Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរធម្មការ និងសាសនា និងចៅសង្កាត់ជ្រោយចង្វារ មិនអាចទប់ស្កាត់ ព្រះចៅអធិការវត្តប្រជុំសាគរ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ

ភ្នំពេញ ៖ បើទោះបីជាប្រធានមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ បានចុះណែនាំឲ្យព្រះតេជគុណ ជា សុខស៊ីណាត ព្រះចៅអធិការវត្តប្រជុំសាគរ (ថ្មី) ផ្អាកសកម្មភាពដឹកនាំព្រះសង្ឃ និងកម្មករ ប្រើហិង្សាមកលើអ្នកកាន់កាប់អចលនវត្ថុ ដោយសុចរិតនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិទាំងបំពាន ស្ថិតនៅចំណុចក្រោយវត្តប្រជុំសាគរ (ថ្មី) ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ យ៉ាងណាក៏ដោយក៏ ព្រះចៅអធិការវត្តប្រជុំសាគរនៅតែមិនព្រមស្តាប់តាមការណែនាំនោះទេ ដោយនៅតែបន្តសកម្មភាពយ៉ាងគឃ្លើន។

ចំពោះរឿងនេះ ប្រជាពលរដ្ឋរស់នៅភូមិ ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានដាក់ពាក្យបណ្តឹងទៅ ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ និងចៅសង្កាត់ សុំជួយដោះស្រាយនិងចាត់វិធានការទប់ស្កាត់ជាបន្ទាន់ទៅលើព្រះចៅអធិការវត្តប្រជុំសាគរ (ថ្មី) ព្រះនាម ជា សុខស៊ីណាត ដែលបានដឹកនាំព្រះសង្ឃក្នុងវត្តនិងកម្មករ កំពុងប្រើហិង្សាមកលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិតនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិទាំងបំពាន ស្ថិតនៅចំណុចក្រោយវត្តប្រជុំសាគរ (ថ្មី) ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ប៉ុន្តែការដាក់ពាក្យប្តឹងនេះ ហាក់គ្មានប្រសិទ្ធភាពទាល់តែសោះ ពោលគឺអាជ្ញាធរមូលដ្ឋាន ក៏ដូចជាមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ មិនអាចទប់ស្កាត់សកម្មភាពចៅអធិការវត្តប្រជុំសាគរ (ថ្មី) នោះទេ។

ដោយសារតែអាជ្ញាធរមូលដ្ឋានមិនអាចជួយទប់ស្កាត់សកម្មភាពរបស់ព្រះចៅអធិការវត្តប្រជុំសាគរ (ថ្មី) គឺជម្រើសចុងក្រោយរបស់ប្រជាពលរដ្ឋប្តឹងទៅតុលាការដើម្បីឲ្យជួយដោះស្រាយ និងបញ្ឈប់សកម្មភាពប្រើហិង្សាមកលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិតនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិទាំងបំពាន ស្ថិតនៅចំណុចក្រោយវត្តប្រជុំសាគរ (ថ្មី) ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ទាក់ទងករណីនេះ ប្រធានមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ និងចៅសង្កាត់ជ្រោយចង្វារ មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទមិនមានអ្នកទទួល។

ប្រជាពលរដ្ឋបានអះអាងថា “ផ្លូវប្រជាពលរដ្ឋធ្វើដំណើរទៅមករាល់ថ្ងៃ ហេតុអ្វីខ្ញុំជាប្រជាពលរដ្ឋដែរ មិនអាចប្រើផ្លូវនេះបាន ចង់បិទច្រកទ្វារយ៉ាងម៉េច ។ មកដល់ម៉ោងនេះសកម្មភាពនៅតែបន្ត ពីមួយថ្ងៃទៅមួយថ្ងៃ សំណង់កាន់តែចេញជារូបរាង ។ របងដែលធ្វើនេះស្ថិតនៅលើដីកម្មសិទ្ធរបស់នាងខ្ញុំ”។ ហេតុអ្វីបានជាមកវាយរបងផ្ទះរបស់ខ្ញុំ របងខ្ញុំមិនបានធ្វើលើព្រំដីទេ (មិនមែនជាជញ្ជាំងអឌ្ឍសិទ្ធទេ) ខ្ញុំធ្វើក្នុងដីបណ្ណ័កម្មសិទ្ធ ហើយរស់នៅទីនេះជិត៤០មកហើយ។ ឪពុកម្ដាយខ្ញុំ គាត់បានសង់របងខិតចូលក្នុង ព្រោះគាត់គិតថា ចង់អោយផ្លូវធំទូលាយ ងាយស្រួលក្នុងការធ្វើដំណើរ អាចជៀសគ្នាបាន មិនតែប៉ុណ្ណោះ ពេលមានហានិភ័យណាមួយកើតឡើងដូចជា អគ្គីភ័យ ឡានទឹកអាចចូលបាន ។ កន្លងមកចៅអធិការបានអោយគេមកធ្វើចេតិយមុខដីរបស់ខ្ញុំ បន្ទាប់ពីមានការពីតវ៉ាពីខាងខ្ញុំ លោកក៏អនុញ្ញាត្តិអោយគេធ្វើចេតិយហួសទៅដីខាងមុខទៀត ព្រោះម្ចាស់គេមិនបានតវ៉ាអីទេ។ ខ្ញុំគ្មានសិទ្ធទៅហាមឃាត់ និងប្រើសិទ្ធរបស់ខ្លួនអោយហួសដែនកំណត់ទេ។ ដីរបស់គេ ម្ចាស់គេមានសិទ្ធសម្រេច ចេញមកហាមឃាត់ឬសម្ងំនៅស្ងៀម” ។

បើយោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋឈ្មោះ សុខ ឈែ បានជម្រាបជូនប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញថា កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ព្រះចៅអធិការវត្ត ព្រះនាម ជា សុខស៊ីណាត បានដឹកនាំ ព្រះសង្ឃនិងកម្មករជាច្រើននាក់មកធ្វើសកម្មភាពវាយរបងផ្ទះនាងខ្ញុំ ហើយជីករណ្តៅបំពានលើដីនាងខ្ញុំ ធ្វើរបងបិទច្រកទ្វារចេញចូលផ្ទះនិងឃ្លាំងនាងខ្ញុំ ក្នុងគោលបំណងយកដីផ្លូវសាធារណៈជាប់របងដីនាងខ្ញុំ ដែលឪពុកម្តាយនាងខ្ញុំនឹងប្រជាពលរដ្ឋជាច្រើនគ្រួសារទៀតបានប្រើប្រាស់ចេញចូលផ្លូវនេះតាំងពីឆ្នាំ១៩៨៧ រហូតមកដល់សព្វថ្ងៃនេះ ដើម្បីយកទៅលក់ឱ្យឈ្មួញសង់ចេតិយ ទោះបីជាអាជ្ញាធរភូមិ នគរបាលប៉ុស្តិ៍ ជ្រោយចង្វារ និងអ្នកសារព័ត៌មានចុះមកសម្រួលនិងធ្វើការសម្ភាសយ៉ាងណាក៏ដោយ ក៏ព្រះចៅអធិការនិង បក្ខពួកធ្វើមិនដឹងមិនឮ នៅតែបន្តធ្វើសកម្មភាពរហូតដល់ម៉ោងជាង៧យប់ ទើបឈប់សម្រាក ហើយអាចនឹង បន្តធ្វើសកម្មភាពនៅថ្ងៃខាងមុខជាបន្តបន្ទាប់ទៀត។ ទង្វើនិងសកម្មភាពរបស់ព្រះចៅអធិការវត្តប្រជុំសាគរ (ថ្មី) និងបក្ខពួកបានបំពានដោយផ្ទាល់ទៅលើមាត្រា២៥៣ នៃច្បាប់ភូមិបាលនិងមាត្រា៤១០ (បទធ្វើឱ្យ ខូចខាតដោយចេតនា) នៃក្រមព្រហ្មទណ្ឌ។

ជាមួយគ្នានេះប្រជាពលរដ្ឋសូមប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ ជួយចាត់វិធានការ តាមផ្លូវច្បាប់ ធ្វើការទប់ស្កាត់ឱ្យព្រះចៅអធិការវត្តប្រជុំសាគរ(ថ្មី) ផ្អាកការសាងសង់ជាបណ្តោះអាសន្នរង់ ចាំការដោះស្រាយរបស់មន្ទីរធម្មការនិងសាសនាទៅតាមផ្លូវច្បាប់ ដោយក្តីអនុគ្រោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមីនា ប្រជាពលរដ្ឋបានតវ៉ារឿងព្រះចៅអធិការវត្តប្រជុំសាគរ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ធ្វើរបងបិទផ្លូវចេញចូល និងបានឱ្យកូនសិស្សវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ។

បើទោះបីអាជ្ញាធរមូលដ្ឋានចុះទៅប្រាប់អោយផ្អាកសកម្មភាពយ៉ាងណាក៏ដោយក៏ព្រះចៅអធិការវត្តប្រជុំសាគរ នៅតែបន្តសកម្មភាពដដែល។ ដោយឃើញមិនស្តាប់តាមការណែនាំសមត្ថកិច្ចក៏បានចេញពីកន្លែងកើតហេតុ។ បើទោះមានការតវ៉ាពីប្រជាពលរដ្ឋ ព្រះចៅអធិការវត្តប្រជុំសាគរ មិនបានផ្អាកសកម្មភាពធ្វើរបង និង វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋនោះទេ ។

ចំណែកព្រះតេជគុណ ជា សុខស៊ីណាត ព្រះចៅអធិការវត្តប្រជុំសាគរ ដែលដឹកនាំព្រះសិស្ស និងកូនសិស្សទៅធ្វើរបង និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋមិនធ្វើអត្ថាធិប្បាយទេ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×