ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ពិតជាបានសម្តែងក្តីអាណិតអាសូរជាខ្លាំង ក្រោយពីបានដឹងថា ក្មេងស្រីមាន «ជំងឺភឿក» ពីកំណើតម្នាក់ ពុំត្រឹមតែរូបកាយចម្លែកដូចជនជាតិបារាំងទេ តែក្មួយស្រីកំពុងមានបញ្ហាភ្នែក ដែលពិបាកក្នុងមើល និងសរសេរយ៉ាងខ្លាំង។
នេះបើតាមគ្រូបង្រៀនដែលមានគណនីហ្វេសប៊ុកឈ្មោះ Keo Dorn បានបង្ហោះអំពាវនាវរកជំនួយជួយដល់ក្មេងស្រីដ៏អភព្វម្នាក់នេះ ដោយលោកគ្រូបានសរសេររៀបរាប់ថា៖ «មិនមែនជនជាតិបារាំងទេគាត់ជាកូនសិស្សរបស់ខ្ញុំរៀននៅថ្នាក់ទី៨(ក) តែគាត់ងងឹតភ្នែកទេពិបាកមើលនិងសរសេរណាស់។ សុំជួយគាត់ផង បើមានស្គាល់អង្គការណាទាក់ទងនឹងភ្នែក សូមជួយប្រាប់ផង គាត់នៅភូមិផ្លូវគោស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង»។
ទន្ទឹមនឹងរូបភាពប៉ុន្មានសន្លឹក ជាមួយការអំពាវនាវរកជំនួយជួយក្នុងការព្យាបាលដល់នាង ក៏មានបងប្អូនអ្នកលេងបណ្តាញសង្គមជាច្រើន បានណែនាំឲ្យលោកគ្រូខាងលើ យកក្មួយស្រីទៅកាន់កន្លែងមណ្ឌលព្យាបាលជាច្រើន ដែលពួកគេបានដឹង។ ក្នុងនោះ ក្មួយស្រីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Meak Beya បានប្រាប់ឲ្យដឹងថា៖ «សូមផ្ញើរទៅលោកគ្រូ អាចប្រាប់គ្រួសារគាត់ ជួយយកគាត់មកមណ្ឌលដើម្បីភាពញញឹមនៃកុមារ ភូមិទ្រាសង្កាត់ ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ដែលគេហៅថា សាលាបារាំង»។
Meak Beya ដែលសព្វថ្ងៃកំពុងរៀននៅមណ្ឌដើម្បីភាពញញឹមនៃកុមារ (PSE) ក៏បានចែករំលែកឲ្យដឹងថា «ខ្ញុំកើតមក ២៣ឆ្នាំហើយ មានស្ថានភាពដូចគាត់ចឹង។ តែគាត់ដូចខ្ញុំចឹង មិនមែនងងឹតភ្នែកទេ គឺចាញ់ពន្លឺថ្ងៃ។ ពេលថ្ងៃ ត្រូវពាក់វ៉ែនតាខ្មៅ ហើយពាក់អាវដៃវែង។ ខ្ញុំដូចគាត់ចឹង។ ខ្ញុំរៀននៅមណ្ឌលដើម្បីភាពញញឹមនៃកុមារ ដែលគេហៅថា សាលាបារាំង PSE។ ខ្ញុំមានការពិនិត្យសុខភាពមួយឆ្នាំ ពីរដង។ ខ្ញុំបានរៀនចប់ រយៈពល ២ឆ្នាំ។ សម្រាប់សុខភាពខ្ញុំ ដូចគេធម្មតាទូទៅ។ តែបញ្ហាភ្នែក គឺចាញ់ពន្លឺថ្ងៃ ស្រទាប់ស្បែក មិនមានជាតិមេឡានីន សម្រាប់ការពារកំដៅថ្ងៃ»។
ទាក់ទងជំងឺនេះផងដែរ ក៏ត្រូវបានគណនីហ្វេសប៊ុកឈ្មោះ ស្រី នុត ប្រាប់ឲ្យដឹងថា «ជម្ងឺភឿក ពីកំណើតមក ជំងឺនេះកុំថាឡើយតែភ្នែក សូម្បីស្បែករបស់គាត់ ក៏រងទទួលបញ្ហាដែលត្រូវពន្លឺថ្ងៃក៏មិនបាន អាណិតគាត់ណាស់»។
