Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិជូនដំណឹង សន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៩ ឆ្នាំ២០២២ ស្តីពី “ដំណើរឆ្ពោះទៅកាន់ការស្តារឡើងវិញ និងភាពធន់ក្រោយកូវីដ-១៩”

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹង សន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៩ ឆ្នាំ២០២២ ស្តីពី “ដំណើរឆ្ពោះទៅកាន់ការស្តារឡើងវិញ និងភាពធន់ក្រោយកូវីដ-១៩”។

វិបត្តិជំងឺកូវីដ-១៩បានធ្វើឱ្យភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងសង្គមកាន់តែធ្ងន់ធ្ងរនៅ តាមបណ្តាប្រទេសនានា។ រយៈពេល និងទំហំនៃផលប៉ះពាល់អាស្រ័យទៅលើសមត្ថភាពរបស់ ប្រទេសនីមួយៗក្នុងការឆ្លើយតបទៅនឹងវិបត្តិ ដែលផ្សាភ្ជាប់ជាមួយនឹងស្ថានភាពសង្គមនិងសេដ្ឋកិច្ច មុនពេលមានវិបត្តិ ភាពធ្ងន់ធ្ងរនៃផលប៉ះពាល់ សមត្ថភាពបច្ចេកទេសនិងហិរញ្ញវត្ថុចំពោះការអនុវត្ត គោលនយោបាយគាំទដល់ការស្ដារសេដ្ឋកិច្ចឡើងវិញ ហើយសំខាន់ជាងនេះគឺការទទួលបាន វ៉ាក់សាំង។ ជាលទ្ធផល ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានប្រាក់ចំណូលទាបជាច្រើន បាននិងកំពុងប្រឈមនឹងការស្ដារសេដ្ឋកិច្ចឡើងវិញ ដោយប្រទេសទាំងនោះកំពុងព្យាយាមស្វែងរក មធ្យោបាយដើម្បីគាំទ្រការវិនិយោគ លើកកម្ពស់ឌីជីថលូបនីយកម្ម អនុវត្តកំណែទម្រង់ជារចនាសម្ព័ន្ធ ជាដើម។

កម្ពុជាក៏មិនខុសពីប្រទេសដទៃទៀតដែរ។ ដើម្បីសម្រេចបាននូវការស្តារឡើងវិញដោយរលូន និងកំណើន់ប្រកបដោយចីរភាព រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ និងកំណែទម្រង់ផ្សេងៗ ដើម្បីការពារវិស័យងាយរងគ្រោះបំផុត និងគាំទ្រដល់វិស័យដែលមានសក្តានុពលក្នុងគោលបំណង លើកកម្ពស់ផលិតភាពរបស់ពួកគេ។ ទន្ទឹមនេះ វិស័យឯកជនក្នុងគោលដៅជួយរាជរដ្ឋាភិបាលជំរុញ សកម្មភាពសេដ្ឋកិច្ចដែលកំពុងមានដំណើរការ ក៏បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនផងដែរ។ ស្ថាប័នហិរញ្ញវត្ថុ ជាពិសេសធនាគារនៅតែមានតួនាទីសំខាន់ ក្នុងការផ្តល់ហិរញ្ញប្បទាន ដល់សេដ្ឋកិច្ច និងគាំទ្រការស្តារសេដ្ឋកិច្ចឡើងវិញ។ ដើម្បីជំរុញការស្រាវជ្រាវលើបញ្ហាទាំងនេះ ធនាគារជាតិន កម្ពុជាបានជ្រើសរើសប្រធានបទស្រាវជ្រាវឆ្នាំនេះ សម្រាប់សន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី៩ ឆ្នាំ២០២២ ស្តីពី៖ “ដំណើរឆ្ពោះទៅកាន់ការស្ដារឡើងវិញ និងភាពធន់ក្រោយកូវីដ-១៩”។

បេក្ខជនដែលមានចំណាប់អារម្មណ៍អាចផ្ញើខ្លឹមសារស្រាវជ្រាវសង្ខេប សំណើស្រាវជ្រាវ ឬអត្ថបទស្រាវជ្រាវពេញលេញ អមជាមួយប្រវត្តិរូបសង្ខេប មកកាន់នាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និង សហប្រតិបត្តិការអន្តរជាតិ ដើម្បីពិនិត្យលក្ខណៈសម្បត្តិ។ ធនាគារជាតិនៃកម្ពុជានឹងផ្ដល់ការគាំទ ព្រមទាំងការប្រឹក្សាយោបល់ចំពោះអត្ថបទស្រាវជ្រាវដែលត្រូវបានទទួលយក។ បន្ទាប់ពីការស្រាវជ្រាវ ត្រូវបានបញ្ចប់ ធនាគារជាតិនៃកម្ពុជានឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី៩ នៅខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ និងពង្រឹងបណ្តាញទំនាក់ទំនងក្នុងការងារស្រាវជ្រាវ។ សន្និសីទនេះ ក៏មានការចូលរួមពីអ្នកជំនាញ អ្នកស្រាវជ្រាវ និងភាគីពាក់ព័ន្ធជាតិនិងអន្តរជាតិផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×