ភ្នំពេញ ៖ ក្រសួងការពារជាតិ ធ្វើបច្ចុប្បន្នភាពអំពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពាក់ព័ន្ធករណីយោធាថៃបន្តការបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជានៅក្នុងយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ គិតមកដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ដែលជាថ្ងៃទី២០ ហើយ។
១. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង១៧:០០នាទីល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥
ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥
- ចាប់ពីម៉ោង ២២:០០នាទី ដល់ម៉ោង ២៣:០០នាទី យោធាថៃបានធ្វើសកម្មភាពចល័តកម្លាំងបន្ថែម និងរថក្រោះចូលមកកៀកនឹងភូមិសាស្រ្តប្រាសាទតាមាន់។
ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥
- ម៉ោង ៥:៤០នាទីទៀបភ្លឺ យោធាថៃបានចាប់ផ្តើមធ្វើសកម្មភាពបាញ់ផ្លោងពីចម្ងាយចូលក្នុងភូមិសាស្ត្រប្រាសាទតាក្របី ទៅតាមផែនការនៃការឈ្លានពានមកលើបូរណភាពទឹកដីរបស់កម្ពុជា។
- ម៉ោង ៦:០៥នាទី យោធាថៃបានបាញ់កាំភ្លើងធំពីចម្ងាយចូលភូមិសាស្ត្រប្រាសាទតាមាន់។
- ចាប់ពីម៉ោង ៦:៤៩នាទី ដល់ម៉ោង ៧:០០នាទី យោធាថៃបានចាប់ផ្តើមបាញ់កាំភ្លើងធំ និងរថក្រោះបាញ់បុកចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារ និងបន្តបាញ់កាំភ្លើងធំពីចម្ងាយចូលភូមិសាស្ត្រប្រាសាទតាមាន់ និងប្រាសាទតាក្របី។
- ម៉ោង ៩:០០នាទី យោធាថៃបានបន្តប្រើប្រាស់កាំភ្លើងធំ និងកាំភ្លើងលើរថយន្តបាញ់ចល័តចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, ភ្នំខ្មោច, ជាំតែ និងបន្តបាញ់ផ្សែងពុលចូលភូមិសាស្ត្រប្រាសាទតាមាន់។
- ម៉ោង ១០:០០នាទី យោធាថៃនៅតែបន្តបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។
- ចាប់ពីម៉ោង ១១:០០នាទី រហូតដល់ម៉ោង ១២:០០នាទី យោធាថៃនៅតែបន្តបាញ់ផ្លោងពីចម្ងាយ ដោយបានប្រើប្រាស់កាំភ្លើងប្រភេទ ១៥៥ម.ម និងកាំជ្រួច DTI-2 ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ, ភ្នំខ្មោច និងបានបន្តបាញ់កាំភ្លើងធំ, រថក្រោះចូលភូមិសាស្ត្រប្រាសាទតាមាន់។
ស្ថានការណ៍ជួរមុខនៅទីតាំងមួយចំនួនមានសភាពស្ងប់ស្ងាត់ ខណៈនៅតាមទីតាំងមួយចំនួនយោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពានទឹកដី និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
២. ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ភាគីថៃនៅតែបន្តបាញ់ប្រហារ ដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥ រហូតដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥
ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៥
- ចាប់ពីម៉ោង ១៨:០០នាទី ថ្ងៃទី២៥ ដល់ម៉ោង ៧:០០នាទី ថ្ងៃទី២៦ យោធាថៃបានបន្តបាញ់ផ្លោងចំនួន ៤៥គ្រាប់ និងបានបាញ់គ្រាប់ភ្លើងបំភ្លឺចំនួន ១៥គ្រាប់ ចូលភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្តាយមានជ័យ។
