវិបត្តិធំៗដែលយើងបាននិងកំពុងជួបប្រទះមកទល់បច្ចុប្បន្ននេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងផងដែរថា យើងទាំងអស់គ្នាត្រូវចូលរួមអនុវត្ត និងត្រៀមលក្ខណៈសម្រាប់ស្ថានភាពដែលពិបាកប៉ាន់ប្រមាណខាងមុខ តាមរយៈការចូលរួមពង្រឹងការប្រើប្រាស់ធនធានរបស់រដ្ឋ ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់។ ទន្ទឹមនេះ ដោយសារធនធានរបស់យើងមានកម្រិត ដូចនេះ យើងចាំបាច់ណាស់ត្រូវចេះប្រើប្រាស់ធនធានទាំងនេះ ឱ្យបានត្រឹមត្រូវចំទិសដៅ (Spending right) និងត្រូវមានភាពឆ្លាតវៃក្នុងការចាយវាយ (Spending wise) ថែមទៀត។ ហើយក្នុងបរិការណ៍បច្ចុប្បន្ននេះ ទាមទារឱ្យយើងចេះចែករំលែកធនធានដែលមានកម្រិតនេះទៀត ឱ្យកាន់តែប្រសើរឡើងថែមទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តដល់អង្គភាពក្រោមចំណុះទាំងអស់ខិតខំស្វែងយល់ឱ្យកាន់តែស៊ីជម្រៅ និងជំរុញអនុវត្តគោលការណ៍ណែនាំនេះ ព្រមទាំងបានផ្តល់នូវអនុសាសន៍ចំនួន ៦ចំណុច រួមមាន៖ (១).ត្រូវចាត់ទុកឯកសារគោលការណ៍ណែនាំនេះ ជាមគ្គទេសក៍តម្រង់ទិស ដើម្បីពង្រឹងសមត្ថភាពស្ថាប័នឱ្យបានកាន់តែល្អប្រសើរឡើង ព្រមទាំងត្រូវចាប់ផ្តើមគិតគូររៀបចំគោលការណ៍ណែនាំលម្អិតស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់អង្គភាពខ្លួន (២). ពង្រឹងនិងបង្កើនគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព នៃការអនុវត្តហិរញ្ញវត្ថុសាធារណៈប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ បុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ តាមរយៈការរៀបចំឯកសារឱ្យបានម៉ត់ចត់ និងទាន់ពេល និងបន្តអភិវឌ្ឍធនធានមនុស្សជាប្រចាំពាក់ព័ន្ធនឹងការងារហិរញ្ញវត្ថុ ដើម្បីត្រៀមខ្លួនក្លាយជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនាពេលខាងមុខ ដោយផ្សារភ្ជាប់នូវវប្បធម៌រៀនសូត្រជាប់ជានិច្ច និងវប្បធម៌ត្រឹមត្រូវនិងស្អាតស្អំ ក្នុងការប្រើប្រាស់ធនធានសាធារណៈ (៣). បន្តពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចបាននូវ “ប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម” ដោយអនុលោមតាមគោលការណ៍នៃការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ព្រមទាំងធានាបាននូវ “តម្លៃនៃលុយ” (៤). ចូលរួមផ្តល់កិច្ចសហការឱ្យបានជិតស្និទ្ធនិងពេញលេញ ក្នុងការអនុវត្តនីតិវិធីសវនកម្មផ្ទៃក្នុង ហើយការត្រួតពិនិត្យនិងការធ្វើសវនកម្ម ត្រូវមានភាពម៉ឺងម៉ាត់ ដើម្បីធានាបាននូវតម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (៥). ត្រូវតម្កល់ និងចូលរួមរក្សាឱ្យបាននូវគុណតម្លៃស្នូលទាំង៤ របស់ទីស្តីការគណៈរដ្ឋមន្រ្តី និង (៦).ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ និងអង្គភាពក្រោមចំណុះទាំងអស់ ចូលរួមឱ្យបានពេញលេញប្រកបដោយឆន្ទៈមោះមុត បំពេញនូវបេសកកម្ម និងភារកិច្ច ដែលច្បាប់ និងរាជរដ្ឋាភិបាលប្រគល់ឱ្យ ដោយប្រកាន់ខ្ជាប់នូវអភិក្រមការងារទាំង ៤ របស់ទីស្តីការគណៈរដ្ឋមន្រ្តី។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងអំណរគុណជូនថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃទីស្ដីការគណៈរដ្ឋមន្ត្រី សប្បុរសជននានា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមចំណែកជួយគាំទ្រ ដល់បងប្អូនជនភៀសសឹក និងកងទ័ពក្នុងរយៈកាលកន្លងមក និងសូមឱ្យបន្តរក្សានូវគោលជំហរនិងស្មារតីសាមគ្គីភាព ឯកភាពជាតិ ជាធ្លុងមួយនេះ និងរួមសហការគ្នា ជាកម្លាំងតែមួយ ទាំងរដ្ឋាភិបាល កងទ័ព និងប្រជាជន ជាមួយនឹងការប្ដេជ្ញាចិត្តឱ្យលើសពីធម្មតា ហ៊ានឈឺឆ្អាល ចេះចែករំលែក និងលះបង់លើសពីធម្មតា ដើម្បីឈរនៅពីក្រោយសមរភូមិមុខដ៏រឹងមាំ ក្នុងការទប់ទល់នឹងការឈ្លានពានអធិបតេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជាយើង ហើយ រាជរដ្ឋាភិបាល នឹងបន្តធ្វើអ្វីៗទាំងអស់ ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព ការការពារអធិបតេយ្យនិងបូរណភាពទឹកដី ផលប្រយោជន៍ជាតិ និងសេចក្តីសុខរបស់ប្រជាជន៕រក្សាសិទ្ធដោយ៖សុទ្ធលី









