ភ្នំពេញ ៖ តំណាងអតីតកម្មករណាហ្គាវើលដ៍ មួយចំនួន ដែលដំបូងឡើយសុំស្នើខ្លួនចេញមកខាងក្រៅ (ពីការឃាត់ខ្លួន) ដើម្បីមានសេរីភាពក្នុងការទំនាក់ទំនងហៅតំណាងអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ជាច្រើនរូបផ្សេងទៀត ចូលរួមចរចាដោះស្រាយបញ្ហាវិវាទការងារ, តែមកដល់ពេលនេះ ពួកគេមិនបានធ្វើតាមការសន្យានោះឡើយ ដោយពួកគេនៅតែបានអវត្តមានក្នុងការចូលរួមប្រជុំដោះស្រាយវិវាទការងារ ដែលអញ្ជើញដោយរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ក្រុមការងារដោះស្រាយវិវាទការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ គឺជាពេលណាត់ជួបក្រុមតំណាងអតីតកម្មករណាហ្គាវើលដ៍មួយចំនួន ដើម្បីជជែកពិភាក្សារកដំណោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើល ប៉ុន្តែ មិនឃើញក្រុមតំណាងអតីតកម្មករណាហ្គាវើលដ៍មកជួបដើម្បីជជែកគ្នាសោះ, ទោះជាយ៉ាងនេះក្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញលិខិតអញ្ជើញពួកគេជាថ្មីម្តងទៀត ដើម្បីប្រជុំដោះស្រាយនៅរសៀលថ្ងៃនេះ (ថ្ងៃទី១៧ ខែមីនា)។

ការដែលតំណាងអតីតកម្មករណាហ្គាវើលដ៍ មិនមកចូលរួមប្រជុំដោះស្រាយវិវាទការងារនេះ ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ដើម្បីបន្តសម្របសម្រួលដោះស្រាយបញ្ចប់វិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៍ ដូចដែលក្រសួងបានខិតខំនាពេលកន្លងមក និងស្របតាមស្មារតីនៃកិច្ចសន្យា ក៏ដូចជាសំណូមពររបស់អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបានអះអាងជាមួយក្រសួងថា នឹងធ្វើជាតំណាងរបស់អតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងការដោះស្រាយបញ្ចប់វិវាទការងាររួមជាមួយក្រុមហ៊ុនណាហ្គាវើលដ៍, ក្រសួងក៏បានយល់ព្រមតាមការស្នើសុំរបស់តំណាងកម្មករនៃក្រុមហ៊ុនណាហ្គាវើលដ៏ និងថែមទាំងបានអញ្ជើញតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកមកបន្តប្រជុំដោះស្រាយវិវាទនៅទីស្តីការក្រសួង នាថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២រសៀល, ប៉ុន្តែ តំណាងអតីតកម្មករណាហ្គាវើលដ៍ មិនបានចូលខ្លួនតាមការអញ្ចើញនោះទេ, ឃើញតែភាគីនិយោជកនៃក្រុមហ៊ុនណាហ្គាវើលដ៏ បានមកចូលរួមប្រជុំតាមការអញ្ជើញរបស់ក្រសួងទៅវិញ។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមសំដែងការសោកស្ដាយចំពោះឥរិយាបថបែបនេះរបស់តំណាងអតីតកម្មករក្រុមហ៊ុនណាហ្គាវើលដ៏, ប៉ុន្តែយ៉ាងណាក៏ដោយក្រសួង នៅតែមានទឹកចិត្តចង់ដោះស្រាយបញ្ចប់ករណីវិវាទរួមនេះឱ្យបានឆាប់ស្របតាមនីតិវិធីច្បាប់ និងតាមការសន្យារបស់តំណាងអតីតកម្មករក្រុមហ៊ុនណាកាវើលដ៏ ដូច្នេះ ក្រសួងបានអញ្ជើញគ្រប់ភាគីពាក់ព័ន្ធម្ដងទៀត ចូលរួមប្រជុំដោះស្រាយ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៤និង៣០នាទីរសៀល នៅទីស្តីការក្រសួង។
ទាក់ទងនឹងវិវាទផលប្រយោជន៍នៃការងារផ្សេងៗនេះផងដែរ ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រាប់ទៅអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធមនុស្សនៅកម្ពុជា ថា ចំពោះបញ្ហាដែលជាកង្វល់នានាក្នុងទំនាក់ទំនងវិជ្ជាជីវៈ ក្រសួងតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការទទួលយកមតិយោបល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីធ្វើការដោះស្រាយ ហើយថា បើទោះជាមិនអាចបំពេញចិត្តគ្រប់ភាគីទាំងអស់ ប៉ុន្តែអាចទទួលយកបាន ហើយបង្កើតបាននូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN











