បុរសម្នាក់នៅរដ្ឋ Maharashtra បានកំពុងធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅលើបណ្តាញសង្គមឥណ្ឌា បន្ទាប់ពីវីដេអូផ្ទុះការចាប់អារម្មណ៍មួយ បានបង្ហាញឲ្យឃើញ គាត់ទៅធ្វើការរាល់ថ្ងៃ ដោយ «ជិះសេះ» ដោយសារតែតម្លៃសាំងខ្ពស់។ ប៉ុន្តែ មតិមហាជនជាច្រើន គិតថា ថ្លៃថែទាំសេះ គឺចំណាយខ្ពស់ជាងថ្លៃសាំងទៅទៀត។
Shaikh Yusuf មកពីទីក្រុង Aurangabad បានធ្វើការសម្រេចចិត្តដ៏ចម្លែកនេះ គឺដោយសារតែតម្លៃប្រេងឥន្ធនៈខ្ពស់នៅក្នុងប្រទេសឥណ្ឌា។ ហើយតាមរយៈហេតុផលនេះ លោក Shaikh បាននិយាយថា ប្រសិនបើអ្នកទៅធ្វើការដោយជិះសេះ នោះអ្នកនឹងសន្សំប្រាក់បានច្រើន និងការពារបរិស្ថានផងដែរ។
បុរសរូបនេះបានរកឃើញសេះដ៏ល្អមួយសម្រាប់ខ្លួនគាត់ ហើយដាក់ឈ្មោះឲ្យវាថា Jigar ។ ហើយជំនួសឱ្យការប្រើម៉ូតូចំណាយលើសាំងទៅធ្វើការ Shaikh បានយក «សេះ» ជាធម្យោបាយសម្រាប់ធ្វើដំណើរ។
Shaikh បាននិយាយថា «ខ្ញុំបានទៅទិញសេះ ក្នុងអំឡុងពេលវិធានការឃ្លាតឆ្ងាយពីសង្គម។ ហើយស្របពេលតម្លៃសាំងឡើងថ្លៃ ខណៈការដឹកជញ្ជូនសាធារណៈក៏មិនដំណើរការ ដូច្នេះខ្ញុំជ្រើសរើសជិះទៅធ្វើការ»។
គេបានដឹងថា Shaikh បានទិញសេះក្នុងតម្លៃ ៥២៤ ដុល្លារ ហើយបច្ចុប្បន្នបុរសរូបនេះកំពុងធ្វើការនៅមន្ទីរពិសោធន៍នៅសាកលវិទ្យាល័យមួយ។ Shaikh ថា ការជិះសេះប្រចាំថ្ងៃជួយឱ្យគាត់មានសុខភាពល្អ និងរឹងមាំ ដោយបានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំធ្វើការជាជំនួយការមន្ទីរពិសោធន៍នៅសកលវិទ្យាល័យ។ ខ្ញុំជិះសេះទៅធ្វើការ ហើយមានអារម្មណ៍ស្រួល។ នេះជួយឱ្យខ្ញុំមានសុខភាពល្អ និងរាងកាយមាំមួន។ ប្រឈមមុខនឹងការឡើងថ្លៃប្រេងឥន្ធនៈ សេះគឺជាមធ្យោបាយដឹកជញ្ជូនដ៏សមរម្យ»។
បន្ទាប់ពីរូបភាពជិះសេះរបស់គាត់ បានរីកសាយភាយពេញបណ្ដាញសង្គម មនុស្សជាច្រើនបានចាប់អារម្មណ៍ និងចែករំលែកមតិរបស់ពួកគេចំពោះគំនិតនេះ ខណៈពេលអ្នកខ្លះមិនយល់ស្របទេ ព្រោះតម្លៃថែទាំនៃការប្រើប្រាស់សេះ ជាមធ្យោបាយដឹកជញ្ជូនគឺខ្ពស់ជាងពេលប្រើម៉ូតូ។
ក្នុងនោះ អ្នកនិយមលេងអុីនធឺណិតបញ្ចេញមតិថា «តម្លៃថែទាំជាមធ្យមសម្រាប់សេះគឺប្រហែល ១៥៧ ដុល្លារ ក្នុងមួយខែរួមទាំងថ្នាំ អាហារ…, ការចំណាយមិនថោកទេ ខ្ពស់ជាងខ្ញុំជិះម៉ូតូទៅទៀត, ប្រសិនបើតម្លៃសាំងឡើង អ្នកអាចទៅជិះកង់ទៅ, លុយចិញ្ចឹមសេះ គឺខ្ពស់ជាងលុយទិញសាំងទៅទៀត,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

