ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែនា ឆ្នាំ២០២២ បានជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ អតីតបុគ្គលិកនៃក្រុមហ៊ុន ណាហ្គាវើលដ៍ ចំនួន ៣នាក់ រួមមានឈ្មោះលោក ជួប ចាន់ណាត, លោក សេង វណ្ណារិទ្ធ និង លោក សៅ សម្បត្តិ បានធ្វើលិខិតមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើសុំជួយផ្ដល់កិច្ចអន្តរាគមន៍តាមផ្លូវច្បាប់ ឱ្យពួកគាត់បាននៅក្រៅ ឃុំជាបណ្ដោះអាសន្ន ដើម្បីបានចូលរួមស្វែងរក ដំណោះស្រាយ និងឈានទៅបញ្ចប់វិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ និងបានសន្យាថា សហការជាមួយ អាជ្ញាធរក្នុងការអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការសុខាភិបាល មិនរារាំងការយកសំណាក មិនធ្វើការប្រមូលផ្តុំ ឬដឹកនាំតវ៉ាណាមួយដែលធ្វើឱ្យប៉ះពាល់ ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមជាតិនោះឡើយ។

ដើម្បីបន្តសម្របសម្រួលដោះស្រាយបញ្ចប់វិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ដូចដែលក្រសួង បានខិតខំនាពេលកន្លងមក និងយោងតាមលិខិតស្នើសុំខាងលើ ក្រសួងបានធ្វើលិខិតទៅក្រសួងយុត្តិធម៌ និង បានចម្លងជូនក្រសួងសុខាភិបាល ហើយក្រសួងយុត្តិធម៌ក៏បានធ្វើលិខិតទៅសាលាដំបូងរាជធានីភ្នំពេញ ស្របតាមនីតិវិធីច្បាប់រួចហើយដែរ។ ប៉ុន្តែ មេធាវីរបស់អតីតបុគ្គលិកទាំង ៣នាក់ មានការយឺតយ៉ាវក្នុងការដកពាក្យ បណ្ដឹងរបស់ខ្លួននៅសាលាឧទ្ធរណ៍ ដែលធ្វើឱ្យរាំងស្ទះដល់ដំណើរការនីតិវិធីតាមផ្លូវច្បាប់។ ដូច្នេះ ដើម្បីអាច អនុវត្តតាមនីតិវិធីតាមផ្លូវច្បាប់ក្នុងការដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន អតីតបុគ្គលិកទាំង ៣នាក់ និង មេធាវីតំណាង ត្រូវផ្តល់ការសហការនិងដកពាក្យបណ្តឹងរបស់ខ្លួននៅសាលាឧទ្ធរណ៍ ជាមុនសិន។ ដោយឡែក នៅព្រឹកនេះ អតីតបុគ្គលិកទាំង៣នាក់ កំពុងស្នើសុំដកពាក្យបណ្ដឹងរបស់ខ្លួននៅសាលាឧទ្ធរណ៍។ ដូចនេះ តាមនីតិវិធីច្បាប់ ក្រសួងរំពឹងថា អតីតបុគ្គលិកទាំង ៣នាក់ អាចនឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះ អាសន្នពេលឆាប់ៗនេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី



