ភ្នំពេញ៖ផ្ទាំងគំនូរ “សិល្បៈដើម្បីសន្តិភាព” ដែលស្ថិតនៅសួនច្បារវត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ បានបើកបង្ហាញជាផ្លូវការនាល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ។
ផ្ទាំងគំនូរនេះមានទទឹង៥ម៉ែត្របណ្ដោយ៣៥ម៉ែត្រ ប្រើរយៈពេលនៃការបង្កើតឡើងចំនួន១២ថ្ងៃ ដើម្បីបង្ហាញពីការឈឺចាប់ ការប្រមាថ ការមើលងាយ ការជាន់ឈ្លី ការធ្វើទុក្ខមុកម្នេញ និងរឿងអយុត្តិធម៌រាប់មិនអស់ ក្នុងភ្លើងសង្គ្រាមជាមួយថៃនៅក្នុងឆ្នាំ២០២៥ មកលើកម្ពុជា។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៌ថា៖ ផ្ទាំងគំនូរដែលរៀបចំឡើងនេះ បានបង្ហាញឱ្យឃើញពីសកម្មភាពដ៏សាហាវយង់ឃ្នង អសីលធម៌ អមនុស្សធម៏ អគុណធម៏និងខ្វះសេចក្តីថ្លៃថ្នូររបស់យោធាថៃ ដែលប្រើប្រាស់នូវផ្សែងពុល បាញ់ផ្លោងគ្រឿងសព្វាវុធធុនធ្ងន់និងគ្រឿងសព្វាវុធហាមឃាត់ជាច្រើនប្រភេទ ជាពិសេសបានប្រើប្រាស់យន្តហោះF16និងT50ហោះចូលយ៉ាងជ្រៅក្នុងទឹកដីកម្ពុជានិងបានបាញ់ប្រហារយ៉ាងកំរោលមកលើដែនអធិបតេយ្យកម្ពុជា ដែលបានបណ្តាលឱ្យប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជាជាច្រើននាក់បាត់បង់ជីវីតនិងរងរបួស ព្រមទាំងបានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សាលារៀន មន្ទីរពេទ្យ វត្តអារាម លំនៅដ្ឋានរបស់ប្រជាពលរដ្ឋកម្ពុជានិងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសបានធ្វើឱ្យប្រជាពលរដ្ឋរាប់សែននាក់បាត់បង់ទីលំនៅនិងកុមាររាប់ម៉ឺននាក់ ខកខានមិនបានសិក្សារៀនសូត្រ។
ឯកឧត្តម ឃួង ស្រេង បន្តទៀតថា៖ផ្ទាំងគំនូរខាងលើនេះក៏បានបង្ហាញឱ្យឃើញច្បាស់ពីខឿនការពារជាតិដ៏រឹងមាំ ដែលកើតចេញពីសកម្មភាពរបស់ប្រជាពលរដ្ឋខ្មែរនិងគ្រប់ស្រទាប់វណ្ណៈតាមរយៈការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងបុព្វហេតុការពារបូរណៈភាពទឹកដីនិងដែលអធិបតេយ្យជាតិ នៅខ្សែបន្ទាន់ព្រំដែនពីទង្វើ យោធាថៃ។
ក្នុងឱកាសនោញឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី បានមានប្រសាសន៍ថា៖ ផ្ទាំងគំនូរ “សិល្បៈដើម្បីសន្តិភាព” នេះជាផ្ទាំងគំនូរទី២ បន្ទាប់ពីសម្រេចបានផ្ទាំងគំនូរទី១ នៅខេត្តសៀមរាប។គិតមកដល់ថ្ងៃនេះ មិនបាន២សប្តាហ៍ផង យើងសម្រេចបានលទ្ធផល ដែលជាអ្វីមាននៅក្នុងអារម្មណ៍របស់ខ្លួន។ផ្ទាំងគំនូរបានឆ្លុះបញ្ចាំងពីស្មារតី ការឈឺចាប់ អ្វីដែលជាទុក្ខវេទនានិងកំហឹង ដែលយើងបានជួបប្រទះទាំងអស់គ្នានៅក្នុងឆ្នាំ២០២៥។ផ្ទាំងគំនូរនេះគ្រប់រូបភាពទាំងអស់ វាស្ថិតនៅក្នុងអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់មិនថានៅក្នុងនិងនៅក្រៅប្រទេស។ យើងឆ្លងកាត់នូវការឈឺចាប់ យើងឆ្លងកាត់នូវការប្រមាថ ការមើលងាយ ការជាន់ឈ្លី ការធ្វើទុក្ខមុកម្និញ និងរឿងអយុត្តិធម៌ដែលបានកើតឡើងមកលើយើងរាប់មិនអស់នៅក្នុងឆ្នាំ២០២៥ អារម្មណ៍របស់យើងមិនខុសគ្នាទេ។ អារម្មណ៍យើងសោគសៅបែបណា បានដាក់នៅលើផ្ទាំងគំនូរនេះទាំងអស់ ដែលបានឆ្លុះបញ្ជាំងពីអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់។
