ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Jean-Noël BARROT រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង អំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ។
ជាកិច្ចចាប់ផ្តើម ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណនិងកោតសរសើរចំពោះការបន្តគាំទ ឥតងាករេរបស់បារាំង ចំពោះដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងការគោរពច្បាប់ អន្តរជាតិ ជាពិសេសកិច្ចព្រមព្រៀងបទឈប់បាញ់នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនភាគី បារាំងអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃអរិភាពដែលកំពុងបន្តកើតមាន ដែលតម្រូវឱ្យមានការជម្លៀសជនស៊ីវិល កម្ពុជាប្រមាណជាងកន្លះលាននាក់ និងការបង្កឱ្យមានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។
ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី មានប្រសាសន៍ថាការវាយប្រហារមិនរើសគោលដៅរបស់យោធាថៃ បានបំផ្លិចបំផ្លាញខ្ទេចខ្ទីនូវ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបង្កការខូចខាតយ៉ាងដំណំដល់ប្រាសាទបុរាណកម្ពុជាមួយចំនួន រួមទាំងតំបន់ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងការព្រួយ បារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍ដែលកាន់តែធ្ងន់ធ្ងរអាក្រក់ទៅ ដោយបានកត់សម្គាល់ថា ការវាយប្រហារ របស់យោធាថ ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស បានវាតទីចូលជ្រៅមកក្នុងទឹកដីកម្ពុជារហូតដល់ចម្ងាយ ៩០គីឡូម៉ែត្រពីព្រំដែន ដែលជាការឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ កម្ពុជា ដែលជារដ្ឋសមាជិកអាស៊ានដូចគ្នា។
ក្នុងន័យនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការបញ្ឈប់ជាបន្ទាន់ នូវការឈ្លានពានប្រដាប់អាវុធដោយខុសច្បាប់ពីសំណាក់ប្រទេសថៃមកលើកម្ពុជា។
ក្នុងឱកាសកិច្ចសន្ទនានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តម Jean-Noel E អំពីលទ្ធផលនៃកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថ ដែលបានប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងតាមរយៈផ្លូវការទូត ដែលបានធ្វើឡើងដោយ ប្រទេសម៉ាឡេស៊ីក្នុងនាមប្រធានអាស៊ាន ក៏ដូចជាប្រទេសចិន តាមរយៈដំណើរទស្សនកិច្ចមកកម្ពុជារបស់ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ីនៃក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំង
ការអន្តរាគមរបស់សហរដ្ឋអាម៉េរិក រវាងកម្ពុជានិងថៃនេះ។
ក្នុងគោលបំណងសម្រួលដល់ការបញ្ឈប់ជាបន្ទាន់នូវជម្លោះប្រដាប់អាវុធ
ជាការឆ្លើយតប ឯកឧត្តម Jean-Noël BARROT បានកោតសរសើរចំពោះសេចក្តីថ្លែងការណ៍របស់ ប្រធានអាស៊ាននៅក្នុងកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា- ថៃ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលបានសង្កត់ធ្ងន់លើការបន្ត កិច្ចសន្ទនាឡើងវិញ ដើម្បីដោះស្រាយជម្លោះព្រំដែន។ ឯកឧត្តម បានស្វាគមន៍ចំពោះកិច្ចប្រជុំគណៈកម្មាធិការ ព្រំដែនទូទៅ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ ដែលជាជំហានវិជ្ជមានមួយឆ្ពោះទៅមុខ។ លើសពីនេះ ឯកឧត្តម Jean-Noël BARROT បានសម្តែងការគាំទ្ររបស់ប្រទេសបារាំងចំពោះរាល់កិច្ច ផ្តួចផ្តើមរបស់ប្រទេសម៉ាឡេស៊ី ចិន និងសហរដ្ឋអាមេរិក ដើម្បីសម្រេចឱ្យបាននូវដំណោះស្រាយដោយ សន្តិវិធី តាមរយៈផ្លូវការទូត។
ក្នុងអំឡុងពេលនៃការសន្ទនា ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តម Jean-Noël BARROT បានឆ្លៀតឱកាសផ្លាស់ប្តូរទស្សនៈដើម្បីពង្រឹងបន្ថែមនូវចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងបារាំង និងបានរំលឹកនូវដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកឧត្តមសេនីយ៍ឆាល ដឺ ហ្គោល មកកាន់ ព្រះរាជាណាចក្រកម្ពុជា ដែលពេលនោះ លោក បានថ្លែងសុន្ទរកថាដ៏ល្បីល្បាញ ដោយអំពាវនាវឱ្យមាន ការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។
ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តឥតងាករ របស់កម្ពុជា ចំពោះដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងចីរភាព ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងសន្ធិសញ្ញា ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់។
ឯកឧត្តម បានសង្កត់ធ្ងន់លើតម្រូវការក្នុងការអនុវត្ត ឱ្យបានពេញលេញ ប្រកបដោយភាពស្មោះត្រង់ និងសុទ្ធចិត្តនូវបទឈប់បាញ់ជាបន្ទាន់ ការបញ្ឈប់អរិភាព និងការកសាងទំនុកចិត្តគ្នាទៅវិញទៅមកឡើងវិញ។ ឯកឧត្តម ក៏បានទាមទារឱ្យមានការដោះលែងទាហាន កម្ពុជាដែលជាប់ឃុំទាំង១៨នាក់ ដូចមានចែងក្នុងសេចក្ដីថ្លែងការណ៍រួមស្រាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី





