ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់មួយកាលពីថ្ងៃ17 ខែមីនាម្សិលមិញនេះ ក្រសួងការបរទេសចិនបានលើកឡើងថា ខ្លួនបានច្រានចោលយ៉ាងដាច់អហង្កានូវការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អេនតូនី ប្លីនខេន(Antony Blinken) ដែលថាប្រទេសចិនមិនមានឆន្ទៈក្នុងការថ្កោលទោសរុស្ស៊ី គឺមិនសមស្របនឹងជំហររបស់ចិនក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិឡើយ។
លោក ចៅ លីជៀន (Zhao Lijian) អ្នកនាំពាក្យក្រសួងការបរទេសចិន បានបន្តថា ប្រទេសចិនតែងតែជឿជាក់លើអធិបតេយ្យភាព និងបូរណភាពទឹកដីនៃរដ្ឋនានា គួរតែត្រូវបានរក្សា។
នៅក្នុងបទសម្ភាសន៍ជាមួយ NPR កាលពីថ្ងៃពុធ លោក Blinken បាននិយាយថា ការពិតគឺថា ប្រទេសចិន “មិនមានជំហររឹងមាំប្រឆាំងនឹង” ការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន និងគេចចេញពីការប្តេជ្ញាចិត្តរបស់ចិនក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទទួលខុសត្រូវក្នុងការរក្សាសន្តិភាព និងសន្តិសុខ។
លោក Blinken បានបន្តទៀតថា “វាមិនស៊ីសង្វាក់គ្នាទាំងស្រុងជាមួយនឹងអ្វីដែលចិននិយាយ ហើយនិយាយម្តងហើយម្តងទៀត អំពីភាពបរិសុទ្ធនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍ជាមូលដ្ឋាន រួមទាំងអធិបតេយ្យភាពរបស់ប្រទេសនានា”។
ប្រទេសចិនបានបដិសេធមិនថ្កោលទោសរុស្ស៊ីដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួនចំពោះការលុកលុយអ៊ុយក្រែន ខណៈពេលដែលចិនបានបន្ទោសសហរដ្ឋអាមេរិក និងអង្គការណាតូ “ការពង្រីកទៅទិសខាងកើត” សម្រាប់ភាពតានតឹងកាន់តែអាក្រក់ទៅៗ។
ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង កាន់តែមានភាពស្និទ្ធស្នាល ក្នុងរយៈពេលថ្មីៗនេះ នៅក្នុងអ្វីដែលទីក្រុងវ៉ាស៊ីនតោន មើលឃើញថាជាសម្ព័ន្ធមិត្តដ៏អរិភាពកាន់តែខ្លាំងឡើងនៃមហាអំណាចនុយក្លេអ៊ែរផ្តាច់ការ៕ ប្រភព៖ CNA