ភ្នំពេញ ៖ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ សហការជាមួយក្រុមការងារចំពោះកិច្ចអនឡាញ និងកម្មសិទ្ធិបញ្ញា និងដឹកនាំសម្របសម្រួល ពីព្រះរាជអាជ្ញារងរាជធានីភ្នំពេញ និងលោក អគ្គនាយករង នៃអគ្គនាយករដ្ឋាន ក.ប.ប. បានចុះត្រួតពិនិត្យលើឃ្លាំងស្ដុក លក់ និងចែកចាយទំនិញគ្រប់ប្រភេទចំនួន ២កន្លែងដើម្បីស្វែងរកភាពអនុលោមលើទំនិញ និងឯកសារគតិយុត្តិផ្សេងៗក្នុងវិស័យពាណិជ្ជកម្ម។

គោលបំណងនៃការត្រួតពិនិត្យ គឺដើម្បីទប់ស្កាត់ការធ្វើធុរកិច្ចមិនស្មោះត្រង់ ការប្រកួតប្រជែងមិនសុចរិតនៅក្នុងទីផ្សារ និងចរាចរទំនិញមិនមានអនុលោមភាពទាំងគុណភាពនៃទំនិញ និងឯកសារពាក់ព័ន្ធផ្សេងៗក្នុងវិស័យធុរកិច្ច ចៀសវាងការគេចវេះកាតព្វកិច្ចណាមួយពីច្បាប់ពាក់ព័ន្ធតម្រូវ។
ជាលទ្ធផលមន្រ្តីជំនាញ បានរកឃើញទំនិញមួយចំនួន មិនមានអនុលោមភាពលើឃ្លាំងទាំង ២ខាង និងសម្រេចផ្អាកបណ្ដោះអាសន្ន ដោយតម្រូវឱ្យម្ចាស់ចូលខ្លួនមកដោះស្រាយ នៅអគ្គនាយកដ្ឋាន ក.ប.ប.៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី







