Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ និងបង្កើនការវិនិយោគ លើវិស័យអប់រំ រួមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ គឺជាការផ្តោតការយកចិត្តទុកដាក់ នៃទស្សនកិច្ច របស់អនុប្រធានធនាគារពិភពលោកមកកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ លោកស្រី ម៉ានូអេឡា វ. ហ្វឺរ៉ូ (Manuela V. Ferro) អនុប្រធានធនាគារពិភពលោក សម្រាប់តំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វ៊ិក បានផ្តល់តម្លៃខ្ពស់ ចំពោះចំណាត់ការមានប្រសិទ្ធភាព របស់កម្ពុជា ក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ ហើយលោកស្រីបានលើកទឹកចិត្តផងដែរ ឱ្យមានការបន្តជំរុញការវិនិយោគលើវិស័យអប់រំ ថែមទៀត ក្នុងខណៈដែលរដ្ឋាភិបាលខិតខំស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ ក្នុងឱកាសដែលលោកស្រីបានបំពេញទស្សនកិច្ចនៅកម្ពុជាពិថ្ងៃទី ១៣ដល់ថ្ងៃទី១៧ ខែមីនានេះ។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី ហ្វេរ៉ូ បានជួបធ្វើកិច្ចពិភាក្សា ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តម វង្សី វិសុទ្ធ រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តមស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន, និង ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងដែនដី នគរូបនីយកម្ម និងសំណង់។

លោកស្រី ហ្វឺរ៉ូ មានប្រសាសន៍ថា៖ “កម្ពុជានៅមិនទាន់រួចផុតពីផលប៉ះពាល់អវិជ្ជមានរបស់ជំងឺកូវីដ-១៩ ទៅលើសេដ្ឋកិច្ច នៅឡើយទេ ដែលពេលនេះកំពុងជួបនឹងរឿងមិនសូវល្អមួយទៀតដោយសារប្រេងឥន្ធនៈ និង ស្បៀងអាហារឡើងថ្លៃ។ យ៉ាងណាក្តី អត្រាចាក់វ៉ាក់សាំងខ្ពស់ និង ការបើកប្រទេសឡើងវិញ ជាកត្តាធ្វើឱ្យកម្ពុជាមានភាពប្រសើរមួយក្នុងការស្តារសេដ្ឋកិច្ចឱ្យបានរឹងមាំសាជាថ្មី”។ លោកស្រីពោលបន្ថែមទៀតថា៖ “ធនាគារពិភពលោកកំពុងតែបន្តជួយកម្ពុជាលើផ្នែកសេវាកម្មអប់រំនិងសុខាភិបាល, ការកែទម្រង់សេដ្ឋកិច្ច ដើម្បីបង្កើនការវិនិយោគ និង បង្កើតការងារថ្មីៗ, និងដើម្បីពង្រីកលទ្ធភាពទទួលបានសេវាសាធារណៈប្រកប ដោយគុណភាព។”

នៅក្នុងជំនួបជាមួយមន្ត្រីរដ្ឋាភិបាល និង តំណាងវិស័យឯកជន លោកស្រី ហ្វឺរ៉ូ បានស្វាគមន៍ចំពោះការគ្រប់គ្រងមានប្រសិទ្ធភាព របស់កម្ពុជាលើការរាតត្បាតវីរុសកូវីដ-១៩ ក៏ដូចជាចំពោះកម្មវិធីស្តារសេដ្ឋកិច្ចដែលរដ្ឋាភិបាលកំពុងអនុវត្ត។ លោកស្រីក៏ បានធ្វើ ការកត់ សម្គាល់ដែរថា កិច្ចខិតខំស្តារសេដ្ឋកិច្ចនេះក៏ជាឱកាសថ្មីមួយដែរ សម្រាប់គិតគូរអំពីគន្លងផ្លូវថ្មីដើម្បីនាំមកនូវកំណើនសេដ្ឋកិច្ច គឺតាមរយៈការធ្វើកំណែទម្រង់ដែលនឹងជំរុញថែមទៀតនូវផលិតភាពរបស់ក្រុមហ៊ុន និង របស់កម្មករ ហើយនឹងជួយធ្វើឱ្យការវិនិយោគនិងការនាំចេញកាន់តែរីក និង កាន់តែសម្បូរបែប។

ក្រៅពីជំនួបទាំងនេៈ លោកស្រី ហ្វឺរ៉ូ បានឆ្លៀតពេលទៅធ្វើទស្សនកិច្ចដល់គម្រោងមួយចំនួនដែលទទួលជំនួយពីធនាគារ ពិភព លោក។ លោកស្រីបានសង្កេតមើលសកម្មភាពនៅតាមថ្នាក់រៀន និង នៅតាមមន្ទីរពិសោធន៍នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា ដែលកំពុងតែសហការគ្នាជាមួយសាកលវិទ្យាល័យអន្តរជាតិនានាជាដៃគូ ដើម្បីអឹបក្រេដកម្មវិធីសិក្សាវិស្វកម្មសម្រាប់ កម្រិតបរិញ្ញាបត្រ និង អនុបណ្ឌិត។ លោកស្រីក៏បានធ្វើការសន្ទនាដែរជាមួយគ្រូបង្រៀន មាតាបិតា និង សិស្សានុសិស្សនៅអនុវិទ្យាល័យ ទួលប្រាសាទសែនសុខ ដែលនៅទីនោះកិច្ចប្រឹងប្រែងនានាក្នុងការកែលម្អប្រតិបត្តិការរបស់សាលា និង លទ្ធផលសិក្សារបស់សិស្ស កំពុងតែទទួលបានផលល្អ ក្នុងនោះអត្រាសិស្សឈប់រៀនបានធ្លាក់ចុះ ហើយសិស្សក៏ខិតខំរៀនសូត្រក៏ទទួលបានលទ្ធផលប្រសើរជាងជាងមុនដែរ។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ភូមិ សុខសែនជ័យ ឃុំពាម និងទៅកាន់ភូមិខ្សាច់ស ក្នុងឃុំក្រាំងល្វា ខេត្តកំពង់ឆ្នាំង លោកស្រី ហ្វឺរ៉ូ បានជួបសន្ទនាជាមួយមន្ត្រី និង ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានទទួលកម្មសិទ្ធិដីធ្លី និងអត្ថប្រយោជន៍នានាពីជំនួយដូចជាផ្លូវថ្នល់ ទឹក អនាម័យ និងជំនួយដល់ផ្នែកកសិកម្មបម្រើឱ្យជីវភាពរស់នៅរបស់សហគមន៍នៅទីនោះ។

នាពេលបច្ចុប្បន្ន ធនាគារពិភពលោក កំពុងជួយដល់គម្រោងអភិវឌ្ឍនានារបស់កម្ពុជា ដែលមានតម្លៃជាទឹកប្រាក់ប្រមាណជាង ១,១ ប៊ីលានដុល្លារអាមេរិក៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×