- ម៉ោង ១៩:២៣នាទី យោធាថៃបានបាញ់ភ្លើងបំភ្លឺលើភូមិសាស្រ្តភូមិជោគជ័យ។
- ម៉ោង ២១:០៨នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅភូមិសាស្រ្តភូមិជោគជ័យ។
- ម៉ោង ២២:៥៤នាទី យោធាថៃបានបាញ់ផ្លោងចំនួន ៣គ្រាប់ ចូលភូមិសាស្ត្រឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៥
- ម៉ោង ៤:៣៥នាទីទៀបភ្លឺ យោធាថៃបានចាប់ផ្តើមបាញ់ផ្លោងចូលភូមិសាស្រ្តភូមិព្រៃចាន់។
- ចាប់ពីម៉ោង ៦:០៨នាទី ដល់ម៉ោង ៧:១៥នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ចំនួន ៤០គ្រាប់ ចូលក្នុងភូមិសាស្ត្រភូមិជោគជ័យ ដើម្បីបំផ្លិចបំផ្លាញ និងកម្ទេចលំនៅដ្ឋានរបស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាចោលយ៉ាងកំរោល អមនុស្សធម៌ និងរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
- ម៉ោង ៧:០៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកចូលភូមិសាស្រ្តភូមិជោគជ័យ។
- ម៉ោង ៧:២០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។
- ចាប់ពីម៉ោង ៧:២៥នាទី ដល់ម៉ោង ៧:២៦នាទី យោធាថៃបានបាញ់ផ្លោង និងប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកចូលភូមិសាស្រ្តភូមិព្រៃចាន់ និងភូមិជោគជ័យ។
- ម៉ោង ៧:៤៥នាទី យោធាថៃបានបន្តបាញ់ផ្លោងយ៉ាងសន្ធប់ចូលភូមិសាស្រ្តភូមិព្រៃចាន់។
- ចាប់ពីម៉ោង ៧:៤៥នាទី ដល់ម៉ោង ១០:៥៣នាទី យោធាថៃបានបាញ់ផ្លោងកាំភ្លើងប្រភេទ ១៥៥ម.ម សរុបចំនួន ២៥គ្រាប់ ចូលក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យប្រជាជនពលរដ្ឋស៊ីវិលដែលកំពុងធ្វើដំណើរនៅលើដងផ្លូវ៥៨ បានរងរបួស និងខូចខាតទ្រព្យសម្បត្តិផងដែរ។
- ម៉ោង ៧:៥៣នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។
- ម៉ោង ៧:៥៥នាទី យោធាថៃបានបាញ់ផ្សែងពុលលើភូមិសាស្រ្តភូមិជោគជ័យ។
- ម៉ោង ៨:២២នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថពាសដែកបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យ។
- ម៉ោង ៨:២៤នាទី យោធាថៃបានបាញ់ផ្សែងពុលលើភូមិសាស្រ្តភូមិព្រៃចាន់។
- ម៉ោង ៨:៥០នាទី យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះរំលោភលើដែនអធិបតេយ្យរបស់កម្ពុជានៅខាងក្រោយភូមិសាស្រ្តភូមិជោគជ័យ។
- ម៉ោង ៩:២១នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យ។
- ម៉ោង ៩:៣៦នាទី យោធាថៃបានបាញ់ផ្លោងចំនួន ២០គ្រាប់ចូលភូមិសាស្ត្រឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
- ម៉ោង ១០:៤៥នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានព្យាយាមរុលមកខាងមុខភូមិសាស្ត្រភូមិជោគជ័យ។
ស្ថានការណ៍ជួរមុខនៅទីតាំងមួយចំនួនមានសភាពស្ងប់ស្ងាត់ ខណៈនៅតាមទីតាំងមួយចំនួនយោធាថៃនៅតែបន្តសកម្មភាពវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជានៅឡើយ ប៉ុន្តែកងកម្លាំងរបស់យើងកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងសត្រូវឈ្លានពានទឹកដី និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច៕ រក្សាសិទ្ធដោយ៖សុទ្ធលី




