នេះជាខណៈពេលស្ទើរតែមិនគួរឲ្យជឿ ដែលត្រូវបានថតនៅ Guerrero Negro នៃឆ្នេរសមុទ្រប៉ាសុីហ្វិក ក្នុងប្រទេសម៉ិកសុិក នៅពេលដែលត្រីបាឡែនប្រផេះដ៏ធំ១ក្បាល បានយកខ្នងរបស់វាទ្រទូកដែលពោរពេញដោយមនុស្សជិះលើនោះ ហើយអូសទូក ប្រៀបដូចអ្នកបើកបរតាក់សុីអុីចឹង។
នៅក្នុងវីដេអូដែលត្រូវបានថតដោយ Lory Barra អ្នកដំណើរម្នាក់នៅលើទូក បានបង្ហាញឲ្យឃើញត្រីបាឡែនប្រផេះនេះ បានហែលអមទ្រទូកចេញពីក្នុងទឹក ដែលធ្វើឲ្យអ្នកដំណើរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
នាង Lory បានលាន់មាត់ក្នុងវីដេអូថា៖ «ត្រីបាឡែនប្រផេះកំពុងជំរុញឱ្យយើងចេញដំណើរ! នេះអាចជាបទពិសោធន៍លើកដំបូងក្នុងមួយជីវិត សម្រាប់អ្នកដំណើរតាមទូក»។
Lory មកពីឆ្នេរ Manhattan នៅរដ្ឋ California បាននិយាយថា ត្រីបាឡែនបានលេងជាមួយមនុស្សនៅលើទូក អស់រយៈពេលជាង២ម៉ោង ហើយវាគឺជារឿងដ៏កម្របំផុតសម្រាប់ពួកគេ។
Lory បានបន្ថែមថា «ត្រីបាឡែនដ៏ចេះនេះ បានងាកសម្លឹងមើលមកខ្ញុំពីរបីដងទៀតផង។ វាមានទម្ងន់ទ្វេដងនៃទូករបស់ពួកយើង ប្រមាណ ៣០ តោន»។
គួរឲ្យដឹងផងដែរថា ប្រភេទត្រីបាឡែនពណ៌ប្រផេះខ្លះ គឺអាចមានទំងន់រហូតដល់ ៤០ តោន និងត្រីបាឡែនពណ៌ប្រផេះពេញវ័យអាចមានប្រវែងជាង ១៥ ម៉ែត្រ។
ថនិកសត្វនេះមានភាពវៃឆ្លាតខ្លាំងណាស់ ដូច្នេះវាអាច “លេង” ជាមួយភ្ញៀវទេសចរនៅម៉ិកស៊ិកយ៉ាងរីករាយ។ ត្រីបាឡែនដែលចង់ដឹងចង់ឃើញ បាន «ថើប» ទូកទេសចរណ៍កាលពីខែមុន ហើយក្នុងឱកាសពេលនោះ ត្រីបាឡែនប្រផេះនេះបានងើបក្បាលរបស់វាចេញពីទឹក ហើយអនុញ្ញាតឱ្យអ្នកជិះទូក ប៉ះនិងថើបវា មុនពេលវាចាកចេញទៅ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