តែទោះយ៉ាងណា ជំងឺភឿកចាញ់ពន្លឺថ្ងៃធ្វើឲ្យភ្នែកងងិតនេះ ត្រូវបានដឹងថា ពុំអាចព្យាបាលឲ្យមើលឃើញដូចមនុស្សធម្មតានោះទេ ប៉ុន្តែ អាចមានវិធីការពារបាន។ នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Heav Det បានចែករំលែកឲ្យដឹងថា៖ «ខ្ញុំជាម្នាក់ក្នុងចំនោមអ្នកផ្សេងទៀតដែលដូចគាត់។ ខ្ញុំអាចចែករំលែកអ្វីដែលខ្ញុំបានដឹងបានឆ្លងកាត់ និងកំពុងតែឆ្លងកាត់៖
១.គំហើញ គ្មានវិធីណាអាចជួយឱ្យមើលឃើញដូចមនុស្សទូទៅទេ អ្វីដែលត្រូវធ្វើល្អបំផុតគឺពាក់វែនតាការពារពន្លឺឱ្យជាប់។
២.សុខភាពស្បែក គ្មានស្រទាប់ការពារកំដៅទេ ដាច់ខាតកុំឱ្យត្រូវកំដៅ ហាមសូម្បីងូតទឹកក្ដៅ ត្រូវប្រើគ្រីមលាបការពារកំដៅថ្ងៃរាល់ពេលចេញក្រៅ ឬ ពាក់សម្លៀកបំពាក់ក្រាស់ៗឱ្យជិត។
៣. បញ្ហាផ្លូវចិត្ត គួរអាសៀវតៅ ឬ ស្ដាប់គតិល្អៗទាក់ទងនិងការបណ្ដុះស្មារតីនិងអប់រំចិត្តឱ្យបានច្រើនដើម្បីបង្កើត និងបង្កើនការអត់ធ្មត់ តស៊ូ និងការជឿជាក់លើខ្លួនឯង ព្រោះមានរូបរាងដូចពួកយើងពិបាករស់នៅក្នុងសង្គមណាស់។ សូមកុំរង់ចាំអ្នកដទៃមកលើកទឹកចិត្តយើងអី ព្រោះពេលខ្លះសូម្បីសាច់ញាតិយើង គ្រូដែលបង្រៀនយើង(មួយចំនួន) មិនឱ្យតម្លៃ មិនលើកទឹកចិត្តយើងផង។
៤. ការសិក្សា ខ្ញុំមិនដឹងទេថាមកទល់និងពេលនេះមានជំនួយអ្វីខ្លះសម្រាប់អ្នកខ្សោយគំហើញ និងអ្នកពិកាភ្នែក តែកាលពីសម័យដែលខ្ញុំនៅរៀននៅចំនេះទូទៅមកទល់និងការសិក្សាក្រោយឧត្តមគឺមិនធ្លាប់បានទទួលបានការសម្របសម្រួលអ្វីមួយឡើយ ក្រៅតែពីការអង្គុយតុរមុខគេ ហើយបើទោះជាអង្គុយមុខគេ ក៏នៅតែមិនដឹងថាគ្រូសរសេរអ្វីលើក្ដាខៀនដែរ កាលនោះខ្ញុំសួរមិត្តភក្ដិនៅអង្គុយជាមួយគ្នាឱ្យគេជួយអានអក្សឱ្យស្ដាប់។ បច្ចុប្បន្ននេះខ្ញុំក៏មិនដឹងថាប្អូនស្រីទទួលបានលក្ខខណ្ឌសិក្សាបានល្អជាងបងឬដូចបងទេ តែបងជឿលើការប្រឹងប្រែង ត្បិតភ្នែកយើងមិនល្អដូចគេឯង តែយើងអាចប្រឹងប្រែងឱ្យច្រើនជាងគេឯងបាន ត្បិតវាលំបាក តែវាគ្មានជម្រើសអ្វីល្អជាងនេះទេ។ ឱ្យតែប្រឹងប្រែងប្រាកដជាមានលទ្ធផល។ ឱ្យតែរៀនពូកែប្រាកដជារកការងារបានធ្វើ។ សង្ឃឹមថាសារមួយនេះនិងទៅដល់ប្អូន។»។
បើតាមលោកគ្រូខាងលើ បានបញ្ជាក់ប្រាប់ឲ្យដឹងថា ក្មួយស្រីភឿករូបនេះ មានទីភូមិផ្លូវគោ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





