Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្តន្ទាទោស អតីតមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៉ី និង គូកនចំនួន ២០ នាក់ ដាក់គុក ក្នុងម្នាក់ៗពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ ពាក់ព័ន្ធការរួមគំនិតក្បត់ ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានប្រកាសសាលក្រមផ្តន្ទាទោស អតីតមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៉ី និង គូកន ចំនួន ២១ នាក់ ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ ពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ ពីបទ រួមគំនិតក្បត់, ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងប៉ុនប៉ងផ្តួល ដើម្បីធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈផែនការ ៩ វិច្ឆិកា ២០១៩ របស់លោកសម រង្សី ប្រព្រឹត្តចន្លោះពីឆ្នាំ ២០១៨ និង ២០១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សវនាការនេះ ត្រូវបានដឹកនាំដោយ លោកចៅក្រម រស់ ពិសិដ្ឋ ជាប្រធានចៅក្រម ប្រឹក្សាជំនុំជម្រះ,លោកអ៊ឹម វណ្ណៈ និង លោកស្រី ស៊ិន ចរិយា គឺ ជាសមាជិកចៅក្រមប្រឹក្សា និង មានលោកព្រះរាជអាជ្ញារង ចំនួនពីររូប គឺ លោក សេង ហៀង និងលោក សំម ឬទ្ធីវាសនា គឺជាតំណាងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។

លោករស់ ពិសិដ្ឋ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឱ្យដឹងថា ជនជាប់ចោទនៅក្នុងសំណុំ រឿងក្តីព្រហ្មទណ្ឌនេះ មាន ចំនួន២១ នាក់ ក្នុងនោះ រួមមានឈ្មោះ សម រង្ស៊ី ភេទប្រុស អាយុ ៧៣ ឆ្នាំ, ឈ្មោះ ជូឡុង សូមួរ៉ា ភេទ ស្រី អាយុ ៦៧ ឆ្នាំ, ឈ្មោះ មូរសុខហួរ ភេទ ស្រី អាយុ ៦៤ ឆ្នាំ, ឈ្មោះ អេង ឆៃអ៊ាង ភេទ ប្រុស អាយុ ៥២ ឆ្នាំ, ឈ្មោះ ហូរ វ៉ាន់ ភេទ ប្រុស អាយុ ៧១ ឆ្នាំ, ឈ្មោះ នុត រំដួល ភេទ អាយុ ៧២ ឆ្នាំ, និង ឈ្មោះ តុប វ៉ាន់ចាន់ ភេទ អាយុ ៤៩ ឆ្នាំ។ ( អ្នកទាំង៧នាក់នេះ ស្ថិតនៅក្រៅឃុំ-រត់គេចខ្លួន) ។

ពួកគេត្រូវបានតុលាការសម្រេចកាត់ទោសកំបាំងមុខ ដាក់ពន្ធនាគារក្នុងម្នាក់ៗ កំណត់ ១០ ឆ្នាំ និង ចេញដីកាស្វែងរកចាប់ខ្លួនក្រោមការចោទប្រកាន់ ពីបទ: រួមគំនិតក្បត់, ញុះញង់ឲ្យមានភាពវឹកវរនៅក្នុងសង្គម និង ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ តាមបញ្ញត្តិមាត្រា ៤៥៣, ៤៩៤, ៤៩៥, ៤៩៥, និង ៤៧១ នៃ ក្រមព្រហ្មទណ្ឌ។

ចំណែកឯ ជនជាប់ចោទ ដែលត្រូវជាប់ក្នុងឃុំ ចំនួន ១៣នាក់មានឈ្មោះ ៖ កែវ ថៃ, ជុំ ចាន់, ស៊ុន ធន់, ងិន ឃាង, យឹម សារ៉េត, ញ៉ែម វាន, ឃុត ច្រឹកក, ឆុន ប៊ុនឆាត, ថៃ សុគន្ធា, ឡុង ផារី, ឃឹម ភាណា, សុខ ចាន់ថា, និង ពៀត ម៉ាប់។

ពួកគេត្រូវបានតុលាការ កាត់ទោសដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ៥ ឆ្នាំ តែត្រូវអនុវត្តទោសក្នុងពន្ធនាគារ ត្រឹមតែ កំណត់ ៣ឆ្នាំ ៨ខែ ក្នុងម្នាក់់ៗ ប៉ុណ្ណោះ។ ចំណែកឯ ទោស ដែលនៅសេសសល់ គឺត្រូវព្យួរទាំងអស់។

តុលាការក៏បាន កាត់ទោសកំបាំងមុខ ជនជាប់ចោទម្នាក់ទៀត ឈ្មោះ ហ៉ិន ឆាន ដែលបច្ចុប្បន្ននេះ បានចុះចូលក្នុងជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា កាត់ទោសព្យួរ កំណត់ ៥ ឆ្នាំ។
ពួកគេ ត្រូវបានជាប់ចោទពីបទ: រួមគំនិតក្បត់ និង ញុះញង់បង្កឲ្យមាន ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×