កណ្តាល៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២២នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ២នាក់ និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ចាត់ការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង អំពើ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពជនរងគ្រោះ ដោយ ធ្វើសកម្មភាពដេ.ញកា.ប់ទៅលើជនរងគ្រោះ បណ្តាលឲ្យស្លា.ប់ម្នាក់ និងរបួសធ្ងន់ពីរនាក់ ប្រព្រឹត្តនៅចំណុចលើផ្លូវបេតុងមាត់ទន្លេ មុខវត្តដើមពោធិ៍ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល ។

លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានឲ្យដឹងថា ជនត្រូវចោទ២នាក់ខាងលើមាន៖ ទី១-ឈ្មោះ វ៉ាន់ ណេត ហៅឆែប ភេទប្រុស អាយុ១៨ឆ្នាំ ។ ទី២- ឈ្មោះ ឡាត់ សុចាន់ ហៅតន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ។ អ្នកទាំងពីរ មានទីលំនៅ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។
ចំណែកឯជនរងគ្រោះ៣នាក់មាន៖ ទី១-ឈ្មោះ ស្រ៊ន ម៉េងហុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ (ស្លាប់) មានទីលំនៅភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល។ទី២-ឈ្មោះ កាំង សំណាង(ឡូ) ភេទប្រុស មានទីលំនៅភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល ។ ទី៣-ឈ្មោះ សែ សុខុម ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល ។

ពួកគេ ត្រូវបានតំណាងអយ្យាការចោទប្រកាន់ពីបទ “ហិ.ង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយសារមរណភាពជនរងគ្រោះ” តាមមាត្រា២២៥ នៃក្រមព្រហ្មទណ្ឌ ។
ជនត្រូវចោទ ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥និង៤០នាទី នៅចំណុចលើផ្លូវបេតុងមាត់ទន្លេរ មុខវត្តដើមពោធិ៍ ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