ឯកឧត្តម ហ៊ុន ម៉ានី បន្តទៀតថា ផ្ទាំងគំនូរ មិនថានៅខេត្តសៀមរាបនិងនៅរាជធានីភ្នំពេញ ជាផ្ទាំងគំនូរនាំមកនូវភាពជួបជុំ សាមគ្គីនិងស្មារតីជាតិ ដែលសម្តេចតេជោហ៊ុន សែន និងសម្តេចធិបតីហ៊ុន ម៉ាណែត បានបញ្ជាក់នូវពាក្យមួយឃ្លាថា«ខឿនការពារជាតិប្រជាជន»អ្វីដែលយើងត្រូវការចាំបាច់គឺការរួបរួម។ផ្ទាំងគំនូរ មិនមែនគ្រាន់តែជាផ្ទាំងគំនូរ ដើម្បីទុកតាំង មកមើលឃើញ ពីស្នាដៃនៃវិចិត្រករទេ តែវាជាការឆ្លុះបញ្ចាំងពីស្មារតីនិងមនោសញ្ចេតនា ស្មារតីរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី សូមអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់ទិសទីទាំងប្រជាពលរដ្ឋនៅក្រៅប្រទេស បើចង់មកលេងស្រុកកំណើត សូមមកទស្សនាផ្ទាំងគំនូរនេះ។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា៖ ផ្ទាំងគំនូរនេះ មិនមានបំណង រៀបចំឡើងដើម្បីបញ្ឆេះកំហឹង ការចងគំនុំ និងការសងសឹកណាមួយចំពោះប្រទេសជិតខាងណាមួយនោះទេ។អ្វីជាការឆ្លុះបញ្ចាំងនៃផ្ទាំងគំនូរនេះ គឺអ្វីដែលជាសច្ចៈធម៌ ដែលកើតឡើងពីសង្គ្រាម នាំមកនូវវិនាសកម្ម ការបាត់បង់ ការខ្ទេចខ្ទាំ គ្រប់ទិដ្ឋភាពទាំងអស់។
ឯកឧត្តម ហ៊ុន ម៉ានី ក្នុងឱកាសនោះបានថ្លែងនូវការអរគុណ ចំពោះវីរៈកងទ័ព វីរៈនគរបាល ដែលបានពលី ដើម្បីការពារបូរណភាពទឹកដី បន្ថែមពីនេះក៏សូមអរគុណ ចំពោះវីរៈកងទ័ព កងកម្លាំងប្រដាប់អាវុធដែលកំពុងតែបន្តឈរជើង ជាខែល ការពារជាតិនៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ ហើយក៏នឹករលឹកចំពោះពលរដ្ឋដែលជាជនភៀសសឹកផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានី បន្តថា៖ ក្នុងកាលៈទេសៈណាក៏ដោយកូនខ្មែរគ្រប់រូបមិនបំភ្លិចបានឡើយនូវអ្វីដែលយើងបានជួបប្រទះ នៅឆ្នាំ២០២៥នេះ។ ក៏ប៉ុន្តែការអំពាវនាវមិនឱ្យមានការបំភ្លេច មិនមែនមានន័យថា ឈានទៅដល់កាសងសឹងនោះទេ។តែផ្ទុយទៅវិញ វាជាមេរៀន និងចងចាំថា យើងខ្សោយគ្មាននរណាជួយយើងទេ។រឿងបែបនេះមិនមែនមានតែប្រទេសកម្ពុជាទេនៅប្រទេសគេក៏មានដែរ។ ដូច្នេះបើយើងមិនមានការរូបរួមគ្នាទេ យើងមិនអាចឆ្ពោះទៅមុខដោយភាពជោគជ័យនោះដែរ។ យើងត្រូវប្រែក្លាយ អ្វីដែលជាទុក្ខ ឱ្យក្លាយជាកម្លាំងចិត្តដាស់តឿនយើងជាប្រចាំ ដើម្បីដើរឆ្ពោះទៅមុខ៕ រក្សាសិទ្ធដោយ៖សុទ្ធលី










































