Tuesday, December 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រឡាយទឹកស្អុយលូ៥ បានក្លាយជាសួនដ៏ស្រស់ស្អាត និងជាកន្លែងហាត់ប្រាណ សម្រាប់ប្រជាពលរដ្ឋយ៉ាងល្អ នៅខណ្ឌមានជ័យ

ភ្នំពេញ៖ ប្រឡាយទឹកស្អុយលូ៥ ដែលមានទីតាំងស្ថិតនៅភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ពេលនេះបានក្លាយខ្លួនជាសួន (សួនសហគមន៍កុមារមេត្រី ឬហៅថាសួនលូ៥) ដ៏ស្រស់ស្អាតនិងជាកន្លែងហាត់ប្រាណ របស់បងប្អូនប្រជាពលរដ្ឋ នៅតំបន់នេះ យ៉ាងល្អផងដែរ។

សួននេះបានស្ថាបនាឡើងក្រោមការជួយឧបត្ថមពីស្ថានទូតចិន ប្រចាំនៅកម្ពុជា ហើយត្រូវបានបើកសម្ពោធ ដាក់អោយប្រើប្រាស់ ជាផ្លូវការ នៅព្រឹកថ្ងៃទី១៨ មីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោក ឆាង ជាន អគ្គទីប្រឹក្សានៃស្ថានទូតចិន តំណាងឲ្យ វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានមានប្រសាសន៍ឲ្យដឹងថា៖ សួនសហគមន៍កុមារមេត្រី ឬហៅថាសួនលូ៥ មានទីតាំងស្ថិតនៅភូមិ ដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ មានផ្ទៃដីសរុប ២៧៧៥ ម៉ែត្រក្រឡា បណ្តោយប្រវែង ២២៩ ម៉ែត្រ ទទឹង ១០ ម៉ែត្រ និងទទឹងប្រឡាយទឹកក្រោមដី ៥ ម៉ែត្រ ។ ជាទីធ្លាបើកចំហសាធារណៈ ដែលមានប្រជាពលរដ្ឋរស់នៅ និងកម្មករ និយោជិតរោងចក្រជាច្រើននៅជុំវិញ ។ កាលពីមុនសួនលូ៥នេះ គឺជាប្រឡាយ ទឹកស្អុយបើកចំហ ដែលមានគម្របបេតុង និងក្រាលក្បឿងពីលើ ហើយសួននេះ ជាទីតាំងសំខាន់មួយក្នុងតំបន់ស្ទឹងមានជ័យ ដែលអ្នករស់នៅអាចដើរហាត់ប្រាណ និងក្មេងលេងកម្សាន្តបាន ។ សួននេះសាងសង់ឡើយ ដោយប្រើប្រាស់រយៈពេល ០៦ ខែ ដោយចាប់ផ្តើមពីថ្ងៃទី ០៩ ខ កញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ២៥ ខែ មករា ឆ្នាំ២០២២ ចំណាយថវិកាសរុប ៦៧,៤៩៧ ដុល្លា រៀបចំសាងសង់ឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ ។ ក្នុងនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់បំពាក់ឧបករណ៍សម្រាប់ហាត់ប្រាណ អស់ថវិកា ចំនួន ៦,០០០ ដុល្លារ សរុបថវិកាចំណាយទាំងអស់ចំនួន ៧៥,៤៩៧ ដុល្លា ។

ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា៖ សួនសហគមន៍កុមារមេត្រីនេះមិនត្រឹមតែលើក
សោភណ្ឌភាពរាជធានីភ្នំពេញប៉ុណ្ណោះទេ តែវាជាកន្លែងមួយ ផ្ដល់ឲ្យប្រជាពលរដ្ឋនៅតំបន់នេះ បានហាត់ប្រាណដើម្បីសុខភាព។ ទោះបីជាយ៉ាងណាក្តីលោកសូមឲ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំសាងសង់រោងការ នៅលើសួនច្បារនេះឲ្យសោះ វានឹងនាំធ្វើឱ្យខូចខាត នូវហេដ្ឋារចនាសម្ព័ន្ធនានានៅលើសួននេះ។

ឯកឧត្តមនួន ផារ័ត្ន បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះមហាមិត្តចិនដែលបានជួយកម្ពុជាជាច្រើន ជាក់ស្តែងនៅពេលនេះចិនបានផ្ដល់នូវថវិកា ដើម្បីសាងសង់សួនសហគមន៍កុមារមេត្រីនេះឡើង ។ ចិនបានផ្តល់វ៉ាក់សាំងការពារជំងឺ covid-19 និងការជួយលើវិស័យច្រើនទៀតមកដល់កម្ពុជា។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមនួន ផារ័ត្ន បានពាំនាំនូវការផ្តាំផ្ញើរបស់ឯកឧត្តមឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយជម្រុញឱ្យមន្ត្រីថ្នាក់សង្កាត់ ខណ្ឌ ត្រូវជំរុញការផ្ដល់សេវាជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងចាត់វិធានការជុំវិញការទប់ស្កាត់ជំងឺកូវីដ-១៩ ឲ្យបានល្អប្រសើរថែមទៀត។

លោក ឆាង ជាន បានមានប្រសាសន៍លើកឡើងផងដែរថា ការស្ថាបនាសួនសហគមន៍កុមារមេត្រី
វាមិនត្រឹមតែបានឲ្យក្មេងៗ បានលេងប៉ុណ្ណោះទេ វាក៏បានលើកសោភ័ណភាពរាជធានីភ្នំពេញ ឲ្យកាន់តែស្រស់ស្អាត ហើយវាក៏ជាកន្លែងសម្រាប់ ឲ្យបងប្អូនប្រជាពលរដ្ឋបានហាត់ប្រាណផងដែរ។

លោកឆាង ជាន បានសម្តែងនូវការអរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រនូវគម្រោង នៃការសាងសង់សួនសហគមន៍កុមារមេត្រី នេះឡើង។សួននេះ វាពិតជាបានបង្កើតនូវទំនាក់ទំនងមិត្តភាព កម្ពុជា-ចិន កាន់តែល្អប្រសើរមួយកម្រិតថែមទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×