Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកបើកបរ​ជាច្រើន​នៅ​បារាំ​ង ដល់​ថ្នាក់​លាយ​សាំ​ង ខណៈ​ឪពុក​ម្តាយ​មួយចំនួន​នៅ​អង់គ្លេស​បង្ខំចិត្ត​ឲ្យ​កូន​រៀន​នៅផ្ទះ ព្រោះ​សាំង១លីត្រ​តម្លៃ​រហូតដល់​ទៅ…

អ្នកបើកបរមួយចំនួននៅប្រទេសបារាំង បានលាយសាំងធម្មតា ជាមួយនឹងប្រេងសាំងដែលលាយអេតាណុល សម្រាប់រថយន្តផ្ទាល់ខ្លួនពួកគេ ដើម្បីសន្សំការចំណាយ ចំពេលតម្លៃប្រេងឥន្ធនៈបន្តកើនឡើង។

កាសែតបារាំង Le Monde បានដកស្រង់សម្តីម្ចាស់ហាងម្នាក់ឈ្មោះ Sophie នៅស្ថានីយ៍ប្រេងឥន្ធនៈមួយក្នុងទីក្រុង Blois ដោយនិយាយថា អ្នកបើកបរវ័យក្មេងជាច្រើននៅក្នុងតំបន់នេះ កំពុងលាយសាំងធម្មតា និងសាំងលាយជាមួយអេតាណុល ដើម្បីកាត់បន្ថយថ្លៃដើម ព្រោះសាំងលាយជាមួយអេតាណុលមានតម្លៃថោកជាង។

Sophie បាននិយាយថា អ្នកបើកបរម្នាក់បានពន្យល់នាងថា ការប្រើប្រាស់ប្រេងសាំងលាយជាមួយនឹងអេតាណុលក្នុងរថយន្ត អាចបណ្តាលឱ្យខូចម៉ាស៊ីន ប៉ុន្តែខូចខាតតែផ្នែកតូចៗប៉ុណ្ណោះ ហើយ “មិនថ្លៃពេកទេ”។

តែទោះយ៉ាងណា Sophie ក៏បាននិយាយផងដែរថា “មនុស្សជាច្រើនមិនយកចិត្តទុកដាក់” ចំពោះការព្រមានរបស់នាងទេថា ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនបង់ប្រាក់សម្រាប់ការជួសជុលទេ ប្រសិនបើគេរកឃើញថា ល្បាយប្រេងឥន្ធនៈមិនស្របតាមបទប្បញ្ញត្តិ។

ដោយឡែក នៅចក្រភពអង់គ្លេសវិញ ឪពុកម្តាយជាច្រើន កំពុងបង្ខំចិត្តឲ្យកូនរបស់ពួករៀននៅផ្ទះ ដោយសារតែពួកគេមិនអាចមានលទ្ធភាពទិញសាំង ចាក់រថយន្តជូនកូនៗរបស់ពួកគេទៅសាលារៀន។

សមាជិកសភា Robert Halfon (ចក្រភពអង់គ្លេស) បាននិយាយថា ស្ត្រីជាម្តាយត្រូវជ្រើសរើសដ៏ឈឺចាប់ ក្នុងការបង្ខំកូនឱ្យរៀននៅផ្ទះ ដោយសារពួកគេមិនអាចបង់ថ្លៃប្រេងឥន្ធនៈបាន។ តម្លៃប្រេងសាំងនៅចក្រភពអង់គ្លេសបានកើនឡើងយ៉ាងខ្លាំង ដែលការបញ្ចូលប្រេងរថយន្តគ្រួសារមួយមានតម្លៃជាង ៩០ ផោន (ប្រហែល ១១៧ ដុល្លារ)។

លោក Halfon បាននិយាយថា «ខ្ញុំធ្លាប់មានមនុស្សប្រាប់ខ្ញុំថា ពួកគេត្រូវដេកនៅចំណតរថយន្តមួយយប់ ពីព្រោះពួកគេមិនមានលទ្ធភាពទិញសាំង និងលទ្ធភាពបើកឡានទៅផ្ទះវិញ»។ លោកបានបន្ថែមថា​៖ «​ម្តាយដែលបញ្ជូនកូនទៅ​សាលា ប្រាប់ខ្ញុំថា គាត់គិតពីការទៅ​រៀននៅ​ផ្ទះ ព្រោះ​ថ្លៃ​បើកឡានទៅ​សាលា​ថ្លៃ​ពេក។ នោះ​ជា​ការចំណាយដ៏ធំបំផុត​សម្រាប់មនុស្សរាប់លាននាក់»។

សមាជិកសភារូបនេះ ក៏បង្ហាញការការខឹងសម្បារ និងដាក់សម្ពាធលើរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Rishi Sunak ឱ្យកាត់បន្ថយពន្ធលើប្រេងឥន្ធនៈ ដើម្បីជួយគ្រួសារដែលជួបការលំបាកប្រឈមមុខនឹងការចំណាយថ្លៃប្រេងឥន្ធនៈ ដែលបច្ចុប្បន្ន គឺ ២ ផោន/លីត្រ (ស្មើ ២.៦១ ដុល្លារ) នៅក្នុងតំបន់មួយចំនួន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×