ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានចេញដីកាអនុញ្ញាតឲ្យ អតីតបាតុករប្រឆាំងក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ៣ នាក់ទៀត នៅក្រៅឃុំជាបណ្ដោះអាសន្ន ដើម្បីធ្វើជាតំណាងដោះស្រាយវិវាទការងារ ជាមួយក្រុមហ៊ុន NAGA WORLD ទៅតាមច្បាប់ ហើយអតីតបាតុករទាំង៣នាក់បានថ្លែងសន្យាថា នឹងមិនធ្វើការប្រមូលផ្តុំតវ៉ាទៀតឡើយ។

អតីតបាតុករទាំង៣រូបនេះ រួមមាន៖ ទី១៖ ឈ្មោះ ជួប ចាន់ណាត, ទី២ឈ្មោះ សេង វណ្ណរិទ្ធ និងទី៣ឈ្មោះ សៅ សម្បតិ។ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ពួកគេបានដាក់ពាក្យស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការជួយសម្របសម្រួលឲ្យនៅ ក្រៅឃុំជាបណ្ដោះអាសន្ន ដើម្បីធ្វើជាតំណាងដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុន NAGA WORLD ទៅតាមច្បាប់ ព្រមទាំងសន្យាថា នឹងមិនធ្វើបាតុកម្មតវ៉ា ធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមទៀតឡើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងឲ្យមនុស្ស៨នាក់ ដែលជាអ្នកដឹកនាំបាតុកម្ម ដោយខុសច្បាប់របស់ក្រុមអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន។
មនុស្សទាំង៨នាក់ដែលត្រូវបានដោះលែងនេះ រួមមាន៖ ១) ឈ្មោះ ឈឹម ស៉ីថរ, ២) ឈ្មោះ រី សុវណ្ណឌី, ៣) ឈ្មោះ ស៊ុន ស្រីពេជ្រ, ៤) ឈ្មោះ ហៃ សុភាព, ៥) ឈ្មោះ ឃ្លាំង សុបិន្ដ, ៦) ឈ្មោះ ទូច សិរីមាស, ៧) ឈ្មោះ សុខ ណារិទ្ធ និង៨) ឈ្មោះ ឈឹម សុខន៕ រក្សាសិទ្ធិដោយ៖សុទ្ធ លី






